ប្រាក់ចំណូល​របស់​ក្រុម​ហ៊ុន​ Apple និង Facebook កើនឡើង​ខ្ពស់ ​ទោះ​បី​​​ពិភព​លោក​កំពុង​ជាប់ដៃ​ប្រយុទ្ធប្រឆាំង Covid-19

ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ទីមួយ​របស់​ក្រុមហ៊ុន Apple និង Facebook សុទ្ធតែ​កើន​ប្រហែល 50% បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា កាលពី​ឆ្នាំមុន។

កាលពី​ថ្ងៃទី 28 ខែមេសា ឆ្នាំ2021 ក្រុមហ៊ុន Apple និង Facebook បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទីមួយ​របស់​ពួកគេ។ របាយការណ៍​បង្ហាញថា Apple រកបាន​ចំណូល 89.6ពាន់​លាន​ដុល្លារ កើន 54% បើ​ធៀប​នឹង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ2020 ដែល​តួលេខ​នេះ​គឺ លើសពី​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ​នាពេល​កន្លង។ មូល​ប​ត្រ Apple ក៏បាន​កើនឡើង​ជាង 4% នៅក្នុង​ការជួញដូរ​ក្រៅ​ម៉ោង។

នេះ​ក៏​ជា​ត្រីមាស​ទី​ពីរ ដែល Apple រកបាន​ចំណូល​ច្រើនជាង​មុន​ពីរ​ខ្ទង់ ជាមួយនឹង​ផលិតផល និង​សេវាកម្ម​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​នេះ។ ចំពោះ​ផ្នែក​ដែល​សំខាន់បំផុត (iPhone) គឺមាន​កំណើន 65.5% បើ​ធៀប​នឹង​ឆ្នាំទៅ។ ជាង​នេះ ចំណូល​បានមកពី Mac និង iPad ក៏​កើន 70% និង 79%។

Apple Store នៅ​​ទីក្រុង​ Charleston នៃ​រដ្ឋ​ Carolina ខាង​ត្បូង​​ របស់​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​2020

Luca Maestri ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Apple បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​ព្យាករ​ថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ទី​ពីរ នឹង​កើន​បន្ថែម​ពីរ​ខ្ទង់ ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ2020។ Apple ក៏​នឹង​បង្កើន​ភាគលាភ​ថែម 7% ទៀត ដល់​ភាគ​ហ៊ុ​និក និង​ចំណាយ 90ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​មូល​ប​ត្រ​របស់ខ្លួន ដែល​តួលេខ​នេះ ខ្ពស់ជាង​ពីរ​ឆ្នាំ​មុននេះ។

កាលពី​ប៉ុន្មាន​ខែ​មុន Apple បានឱ្យដឹងថា ការរកស៊ី​របស់​ក្រុមហ៊ុន​មានការ​កើនឡើង​នៅក្នុង​អំឡុង​វិបត្តិ Covid-19 គ្រា​ដែល​អ្នកប្រើប្រាស់ និង​ក្រុមហ៊ុន​នានា នាំគ្នា​ទិញ​កុំព្យូទ័រ​ដើម្បី​ធ្វើការ និង​កំសាន្ត​នៅផ្ទះ ក្នុងពេល​សង្គម​ត្រូវបាន​បិទ​ខ្ទប់។

ដោយឡែក Facebook វិញ ក៏​រកបាន​ចំណូល​ខ្ពស់ជាង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ2020 ដល់​ទៅជិត 50% នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ2021នេះ ពោលគឺ​ឡើងដល់ 26.17ពាន់​លាន​ដុល្លារ។ ប្រាក់ចំណេញ​សុទ្ធ កើន​ដល់ 94% ស្មើនឹង 9.5ពាន់​លាន​ដុល្លារ។

តំបន់​ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Facebook នៅតំបន់ Menlo Park រដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ2019

ក្រុមហ៊ុន Facebook បាន​បង្ហើប​ឱ្យដឹងថា មូលហេតុ​នៃ​កំណើន​ខាងលើ​គឺ​ដោយសារ​តម្លៃ​មធ្យម​សម្រាប់​ការ​ផ្សារ​ពាណិជ្ជកម្ម​មួយ កើន 30% រីឯ​តួលេខ​នៃ​ការផ្សាយពាណិជ្ជកម្ម ក៏​កើន​បន្ថែម 12%។ Facebook ព្យាករ​ថា កំណើន​នៃ​ប្រាក់ចំណូល នឹង​បន្ត​មាន​ស្ថិរភាព ឬ​កើនឡើង​ថែមទៀត​នៅក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ2021នេះ។

នាយក​ប្រតិបត្តិ​របស់ Facebook លោក Mark Zuckerberg បានឱ្យដឹងថា ក្រុមហ៊ុន​កំពុងតែ​ផ្ដោតលើ​ការបន្ថែម​មុខងារ​មួយចំនួន​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅលើ Facebook។ សេវាកម្ម Marketplace របស់ Facebook បច្ចុប្បន្ន មាន​អ្នកប្រើប្រាស់​ជាង 1ពាន់​លាន​នាក់ ជា​រៀងរាល់ខែ៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement