លោក Trump ធ្លាក់300ថ្នាក់ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ Forbes ខណៈ​ពិភពលោក​មាន​មហាសេដ្ឋី​ថ្មី​ជាង600នាក់​ក្នុង​ឆ្នាំ​2021

អតីត​ប្រធានាធិបតី​អាមេរិក លោក​ Donald Trump

ក្រោយ​ការឡើង​ដឹកនាំ​ប្រទេស​អាមេរិក ទ្រព្យសម្បត្តិ​របស់​អតីត​ប្រធានាធិបតី Donald Trump បាន​ថយចុះ​ពី 3.5ពាន់​លាន​ដុល្លារ មក​នៅត្រឹម 2.4ពាន់​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន លោក Trump ស្ថិតនៅ​លេខ​រៀង​ទី 1,299 នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ Forbes ដូច្នេះ លោក​បាន​ធ្លាក់ចុះ​អស់ 300ថ្នាក់ បើ​ធៀប​នឹង​ឆ្នាំមុន។

ថ្មីៗនេះ ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​អាមេរិក បានប្រកាស​បញ្ជី​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់ខ្លួន​ស្ដីអំពី​មហា​សេដ្ឋី​​ពិភព​លោក ​ដែល​កំពុង​រកស៊ី​ក្នុង​វិស័យផ្សេងៗ តាំងពី​បច្ចេកវិទ្យា ហិរញ្ញវត្ថុ វិនិយោគ រហូតដល់​វិស័យ​សម្លៀកបំពាក់ និង​លក់រាយ។ល។

នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់​ឆ្នាំនេះ មាន​មហាសេដ្ឋី​សរុប​ចំនួន2,755នាក់ ច្រើនជាង660នាក់ បើ​ធៀប​នឹង​ឆ្នាំមុន។ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ថ្មី​នេះ មាន​មហាសេដ្ឋី​ថ្មី​ចំនួន493នាក់។ នៅក្នុង​អំឡុង​មួយឆ្នាំ​កន្លងទៅនេះ គិត​ជា​មធ្យម រៀងរាល់17ម៉ោង​គឺមាន​វត្តមាន​មហាសេដ្ឋី​ថ្មី​ម្នាក់។

យោងតាម​តារាង​ចំណាត់ថ្នាក់​របស់ Forbes លោក Trump ជាប់​ចំណាត់ថ្នាក់​ទី1,299 ដោយមាន​ទ្រព្យ 2.4ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ2020 លោក Trump ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី1,001 នៅក្នុង​បញ្ជី​ប្រចាំឆ្នាំ​មួយ​នេះ។

នៅក្នុង​គ្រា​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​កាលពី​ខែមករា2017 ទ្រព្យសម្បត្តិ​របស់លោក Trump បាន​ឡើងដល់ 3.5ពាន់​លាន​ដុល្លារ។ ដូច្នេះ នៅពេល​ចាក​ចេញពី​សេត​វិមាន ទ្រព្យ​របស់លោក​បាន​ថយចុះ​អស់​ជិត1/3 នៃ​ទ្រព្យ​សរុប។ យោងតាម Forbes ការដែល​លោក Trump ត្រូវ​ទម្លាក់​ចំណាត់ថ្នាក់​គឺ​ដោយសារ​ការ​តាម​មិនទាន់​ល្បឿន​នៃ​កំណើន​របស់ទ្រព្យ​របស់​មហាសេដ្ឋីផ្សេងៗ ក្នុងនោះ មូលហេតុ​ចម្បាំង​ដែលនាំឱ្យ​មាន​បញ្ហា​នេះ នោះ​គឺ​ការថយចុះ​នៃ​ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍ ព្រោះថា ចំណូល​មួយចំនួនធំ​របស់លោក Trump គឺ​បានមកពី​សណ្ឋាគារ។

យោងតាម Bloomberg ប្រាក់ចំណូល​ដែល​បានមកពី​សណ្ឋាគារ​នានា​នៅ Washington DC និង Las Vegas របស់​ក្រុមហ៊ុន Trump Organization ក្នុង​ឆ្នាំ2020 បាន​ថយចុះ​ជាង​ពាក់កណ្ដាល បើ​ធៀប​នឹង​ឆ្នាំ2019។ ចំណូល​ផ្សេង​ក្រៅពីនេះ ក៏មាន​ការថយចុះ​ច្រើន។

យោងតាម​ទស្សនាវដ្ដី​ Forbes តម្លៃ​សរុប​នៃ​ទ្រព្យ​សុទ្ធ​របស់​ក្រុម​មហាសេដ្ឋី​ពិភពលោក​នា​ឆ្នាំ​2021​នេះ​គឺ 13.1លាន​លាន (13,100,000,000,000) ដុល្លារ​អាមេរិក កើន 5.1លាន​លាន (5,100,000,000,000) ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ2020។ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេបង្អស់ (724នាក់) ខណៈដែល​ចិន​មាន 698នាក់ ឈរ​លំដាប់​ទី​ពីរ។

ស្ថាបនិក​របស់ Amazon លោក Jeff Bezos បន្ត​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក នៅក្នុង​រយៈពេល4ឆ្នាំជាប់ៗគ្នា​នេះ។ លោក Bezos មានទ្រព្យ​សរុប​ចំនួន 177ពាន់​លាន​ដុល្លារ។ ឈរលើ​ចំណាត់ថ្នាក់​លេខ​ពីរ​គឺ CEO របស់ Tesla លោក Elon Musk ដោយមាន​ទ្រព្យ 151ពាន់​លាន​ដុល្លារ​អាមេរិក។ នៅក្នុង​ចំណោម​មហាសេដ្ឋី​ទាំង10រូប​ដែលមាន​ទ្រព្យ​ច្រើន​ជាង​គេ​​ក្នុង​​ពិភពលោក​គឺមាន8នាក់​ជា​ជនជាតិ​អាមេរិកាំង៕

ប្រភព​៖ Forbes, Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement