វ័យ36 របស់សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Facebook ៖ ក្លាយជា «មនុស្សមិនអាចប៉ះពាល់បាន» ខណៈទ្រព្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស

គ្រាន់តែ​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Mark Zuckerberg បាន​កើន​ជាង40ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដែល​​តួលេខ​នេះ មនុស្ស​ភាគច្រើន​ត្រូវ​រកស៊ី​អស់​ច្រើន​ជាតិ​ក៏​រក​មិនបាន​ស្មើនឹង​មួយ​ភាគ​តូច​នោះដែរ។

ឆ្នាំ2020 កន្លងទៅ គឺជា​ពេលវេលា​ដែល​សហ​ស្ថាបនិក​របស់ Facebook បាន​ឆ្លងកាត់​ឧបសគ្គ និង​ជួប​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​នៅក្នុង​មុខ​ជំនួញ​របស់ខ្លួន។

ម្ចាស់​ក្រុមហ៊ុន Facebook ត្រូវបាន​សភា​អាមេរិក​កោះហៅ​ទៅ​សួរនាំ​ជាច្រើនលើក ហើយ​លោក​ក៏បាន​ប្រឹងប្រែង​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត​ស្ដីអំពី Covid-19 រួម​នឹង​ការបិទ​គណនី​របស់​អតីត​ប្រធានាធិបតី Donald Trump ព្រមទាំង​ការ​រាំង​ខ្ទប់​​មិន​ឱ្យ​​អូស្ត្រាលី​​ប្រើប្រាស់ Facebook ទៀតផង។

កាលពីដើម​ខែមេសា​នេះ បញ្ហា​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook ចំនួន 533គណនី បានធ្វើឱ្យ​លោក​ Mark Zuckerberg ឈឺក្បាល​ម្ដងទៀត។ ប៉ុន្តែ បញ្ហា​នេះ ទំនងជា​មិនបាន​ជះឥទ្ធិពល​អ្វី​ដល់​មហាសេដ្ឋី​រូបនេះ​ឡើយ។ ទីភ្នាក់ងារសារព័ត៌មាន​ជាច្រើន​បាន​ហៅ​គាត់​ថា ជា​មនុស្ស​ដែល «មិនមាន​អ្នកណា​ប៉ះពាល់​បាន» នៅក្នុង​វិស័យ​បច្ចេកវិទ្យា។

លោក Mark Zuckerberg និង​ភរិយា​

នៅក្នុង​វ័យ 36ឆ្នាំ Zuckerberg កំពុង​តែមាន​ឡើង​យ៉ាង​ឆាប់រហ័ស។ កាលពី​រដូវក្ដៅ​ឆ្នាំទៅ បន្ទាប់ពី Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​នៅលើ Instagram ដើម្បី​ប្រជែង​ជាមួយ TikTok នៅ​សហរដ្ឋអាមេរិក ទ្រព្យ​របស់ Zuckerberg ក៏បាន​កើនឡើង​ដល់ 100ពាន់​លាន​ដុល្លារ​ជា​លើកដំបូង។

យោងតាម​សារព័ត៌មាន Business Insider គិត​ដោយឡែក​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Zuckerberg បាន​កើន​ជាង 40ពាន់​លាន​ដុល្លារ។ ជាមួយនឹង​តួលេខ​នេះ បើ​ធៀប​នឹង​ពលរដ្ឋ​ភាគច្រើន​ក្នុង​ពិភពលោក គេ​ត្រូវការ​ពេល​រកស៊ី​រាប់​ជាតិ​ឯណោះ ទើប​អាច​រកបាន​ស្មើនឹង​មួយចំណែក​តូច។

ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់ Zuckerberg គឺ​បានមកពី​ភាគហ៊ុន​ចំនួន 13% របស់គាត់​នៅក្នុង​ក្រុមហ៊ុន Facebook បើទោះជា​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ ត្រឹមតែ 1ដុល្លារ។ បច្ចុប្បន្ន លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ​សរុប ចំនួន 114ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ BI
ប្រែសម្រួល​៖ បុត្រា

Advertisement