មូលហេតុ ប្ដី-ប្រពន្ធមហាសេដ្ឋី Bill Gates លែងលះគ្នា អាចបណ្ដាលមកពី «យន្តការគេចពន្ធ» ដែលរដ្ឋបាល Joe Biden នឹងអនុវត្តនៅចុងឆ្នាំនេះ?

ប្រធានាធិបតី​អាមេរិក លោក Joe Biden មានបំណង​យកពន្ធ «សម្ព័ន្ធភាព​អាពាហ៍ពិពាហ៍» បន្ថែមទៀត ពី​គ្រួសារ​មហាសេដ្ឋី​លំដាប់កំពូលៗរបស់​ប្រទេស​នេះ ធ្វើ​ឱ្យគេ​សង្ស័យថា ការ​លែងលះ​របស់​ប្ដី-ប្រពន្ធ Bill Gates គឺជា​ការ «គេចពន្ធ»។

យោងតាម​សារព័ត៌មាន CNBC គ្រូ​សារ​មហាសេដ្ឋី​នានា​នៅ​សហរដ្ឋអាមេរិក អាច​ត្រូវ​បង់ពន្ធ «ធ្ងន់ធ្ងរ» ជាង​មុន បើ​ធៀប​នឹង​មហាសេដ្ឋី​ដែល​មិនមាន​ប្ដី ឬ​ប្រពន្ធ ព្រោះតែ​គម្រោង​យកពន្ធ​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden។

ការប្រកាស​នានា​ក្នុង​គ្រា​ដំបូង​បាន​បង្ហាញថា លោក Joe Biden មានបំណង​បង្កើន​អត្រាពន្ធ​ទៅលើ​បុគ្គល​ដែលមាន​ប្រាក់ចំណូល​ច្រើនជាង 452,700ដុល្លារ និង​ប្ដី-ប្រពន្ធ​ដែលមាន​ចំណូល​ខ្ពស់ជាង 509,300ដុល្លារ ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង Covid-19 ក៏ដូចជា​សង្គ្រោះ​សេដ្ឋកិច្ច។ នៅមាន​ទៀត ប្រធានាធិបតី Biden អាច​នឹង​យកពន្ធ​បន្ថែម​ច្រើនជាង​នេះ សម្រាប់​គ្រួសារ​ដែលមាន​ប្ដី និង​ប្រពន្ធ​ជា​អ្នកមាន​ដូចគ្នា។

ប្រការនេះ​មានន័យថា អត្រាពន្ធ​ដែល​គេ​ហៅថា «ពន្ធ​សម្ព័ន្ធភាព​អាពាហ៍ពិពាហ៍» (The Marriage Penalty) នឹង​ត្រូវបាន​អនុវត្ត​លើ​គ្រួសារ​អ្នកមាន ដោយ​ពួកគេ​ត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល ទាប​ជាង​ពន្ធ​លើ​ប្រាក់ចំណូល​រួម​របស់​គ្រួសារ។ ការកំណត់​នេះ អាច​នាំឱ្យ​គ្រួសារ​មហាសេដ្ឋី​មួយចំនួន គិតដល់​ការលែង​លះ ដើម្បី​គេចពន្ធ ព្រះ​ថា ពួកគេ​នឹងត្រូវ​បង់ពន្ធ​ច្រើនជាង​មុន បើសិន​នៅតែ​រក្សា​សម្ព័ន្ធ​ភាពជា​ប្ដី-ប្រពន្ធ​នៅលើ​ក្រដាស។

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ Sabina Smailhodzic មកពី​ក្រុមហ៊ុន Avan Garde Wealth ឯកទេស​ខាង​រៀប​ផែន​ការ​ទ្រព្យសម្បត្តិ​សម្រាប់​គ្រួសារ​អ្នកមាន បាន​អះអាងថា ការដាក់ឱ្យ​ប្រើប្រាស់ «ពន្ធ​សម្ព័ន្ធភាព​អាពាហ៍​ពិពាហ៍» មិន​មាន​អ្វី​ចម្លែក​នោះទេ ដោយសារ​វា​ធ្លាប់​ត្រូវបាន​រដ្ឋ​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក អនុវត្ត​រួចហើយ​កន្លងមក ដើម្បី​បង្កើន​ប្រាក់ចំណូល​ពី​ក្រុមគ្រួសារ​អ្នកមាន។

បច្ចុប្បន្ន ច្បាប់​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​អ្នក​មាននៅ​សហរដ្ឋអាមេរិក ត្រូវបាន​កំណត់​ត្រឹម 37% ចំពោះ​បុគ្គល​ដែលមាន​ចំណូល​លើសពី 523,600ដុល្លារ ឬ​ប្ដី-ប្រពន្ធ​ដែលមាន​ចំណូ​លួ​ម​ច្រើនជាង 628,300ដុល្លារ (អាស្រ័យ​លើ​ប្រភេទ​ទ្រព្យ)។ ប្រធានាធិបតី Biden ចង់​ដំឡើង​ពន្ធ​នេះ​ឱ្យដល់ 39.6% និង​សំដៅលើ top 1% នៃ​ក្រុម​អ្នកមាន​បំផុត។

ដូច្នេះ មហាសេដ្ឋី​ខ្លះ នឹង​ជ្រើសរើស​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល ជាជាង​ពន្ធ​សរុប​របស់​គ្រួសារ ព្រោះ​ពួកគេ​នឹង​បង់ពន្ធ​តិចជាង។ ឧទាហរណ៍​ថា គ្រួសារ​មួយ​ដែល​ប្ដី​មាន​ចំណូល 350,000ដុល្លារ និង​ប្រពន្ធ 350,000ដុល្លារ នោះ​ពួកគេ​នឹងត្រូវ​បង់ពន្ធ​យ៉ាងច្រើន ព្រោះថា គ្រួសារ​នេះ​មាន​ចំណូល​សរុប 700,000ដុល្លារ ដែល​ស្ថិតក្នុង​បញ្ជី​នៃ​ក្រុម​អ្នកមាន​លំដាប់ top 1% នៃ​ច្បាប់​ថ្មី។ ក៏ប៉ុន្តែ ប្រសិន​បើ​​បង់​តាម​លក្ខណៈ​បុគ្គល នោះម្នាក់ៗ​​ មាន​ត្រឹម​តែ 350,000​ដុល្លារ ទាប​ជាង​​ការ​កំណត់ ​(526,600​ដុល្លារ) និង​ត្រូវ​រួច​ពន្ធ ឬ​ត្រូវ​បង់​ទាប​ជាង។

ប្រធានាធិបតី Biden កំពុងមាន​គម្រោង​អនុវត្ត «ពន្ធ​ចំណងអាពាហ៍ពិពាហ៍» ទៅលើ​ករណី​ខាងលើ ដើម្បី​រក​ចំណូល​បន្ថែម​ជូន​រដ្ឋ។ ជា​លទ្ធផល គ្រួសារ​មហាសេដ្ឋី​មួយចំនួន ទំនងជា​នឹង «នាំគ្នា» ធ្វើការ​លែងលះ​ច្រើនជាង​មុន មុនពេល​ច្បាប់​យកពន្ធ​ថ្មី ចូល​ជា​ធរមាន។ បើទោះជា​ប្រាក់ចំណូល​បុគ្គល​របស់​មនុស្ស​មួយចំនួន​នៅតែ​ខ្ពស់ ប៉ុន្តែ​ពន្ធ​ដែល​ពួកគេ​ត្រូវ​បង់​ក៏​នៅតែ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង «ពន្ធ​សម្ព័ន្ធភាព​អាពាហ៍ពិពាហ៍» ដែល​ប្រធានាធិបតី Biden ចង់​ដាក់ឱ្យអនុវត្ត។

យោងតាម​អ្នកជំនាញការ​មួយចំនួន ច្បាប់​ពន្ធ​ថ្មី​របស់​ប្រធានាធិបតី Biden អាច​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ចុងឆ្នាំ2021 ឬ​ដើមឆ្នាំ2022 នៅក្នុង​គ្រា​ដែល​ថវិកាជាតិ​ត្រូវ​រង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ពី​កញ្ចប់​ថវិកា​ជំនួយ​ដ៏​ធំ​សម្បើម​ជាច្រើន ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច។

ជាង​នេះ សេចក្ដីព្រាងច្បាប់​ថ្មី​របស់ Joe Biden ក៏​ថែមទាំង​យកពន្ធ 61% ទៅលើ​បុគ្គល​ដែល​ត្រូវ​ទទួល​មរតក​ផងដែរ ដែល​នេះ​អាច​បណ្ដាលឱ្យ​គ្រួសារ​មហាសេដ្ឋី​ទាំងឡាយ ត្រូវ​ពិចារណា​យ៉ាង​ល្អិតល្អន់ នៅពេល​ចង់​ផ្ទេរ​កេរ​មរតក​​ទៅឱ្យ​កូនចៅ សាច់ញាតិ ដើម្បី​អាច​គេចពន្ធ​នេះ​បាន។

ថ្មីៗនេះ មហាសេដ្ឋី Bill Gates បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ពេលដែល​លោក​ប្រកាសថា លែង​លះ​​ប្រពន្ធ បើទោះជា​កន្លងមក គ្រួសារ​នេះ​តែងតែ​បង្ហាញ​សុភមង្គល ក៏ដូចជា​មិនទាន់មាន​បញ្ហា​អ្វី​ធំដុំ​កើតឡើង។ ការសម្រេចចិត្ត​របស់​គ្រួសារ Bill Gates នាំឱ្យ​មនុស្ស​មួយចំនួន​សង្ស័យថា មូលហេតុ អាចទាក់ទង​នឹង​យន្តការ​គេចពន្ធ មុនពេល​កំណែទម្រង់​ច្បាប់​ពន្ធដារ​របស់​ប្រធានាធិបតី Joe Biden ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ៕

ប្រភព៖ CNBC
ប្រែសម្រួល​៖ បុត្រា

Advertisement