តម្លៃ​មូលធន​ទីផ្សារ​នៃ​រូបិយវត្ថុ​​អេឡិច​ត្រូនិក​ នៅ​ទូទាំង​ពិភពលោក កើន​ឡើង​​ដល់ 2,000,000,000,000​ដុល្លារ​អាមេរិក​

រូបិយវត្ថុអេឡិច​ត្រូនិក​ Bitcoin, Ethereum, Ripple និង Litecoin

ការឡើង​ថ្លៃ​នៃ​ប្រាក់​អេឡិចត្រូនិក/ឌីជីថល (cryptocurrency) ដែល​នាំមុខ​ដោយ Bitcoin បានអូសបន្លាយ​ជាច្រើន​ខែ​កន្លងមក ហើយ​ពួកវា​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​ឯកជន និង​ក្រុមហ៊ុនធំៗជាច្រើន​ផងដែរ។

​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CoinGecko និង Blockfolio បាន​បង្ហាញថា បច្ចុប្បន្ន មូលធន​ទីផ្សារ​នៃ​រូបិយវត្ថុ​អេឡិចត្រូនិក​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ 2លាន​លាន (2,000,000,000,000) ដុល្លារ​អាមេរិក (ស្មើនឹង 8,086,905,117,150,951រៀល) ដែលជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

ក្នុងចំណោម​រូបិយវត្ថុ​អេឡិចត្រូនិក​ទាំងអស់ គេ​ឃើញថា Bitcoin កំពុងតែ​នាំមុខគេ និង​ត្រូវបាន​ប្រើប្រាស់​ច្រើន​បំផុត។ តម្លៃ​មូលធន​ទីផ្សារ​របស់ Bitcoin ក៏​បង្កើតបាន​កំណត់ត្រា​ថ្មី ដោយបាន​រក្សា​ត្រឹម 1លាន​លាន​ដុល្លារ​អាមេរិក​ពេញ​មួយ​សប្ដាហ៍​កន្លងទៅ។ បច្ចុប្បន្ន ប្រាក់​នេះ​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ 59,000ដុល្លារ​អាមេរិក​/​bitcoin។

ចាប់ពី​ពេល​តម្លៃ​កើន​ដល់ 61,000ដុល្លារ Bitcoin ក៏ត្រូវ​ជួញដូរ​ក្នុង​កម្រិត​តូចចង្អៀត។ ក្រុមអ្នកវិភាគ​និយាយ​ថា ឱ្យតែ Bitcoin រក្សាបាន​តម្លៃ​លើ 53,000ដុល្លារ/bitcoin នោះ​ប្រាក់​នេះ​នឹង​រក្សាបាន​មូលធន​ទីផ្សារ​របស់ខ្លួន ត្រឹម 1លាន​លាន​ដុល្លារ​អេ​មេ​រិ​ក។

អំពី Ethereum ដែលជា​រូបិយវត្ថុ​អេឡិចត្រូនិក​មាន​មូលធន​ទីផ្សារ​ធំជាងគេ​លំដាប់​ទី​ពីរ បច្ចុប្បន្ន​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 2,100ដុល្លារ/ethereum។ មូលធន​ទីផ្សារ​របស់​ប្រាក់​នេះ បច្ចុប្បន្ន​កើន​ដល់ 244ពាន់​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ឆ្នាំនេះ Bitcoin បាន​ឡើងថ្លៃ​ជាង 100% ចំណែក Ethereum វិញ ឡើងថ្លៃ​ជិត 190%។ មូលហេតុ​ចម្បង​ដែលនាំឱ្យ​តម្លៃ​របស់​រូបិយវត្ថុ​ទាំងនេះ​ឡើងថ្លៃ​ខ្ពស់​គឺ​ដោយសារ​ក្រុមហ៊ុនធំៗ មានដូចជា Tesla និង BNY Mellon ជាដើម បាន​បង្កើន​ការវិនិយោគ​ទៅក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក​ទាំងនេះ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement