តម្លៃ Bitcoin ត្រលប់​មករក​ចំណុច 60,000ដុល្លារ/bitcoin ធ្វើឱ្យ​អ្នកវិនិយោគ មាន «ទឹកមាត់» លេប​បន្តទៀត

ដោយសារ​តែមាន​ដំណឹង​វិជ្ជមាន​ច្រើន​នាពេលថ្មីៗនេះ តម្លៃ​របស់ Bitcoin កំពុងតែ​ត្រូវបាន​អូស​ឡើងដល់​ចំណុច​ដែល​វា​ធ្លាប់បាន​ឡើងដល់​កាលពី​ពាក់កណ្ដាល​ខែមីនា នោះ​គឺ​តម្លៃ 60,000ដុល្លារ​អាមេរិក​ក្នុង 1 Bitcoin។

នៅក្នុង​ការជួញដូរ​ដំបូង​នៃ​ខែមេសា​នេះ Bitcoin បាន​ឡើងថ្លៃ​ដល់ 60,000ដុល្លារ/bitcoin ដូច​កាលពី​ពាក់កណ្ដាល​ខែមីនា​កន្លង​ទៅ ដែល​លទ្ធផល​នេះ​ត្រូវបាន​គេ​មើលឃើញថា ដោយសារ​ព័ត៌មានល្អៗជាច្រើន​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ជះឥទ្ធិពល​របស់​ការជួញដូ​រ Bitcoin របស់​ក្រុម​អ្នកវិនិយោគ​ក្នុង​ទ្វីបអាស៊ី។

ថ្មីៗនេះ មាន​ព័ត៌មាន​ថា Goldman Sachs នឹង​បង្ហាញ​បណ្ដាញ​វិនិយោគ​លើ​ប្រាក់​ឌីជីថល​សម្រាប់​អតិថិជន នៅក្នុង​រង្វង់ 3ខែ​ទៀត ខណៈដែល BlackRock ក៏បាន​បោះទុន 6.5លាន​ដុល្លារ​ដើម្បី​ទិញ​កិច្ចសន្យា​អនាគត​របស់ Bitcoin កាលពីដើមឆ្នាំ។ តម្លៃ​នៃ​កិច្ចសន្យា​នេះ​បាន​កើន​បន្ថែម 360,000ដុល្លារ​អាមេរិក គិត​ត្រឹម​ពេល​មាន​របាយការណ៍។

ការឡើង​ថ្លៃ​របស់ Bitcoin នៅ​ដើមខែ​មេសា​នេះ បាន​នាំមក​នូវ «ការសប្បាយរីករាយ» នៅក្នុង​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក។ ភ្លាមៗក្រោយ​ការឡើង​ថ្លៃ​នេះ មហាសេដ្ឋី Elon Musk ក៏បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ Twitter ជំរុញ​ឱ្យ​តម្លៃ​របស់​ប្រាក់​ឌីជីថល Dogecoin ឡើងថ្លៃ​យ៉ាងខ្ពស់ ដោយមាន​អ្នកទិញ​ច្រើន។

មុននេះ Bitcoin បាន​បង្កើត​កំណត់ត្រា​ថ្មី​ជាមួយនឹង​តម្លៃ 60,000ដុល្លារ/bitcoin កាលពី​ថ្ងៃទី14មីនា ប៉ុន្តែ ក្រោយមក​វា​ក៏បាន​ដាំ​ក្បាល​ចុះ។

បច្ចុប្បន្ន Bitcoin កំពុង​បន្ត​ឡើងថ្លៃ ដែល​រុញច្រាន​តម្លៃ​ឱ្យ​ត្រលប់​ទៅរក​ចំណុច 60,000ដុល្លារ។ ក៏ប៉ុន្តែ មិនមាន​អ្វី​មក​ធានាបាន​ថា រូបិយវត្ថុ​អេឡិចត្រូនិក​នេះ​នឹង​បំបែក​កំណត់ត្រា​ចាស់ ឬ​ដាំ​ក្បាល​ចុះ​នោះឡើយ៕

ប្រភព​៖ Coinmarketcap
ប្រែសម្រួល​៖ បុត្រា

Advertisement