ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ពីររូប​នៃ​ក្រុមហ៊ុន Google កើនឡើង​លើស 100ពាន់​លាន​ដុល្លារ

Page និង Brin

«មូល​ប​ត្រ​បច្ចេកវិទ្យា​បាន​ឡើងថ្លៃ ជួយ​ឱ្យ Larry Page និង Sergey Brin មានឈ្មោះ​នៅក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100ពាន់​លាន​ដុល្លារ​អាមេរិក» នេះ​បើតាម Bloomberg Billionaires Index។

Larry Page បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 104ពាន់​លាន​ដុល្លារ ខណៈដែល Sergey Brin មាន 100ពាន់​លាន​ដុល្លារ។ ចាប់ពី​ដើមឆ្នាំ​មកនេះ ពួកគេម្នាក់ៗរកបាន​ជាង 20ពាន់​លាន​ដុល្លារ​ឯណោះ។

Advertisement

មូល​ប​ត្រ​អាមេរិក នៅក្នុង​ការជួញដូរ​កា​ល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បង្កើត​កំណត់ត្រា​ថ្មី ដោយសារតែ​ក្រុម​អ្នកវិនិយោគ​ជឿជាក់​លើ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច។ ស​ន្ទ​ស្សន៍ Nasdaq 100 បាន​កើន​ជាង 7% ក្នុងឆ្នាំនេះ។ មូល​ប​ត្រ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ក៏បាន​កើនឡើង​ពេញ​ពីរ​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជំនះ​ក្នុង​រឿងក្ដី​នៅ​តុលាការ ទាក់ទង​នឹង​បញ្ហា​កម្មសិទ្ធិ​បញ្ហា។

Sergey Brin

សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​សែន​លាន​ដុល្លារ​អាមេរិក​របស់​ពិភពលោក បច្ចុប្បន្ន​មាន​ចំនួន 8រូប ដែល​ស្ទើរតែ​ទាំងអស់​សុទ្ធតែជា​មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក។ ក្រុម​នេះ​កាន់កាប់​ទ្រព្យ​ជាង 1លាន​លាន (1,000,000,000,000) ដុល្លារ​អាមេរិក និង​រកបាន 110ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

ឆ្នាំ2017 Jeff Bezos ដែលជា​ស្ថាបនិក​របស់ Amazon គឺជា​បុគ្គល​ដំបូង​គេ​ដែលមាន​ទ្រព្យ​ចំនួន 100ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ពេលដែល​ទ្រព្យ​របស់ Bill Gates បាន​ឡើងដល់​ចំណុចកំពូល​នេះ​កាលពី​ឆ្នាំ1999។ ទ្រព្យសម្បត្តិ​របស់​ហស​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft នេះ បាន​ធ្លាក់ចុះ​បន្ទាប់ពី​យុគសម័យ dotcom ប៉ុន្តែ​ក៏បាន​ងើប​ឡើងដល់​ចំណុច 100ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019។ លោក Elon Musk ដែលជា CEO របស់ Tesla និង​លោក Mark Zuckerberg ជា​សហ​ស្ថាបនិក​របស់ Facebook បាន​ក្លាយជា​សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​សែន​លាន​ដុល្លារ​នេះ​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ2020 នៅពេល​វិស័យ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុងសម័យ​Covid-19។

Larry Page

កំពូល​អ្នកវិនិយោគ Warren Buffett បច្ចុប្បន្ន​ក៏មាន​ទ្រព្យ​ចំនួន 101ពាន់​លាន​ដុល្លារ​អាមេរិក។ អ្នកជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់ លោក Bernard Arnault ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH ក៏មាន​ឈ្មោះ​នៅក្នុង​ក្លឹប​ខាងលើ ដោយមាន​ទ្រព្យ​សរុប 132ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement