ការអនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ Google នឹង​សំច័យ​បាន​ជាង 4លាន​លាន​រៀល ក្នុង​ឆ្នាំ2021

ការកាត់បន្ថយ​ចំណាយ​សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ, ទេសចរណ៍ និង​កំសាន្ត អាចជួយ​ឱ្យ Google សន្សំសំច័យ​បាន​ជាង 1ពាន់​លាន​ដុល្លារ ក្នុងឆ្នាំនេះ។

នៅពេលដែល​បំរាម​គោចរ​ត្រូវបាន​គេ​ដកចេញ​ជាបណ្ដើរៗ គេ​ឃើញថា មនុស្ស​កាន់តែច្រើនឡើងៗ បាន​កក់​សំបុត្រ​ធ្វើដំណើរ និង​សណ្ឋាគារ​តាម​អន​ឡាញ។ ប្រការនេះ​ល្អ​សម្រាប់​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់ Google។ ក៏ប៉ុន្តែ ការដែល​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ នៅតែ​បន្ត​ធ្វើការ​ពី​ផ្ទះ មិនត្រូវ​ធ្វើដំណើរ ក៏មាន​ប្រយោជន៍​ដល់​សកម្ម​ភាព​​ជំនួញ​របស់​ក្រុមហ៊ុន​នេះដែរ។

នៅក្នុង​ត្រីមាស​ទីមួយ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google សន្សំសំច័យ​បាន 268លាន​ដុល្លារ ពី​ខ្ទង់ចំណាយ​សម្រាប់​ការផ្សព្វផ្សាយ, ទេសចរណ៍ និង​កំសាន្ត បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​នៃ​ឆ្នាំ2020 ដែល​ភាគច្រើន​គឺ​ដោយសារ Covid-19។ ប្រសិនបើ​គិត​ជា​សរុប​ពេញ​មួយឆ្នាំ នោះ​តួលេខ​នេះ​នឹង​ឡើងដល់​ជាង 1.07ពាន់​លាន​ដុល្លារ​អាមេរិក (ជាង 4,361,150,000,000រៀល)។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​នៃ​ត្រីមាស​ទីមួយ ឆ្នាំនេះ Alphabet ក៏បាន​ឱ្យដឹងថា ខ្ទង់ចំណាយ​សម្រាប់​ការផ្សព្វ​ផ្សាយ បាន​ថយចុះ 1.4ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 ខណៈដែល​ក្រុមហ៊ុន​ផ្អាក ឬ​ប្ដូរ​សកម្មភាព​ធ្វើ​ផ្ទាល់​មួយចំនួន ដោយ​ងាក​ទៅធ្វើ​តាម​រូបភាព​អំ​ឡាញ។ Alphabet ក៏​សន្សំសំច័យ​បាន 371លាន​ដុល្លារ​ពី​ខ្ទង់ចំណាយ​សម្រាប់​ទេសច​រណ៍ និង​កំសាន្ត​ផងដែរ។ ប្រាក់​ដែល​សន្សំសំច័យ​បាន​នេះ អាច​ប៉ះប៉ូវ​ទៅលើ​ការចំណាយ​សម្រាប់​ជួល​បុគ្គលិក​បន្ថែម​រាប់ពាន់នាក់។

Google មានឈ្មោះ​ល្បី​ខ្លាំង ទាក់ទិន​នឹង​ការផ្ដល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក មានដូចជា តុ​សម្រាប់ធ្វើ​សរសៃ, សេវា​ហូបចុក និង​សម្រាក​កំសាន្ត​នៅក្នុង​ក្រុមហ៊ុន។ ប៉ុន្តែ បុគ្គលិក​ស្ទើរតែ​ទាំងអស់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​​មួយ​នេះ ត្រូវបាន​តម្រូវឱ្យ​ធ្វើការ​ពី​ផ្ទះ និង​មិន​បានទទួល​អត្ថប្រយោជន៍​ទាំងនេះ ចាប់តាំងពី​ខែមីនា ឆ្នាំ2020 មកម្ល៉េះ។

យ៉ាងនេះ​ក្ដី Google នៅតែមាន​គម្រោង​សម្រាប់​ឱ្យ​បុគ្គលិក​ត្រលប់មក​ធ្វើការ​ក្នុង​ការិយាល័យ​វិញ នៅ​ចុងឆ្នាំ​2021។  ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Ruth Porat បានឱ្យដឹងថា តាម​ផែនការ Google នឹង​បញ្ចេញ​រូបមន្ត «hybrid» ដែល​ក្នុងនោះ​នឹងមាន​ការកាត់បន្ថយ​បរិវេណ​សម្រាប់​បុគ្គលិក​ផងដែរ។

នៅក្នុង​រយៈពេល 3ខែ​ដើមឆ្នាំ Google រកចំណូលបាន 55.3ពាន់​លាន​ដុល្លារ កើន 34% បើ​ធៀប​នឹង 3ខែ​ដើមឆ្នាំ2020។ ដូច្នេះ នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ2021 ក្រុមហ៊ុន​នេះ​ចំណេញ​បាន 18ពាន់​លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement