CEO ផ្សារ​រូបិយវត្ថុ​ឌីជីថល Thodex នាំយក​ប្រាក់ 2ពាន់​លាន​ដុល្លារ​អាមេរិក រត់ចោលស្រុក៖ អ្នកវិនិយោគ 400,000នាក់ យំ​លែងចេញ

ប្រធានាធិបតី​ប្រទេស​ទួរគី Recep Tayyip Erdogan ធ្លាប់បាន​ព្រមាន​អំពី​សញ្ញា​នៃ​ការបំពានច្បាប់ និង​ថា​មាន​រូបភាព​បោកប្រាស់​នៃ​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក ក៏ប៉ុន្តែ ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ស្ដាប់​តាម​នោះទេ។

សមត្ថកិច្ច​នៃ​ប្រទេស​ទួរគី ថ្មីៗនេះ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន 60នាក់ ដែល​ទាក់ទិន​នឹង​ផ្សារ​រូបិយវត្ថុ​អេឡិច​ត្រូនិក Thodex ទន្ទឹមនឹង​ការប្រកាស​តាម​ចាប់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ ចំពោះ​នាយក​ប្រតិបត្តិ​ឈ្មោះ Faruk Fatih Ozer ដោយ​ចោទ​ពីបទ​បោកប្រាស់។

សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា CEO នៃ​ផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex បានគេច​ខ្លួន​ទៅកាន់​ប្រទេស​ថៃ តាម​ជើងហោះហើរ Istanbul និង​បាន​នាំយក​ទ្រព្យ​របស់​អ្នកវិនិយោគ​ចំនួន 2ពាន់​លាន​ដុល្លារ​ទៅតាម​ខ្លួន។ បញ្ហា​នេះ​បានធ្វើឱ្យ​កក្រើក​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក​ក្នុង​ពិភពលោក។ នៅពេល​ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិច​ត្រូនិក Thodex ត្រូវបាន​បិទទ្វារ ហើយ​ក្រុម​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ (speculation) ក៏​មិនអាច​ចូលទៅ​កាន់​គណនី​របស់​ខ្លួន​បាន ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ប្រទេស​ទួរគី ក៏​ចាប់​ផ្ដើមធ្វើ​ការស៊ើបអង្កេត។

CEO Faruk Fatih Ozer របស់​ Thedox​ នៅ​ព្រលាន​យន្ត​ហោះ​ Istanbul

សារព័ត៌មាន Demiroren News Agency ថ្មីៗនេះ បាន​ចុះផ្សាយ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ដែល CEO Faruk Fatih Ozer កំពុង​ប្រញាប់ប្រញាល់​ចាក​ចេ​ញ្ពី​ប្រទេស​ទួរគី នៅឯ​ព្រលានយន្តហោះ Istanbul។ លោក Ozer ក៏បាន​បិទ​រាល់​មធ្យោបាយ​ទំនាក់ទំនង និង​បាន​បាត់​ខ្លួន​ទាំងស្រុង បន្ទាប់ពី​ធនាគារជាតិ​ទួរគី បាន​ហាម​ទូទាត់​ដោយ​ប្រើ​រូបិយវត្ថុ​អេឡិចត្រូនិក​ជា​ផ្លូវការ។

តាម​ការពិត ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex ត្រូវបាន​គេ​សង្ស័យ​តាំងពី​ដំបូង ប៉ុន្តែ​ដោយសារតែ​ភាព​លោភលន់​របស់​ក្រុម​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ និង​ស្ថានភាព​អតិផរណា​ខ្ពស់ ក៏ដូចជា​និន្នាការ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នៅលើ​ពិភពលោក មនុស្ស​ជាច្រើន​ក៏បាន​វិនិយោគ​ទៅលើ​ផ្សារ​នេះ។

តាម​ធម្មតា CEO របស់ Thodex តែងតែ​ប្រតិកម្ម​ប្រឆាំង នៅពេល​មាន​ព័ត៌មាន​មិនល្អ​ទាក់ទង​នឹង​រូបិយវត្ថុ​អេឡេចត្រូនិក។ ប៉ុន្តែ លើក​នេះ នៅពេលដែល​ធនាគារជាតិ ហាម​ប្រើប្រាស់​ប្រាក់​ឌីជីថល CEO Ozer ក៏ត្រូវ​បង្ខំចិត្ត វេច​ប​ង្វេ​ក​រត់ចោល​ប្រទេស ទុកឱ្យ​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ​ជាង 400,000នាក់ ត្រូវ​បាត់បង់​ប្រាក់។

លោក Faruk Fatih Ozer

យោងតាម Bloomberg ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex ទើបតែ​បានចាប់ផ្ដើម​ដាក់លក់​ប្រាក់ Dogecoin កាលពី​ខែ​មុន។ ប្រាក់ Dogecoin ប្រមាណ 4លាន ត្រូវបាន​ជួញដូរ ប៉ុន្តែ​អ្នកវិនិយោគ​ជាច្រើន​ឱ្យដឹងថា ពួកគេ​មិនទាន់​ទទួលបាន​រូបិយវត្ថុ​នេះ​នៅឡើយ បើទោះជា​បាន​ទូទាត់​រូ​ចរាល់។

ទាក់ទង​នឹង​បញ្ហា​រូបិយវត្ថុ​អេឡិចត្រូនិក​នេះដែរ Bitcoin ក៏បាន​ធ្លាក់​ថ្លៃ​អស់​ជាង 20% រាប់​ចាប់ពី​បាន​ឡើងដល់​កំពូល 63,000ដុល្លារ/bitcoin កាលពី​ថ្ងៃទី13 ខែមេសា ឆ្នាំ2021។ មូលហេតុ​ចម្បង​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ ដោយ​សារ​បណ្ដា​ប្រទេស ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ប្រាក់​អេឡិចត្រូនិក។ នៅ​ហស​រដ្ឋ​អាមេរិក ប្រធានាធិបតី Joe Biden កំពុង​ពិនិត្យ​លើ​ការដាក់ឱ្យ​ប្រើប្រាស់​គោលនយោបាយ​ថ្មី ដែល​យកពន្ធ​បន្ថែម​ពី​វិស័យ​រូបិយវត្ថុ​អេឡិច​ត្រូនិក ដែល​នេះ​នឹង​ធ្វើឱ្យ​ការជួញដូរ​ត្រូវ​ជួប​បញ្ហា៕

ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា

Advertisement