កំពូល​អ្នកមាន​មួយរូប​នៅ​កម្ពុជា មានឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក ឆ្នាំ2021 របស់ Forbes

មហា​សេដ្ឋី តាន់​ស៊ី (Tan Sri Dr. Chen Lip Keong)

កាលពី​ថ្ងៃទី6 ខែមេសា ឆ្នាំ2021 ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​សហរដ្ឋអាមេរិក បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​ក្រុម​មហាសេដ្ឋី​ពិភពលោក សម្រាប់​ឆ្នាំ2021 ក្នុងនោះ​ក៏មាន​មហាសេដ្ឋី​នៅ​កម្ពុជា​មួយរូប​ផងដែរ។

ឧកញ៉ា តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) ដែលជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន NagaWorld គឺជា​មហាសេដ្ឋី​មួយរូប​ដែល​ត្រូវបាន​ទស្សនាវដ្ដី Forbes បញ្ចូល​ឈ្មោះ​ទៅក្នុង​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​​ប្រចាំ​ឆ្នាំ​2021​របស់​ខ្លួន​​ថា ជា​មហាសេដ្ឋី​របស់​កម្ពុ​ជា។ មហាសេដ្ឋី តាន់ ស៊ី ជាប់​ចំណាត់ថ្នាក់​លេខ622 នៅក្នុង​ចំណោម​មហាសេដ្ឋី​​ទាំង​2,674​រូប​ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​របស់ Forbes ដោយមាន​ទ្រព្យ​សរុប​ចំនួន4.6ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​ឧកញ៉ា តាន់ ស៊ី (កណ្ដាល) កាល​ពី​ឆ្នាំ​2017

ទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រភព​ចំណូល​របស់​មហាសេដ្ឋី តាន់ ស៊ី ភាគច្រើន​បានមកពី​កាស៊ីណូ និង​អចលនទ្រព្យ ហើយ​ថា លោក​គឺជា​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយ​ខ្លួនឯង ពោលគឺ​ទ្រព្យ​យ៉ាង​ស្ដុកស្ដម្ភ​របស់លោក មិនមែន​បានមកពី​កេរ​មរតក​ដូនតា​នោះទេ។

មហាសេដ្ឋី​វ័យ73ឆ្នាំ​រូបនេះ​គឺជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ចិន។ ដើមឡើយ លោក តាន ស៊ី មាន​អាជីព​ជា​គ្រូពេទ្យ បន្ទាប់មក​ក៏បាន​ក្លាយជា​មហាសេដ្ឋី​ជា​លើកដំបូង​នៅក្នុង​វិស័យ​កាស៊ីណូ ជាមួយនឹង NagaCorp ជា​ក្រុមហ៊ុន​កាស៊ីណូ​កម្ពុជា​ដំបូង​គេ​ដែល​ត្រូវបាន​ចុះបញ្ជី​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​កុង​កុង និង​ជា​ក្រុមហ៊ុន​ដំបូង​ដែល​រកស៊ី​នៅ​កម្ពុជា ជា​ចម្បង។ នៅ​ភ្នំពេញ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NagaCorp គឺ NagaWorld ត្រូវបាន​គេ​ស្គាល់​ច្រើនជាងគេ។ NagaWorld ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ1995 នៅ​ភ្នំពេញ ហើយ​អាជ្ញាប័ណ្ណ​កាស៊ីណូ​របស់​ក្រុមហ៊ុន​នេះ មាន​សុពលភាព​រហូតដល់​ឆ្នាំ2065 និង​ទទួលបាន​សិទ្ធិផ្ដាច់មុខ​ក្នុងការ​រកស៊ី​ក្នុង​វិស័យ​កាស៊ីណូ​នៅ​ភ្នំពេញ​រហូតដល់​ឆ្នាំ2035។

លោក​ តាន់ ស៊ី (រូប​ភាព​៖ Forbes)

នៅក្នុង​គ្រា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា Covid-19 ឧកញ៉ា តាន់ ស៊ី ថ្មីៗនេះ​ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន5លាន​ដុល្លារ​អាមេរិក​ផងដែរ សម្រាប់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ៕

ប្រភព៖ Forbes
ដកស្រង់ និង​ប្រែ​សម្រួល៖ បុត្រា

Advertisement