GDP អាមេរិក​ក្នុង​ឆ្នាំ 2020 ដាំ​ក្បាល​ចុះ​ជ្រៅ​បំផុត​ក្នុងអំឡុង 74ឆ្នាំ​មកនេះ

ខឿនសេដ្ឋកិច្ច​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​មួយ​នេះ បាន​រួញ​ក្រញង់​មក​នៅត្រឹម 3.5% ដែល​នេះ​គឺជា​ឱនភាព​ធំ​បំផុត​រាប់​ចាប់ពី​ឆ្នាំ 1946 ហើយ​វា​ក៏​ជា​ឆ្នាំ​ដំបូង​នៃ​ការដាំ​ក្បាល​ចុះ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ចន្លោះ​ឆ្នាំ 2007-2009។

ក្រសួងពាណិជ្ជកម្ម​អាមេរិក កាលពី​ថ្ងៃទី 28 មករា បានប្រកាសថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រទេស​នេះ​កើន 4% ក្នុង​ត្រីមាស​ទី 4 នៃ​ឆ្នាំ 2020។ អត្រាកំណើន​នេះ បាន​ថយចុះ​យ៉ាងច្រើន​បើ​ធៀប​នឹង 33.4% ក្នុង​ត្រីមាស​ទី 3។ មូលហេតុ​គឺ​ដោយសារ​ការយឺតយ៉ាវរ​បស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចេញ​កញ្ចប់​ថ​វិកា​ជំនួយ​សេដ្ឋកិច្ច​ថ្មី និង​សកម្មភាព​របស់​បណ្ដា​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​ដំណើរការ​ព្រោះតែ Covid-19។

ជារួម ក្នុង​ឆ្នាំ 2020 ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​នេះ បាន​ថយ​ចុះមក​នៅត្រឹម 3.5% ដែលជា​អត្រា​ទាប​ជាងគេ​ដោយ​រាប់​ចាប់ពី​ឆ្នាំ 1946 និង​ជា​ឱនភាព​នៃ​ឆ្នាំ​ដំបូង​រាប់​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បាន​កើតឡើង​ចាប់ពី​ឆ្នាំ 2007 ដល់​ឆ្នាំ 2009។ ឆ្នាំ 2019 GDP អាមេរិក​កើន 2.2%។

វិស័យ​ស្ទើរតែ​ទាំងអស់​នៅ​សហរដ្ឋអាមេរិក បាន​ដាំ​ក្បាល​ចុះ។ ការចាយវាយ​លក្ខណ​បុគ្គល ដែល​កាន់កាប់​ជាង 2/3 នៃ​ទំហំ​សេដ្ឋកិច្ចជាតិ ក៏បាន​ថយចុះ​មក​នៅត្រឹម 3.9% កាលពី​ឆ្នាំមុន ដែល​នេះ​ក៏​ជា​ឱនភាព​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ 1932។ សហរដ្ឋអាមេរិក​បាន​ធ្លាក់ចូល​ក្នុង​ឱនភាព​សេដ្ឋកិច្ច​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ 2020។

ល្បឿន​នៃ​កំណើន​សេដ្ឋ​កិច្ច​អាមេរិក​តាម​បណ្ដា​ឆ្នាំ​

យ៉ាងនេះ​ក្ដី GDP អាមេរិក​ក៏ត្រូវ​បាន​ព្យាករ​ថា​នឹង​វិល​ត្រលប់​ទៅរក​ស្ថានភាព​មុន​វិបត្តិ​សុខភាព​នៅក្នុង​ត្រីមាស​ទី 2 ឆ្នាំ 2021។ ធនាគារកណ្ដាល​អាមេរិក (FED) កាលពី​ថ្ងៃទី 27 មករា បានសម្រេច​រក្សា​អត្រា​ការប្រាក់​ជិត 0%។ ​ទន្ទឹមនឹងនេះ FED ក៏បាន​សន្យាថា​នឹង​បន្ត​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ទៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​តាមរយៈ​ការទិញ​មូល​ប​ត្រ​បំណុល​ផងដែរ។

ក្នុង​គ្រា​ដែល Covid-19 នៅតែ​បន្ត​រាតត្បាត ក្រុម​សេដ្ឋវិទូ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​អាមេរិក​នឹង​បន្ត​ធ្វើដំណើរយឺតៗ ដោយ​កើន 2% នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2021 នេះ។ បន្ទាប់មក GDP នឹង​បង្កើនល្បឿន​នៅក្នុង​រដូវក្ដៅ នៅពេល​មាន​កញ្ចប់​ថវិកា​ជំនួយ និង​ពេលដែល​ពលរដ្ឋ​អាមេរិក​កាន់តែច្រើន​ត្រូវបាន​ចាក់​វ៉ាក់សាំង។

«យើង​យល់ថា កំណើន​នៃ​ការចាយវាយ​នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ 2021 នៅពេល​គ្រួសារ​នានា​ទទួលបាន​ខ្ទង់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​របស់លោក Biden ខណៈដែល​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជា 2/3 គិតដល់​ខែកក្កដា ត្រូវបាន​ចាក់​វ៉ាក់សាំង រូ​ក​រួម​នឹង​ទីផ្សារការងារ​បាន​បង្កើន​ល្បឿន​នៅក្នុង​រដូវ​ផ្កា​រីក» លោក Gregory Daco ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ក្រុមហ៊ុន Oxford Economics អះអាង​ដូច្នេះ៕

ប្រភព៖ Reuters

Advertisement