កំលោះ​ជនជាតិ​អាល្លឺម៉ង់ វ័យ18ឆ្នាំ ក្លាយជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក

បណ្ដាញ​ឱសថ​ស្ថាន​drogerie markt

កំលោះ​ជនជាតិ​អាល្លឺម៉ង់ វ័យ18ឆ្នាំ ឈ្មោះ Kevin David Lehmann គឺជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ក្នុង​ពិភពលោក ដែល​ទើប​ត្រូវបាន​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes ប្រកាស​កាលពី​ថ្ងៃទី 6មេសា។

នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ខាងលើ Kevin David Lehmann គឺជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត និង​មានទ្រព្យ 3.3ពាន់​លាន​ដុល្លារ​អាមេរិក។ Kevin David Lehmann ទទួលបាន​មរតក​ជា​ភាគហ៊ុន​ចំនួន 50% ពី​ឪពុក​ខ្លួន នៅក្នុង​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​ឱសថស្ថាន drogerie markt របស់​អាល្លឺម៉ង់។ ជាក់ស្ដែង Kevin David Lehmann បានទទួល​ភាគហ៊ុន​នេះ​តាំងតែ​ពី​ទើប​មាន​អាយុ14ឆ្នាំ ពី​ឪពុក ឈ្មោះ Guenther ប៉ុន្តែ​ក្នុង​ទម្រង់​ផ្ដល់​សិទ្ធិ​បែប​ផ្សេង។ នៅ​ខែកញ្ញា 2020 ពេល​មាន​អាយុ​ពេញ 18ឆ្នាំ Kevin ក៏​កាន់កាប់​ពេញសិទ្ធិ​លើ​ភាគហ៊ុន​ទាំងនេះ ហើយក៏​មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក។

ក៏​ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​នោះ​គឺ​ថា មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​បាន​ស្គាល់​មុខ​មាត់​របស់​កំលោះ​ Kevin David Lehmann ​នៅ​ឡើយ​ ដោយ​សារ​ថា សូម្បី​តែ​ Forbes ក៏​មិន​បាន​បង្ហាញ​រូប​ថត​របស់​មហា​សេដ្ឋីរូប​នេះ​ដែរ​។

ក្រុមហ៊ុន drogerie markt ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Goetz Werner កាលពី​ឆ្នាំ 1973 និង​មាន​ឱសថស្ថាន​ដំបូង​នៅ​តំបន់ Karlsruhe ប្រទេស​អាល្លឺម៉ង់។ ក្រោយ​ដំណើរការបាន​មួយឆ្នាំ លោក Guenther Lehmann ដែល​កាលណោះ​កំពុង​គ្រប់គ្រង​បណ្ដាញ​ហាង​លក់​គ្រឿងទេស Pfannkuch របស់​គ្រួសារ ក៏បាន​វិនិយោគ​ទៅលើ drogerie markt ហើយ​ក៏មាន​ភាគហ៊ុន 50% នៅក្នុង​បណ្ដាញ​ឱសថស្ថាន​នេះ។

បច្ចុប្បន្ន drogerie markt គឺជា​ឱសថស្ថាន​ដែលមាន​កេរ្ដិ៍ឈ្មោះ​ល្អ និង​លេចធ្លោ​ជាងគេ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់។ ដោយមាន​បុគ្គលិក 50,000នាក់ និង​ហាង​ចំនួន 2,900កន្លែង នៅក្នុង​ប្រទេស​ចំនួន12 drogerie markt ត្រូវបាន​កំណត់​តម្លៃ​ប្រមាណ 6.5ពាន់​លាន​ដុល្លារ​អាមេរិក និង​រកបាន​ចំណូល​រហូតដល់ 12ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ៕

Advertisement