បេសកកម្ម​សង្គ្រោះ​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅឯ​ព្រែកជីក Suez ត្រូវ​ចំណាយ​ប្រាក់​អស់​មិនតិច​ឡើយ

កប៉ាល់​នានា​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​នៃ​ព្រែក​ជីក​ Suez

ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez របស់​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃទី 31មីនា ឆ្នាំ2021 បានឱ្យដឹងថា បញ្ហា​ជាប់គាំង​របស់​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បាន​បណ្ដាលឱ្យ​ចរាចរណ៍​ផ្លូវទឹក​នៃ​ព្រែក​នេះ​ត្រូវ​ស្ទះ​អស់​រយៈពេល 6ថ្ងៃ ហើយ​ការចំណាយ​សម្រាប់​សកម្ម​ភាព​ជួយសង្គ្រោះ អាច​កើន​ដល់ 1ពាន់​លាន​ដុល្លារ​អាមេរិក។

«យើង​នឹង​បន្ត​គណនា​ទៅលើ​ការចំណាយ​ទាំងអស់​ដែល​ត្រូវបាន​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ដំបូង​នៃ​ហេតុការណ៍​ជាប់គាំង។ល។ តួលេខ​សរុប​គឺ​ប្រហែល 1ពាន់​លាន​ដុល្លារ​អាមេរិក» នេះ​បើតាម​សម្ដី​របស់លោក Osama Rabia ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ព្រែក​ជី Suez ដែល​បាន​ប្រាប់​ទូរទស្សន៍ Sada el-Balad TV របស់​ប្រទេស​អេ​ហ្ស៊ី​ប។

ក្រៅពីនេះ លោក Rabia កន្លងមក​ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បាន​ខាតបង់​ប្រាក់​ដែល​ត្រូវ​ប្រមូលបាន​ពី​ថ្លៃ​ប្រើប្រាស់​ព្រែក Suez ចំនួន 14លាន​ដុល្លារ/ថ្ងៃ ដោយសារតែ​បញ្ហា​ស្ទះផ្លូវ​ទឹក​ដ៏​សំខាន់​នេះ។

ព្រែក​ជីក Suez តភ្ជាប់សមុទ្រ​​មេឌី​ទែរ៉ាណេ​​ ទៅ​កាន់​សមុទ្រ​ក្រហម​ ដោយ​ឆ្លង​កាត់​តំបន់​ Isthmus of Suez និង​បែង​ចែក​ទ្វីប​អាហ្វ្រិក​ និង​ទ្វីប​អាស៊ី​

បច្ចុប្បន្ន កប៉ាល់ Ever Given ដែលជា​កម្មសិទ្ធិ​របស់​ប្រទេស​ជប៉ុន គ្រប់គ្រង​ដោយ​តៃវ៉ាន់ និង​ដោត​ទង់ជាតិ Panama នេះ ត្រូវបាន​សង្គ្រោះ និង​អូស​ទៅកាន់​បឹង Great Bitter។ កប៉ាល់​នេះ​នឹងត្រូវ​នៅលើ​បឹង រហូតដល់​ការស៊ើបអង្កេត​រក​មូល​ហេតុ​ត្រូវ​បានបញ្ចប់។

លោក Rabia បន្តថា ក្រុម​នាវិក​របស់​កប៉ាល់ Ever Given នៅ​មិនទាន់​ប្រគល់​ប្រអប់​ខ្មៅ​របស់​កប៉ាល់ រួម​នឹង​លិខិតផ្សេងៗមកឱ្យ​សមត្ថកិច្ច​អេ​ហ្ស៊ី​ប​ដើម្បី​ត្រួតពិនិត្យ​នៅឡើយ។

កប៉ាល់ Ever Given បាន​ជាប់គាំង និង​រាំងស្ទះ​ផ្លូវទឹក​របស់​ព្រែកជីក Suez កាលពី​ថ្ងៃទី 23មីនា 2021។ យោងតាម​ការស្រាវជ្រាវ ការដឹកជញ្ជូន​តាម​សមុទ្រ​នៅ​ទូទាំង​ពិភពលោក ប្រហែលជា​ត្រូវ​ចំណាយពេល 6ខែ​ទៀត ទើប​អាច​ត្រលប់​មករក​ភាព​ដើម​វិញ​បាន។

លោក Ferdinand de Lesseps ជា​ជាតិ​បារាំង និង​​ជា​អ្នក​បង្កើត​ក្រុមហ៊ុន Suez Canal Company ហើយ​​​​ព្រែកជីក​​ Suez ក៏​​ត្រូវបាន​ជីក​ចាប់ពី​ឆ្នាំ1859 ដល់​ឆ្នាំ1869 និង​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ1869៕

ប្រភព​៖ ABC
ប្រែសម្រួល​៖ បុត្រា

Advertisement