មហាសេដ្ឋី​ទី 9 របស់​ពិភពលោក ក្លាយជា «សមាជិក​ថ្មី» នៃ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ

មហា​សេដ្ឋី​ Steve Ballmer

លោក Steve Ballmer បច្ចុប្បន្ន មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 9 នៅក្នុង​ពិភពលោក។

Steve Ballmer ដែលជា​អតីត CEO របស់​ក្រុមហ៊ុន Microsoft ទើបតែ​បាន​ក្លាយជា​មហាសេដ្ឋី​ទី 9 ដែលមាន​ឈ្មោះ​នៅក្នុង​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ ខ្ទង់ 100,000,000,000 ដុល្លារ​អាមេរិក។ យោងតាម Bloomberg Billionaires Index លោក Ballmer បច្ចុប្បន្ន មានទ្រព្យ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង 1 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​អ្នកមាន​ជាងគេ​លំដាប់​ទី 8 លោក Warren Buffett។

លោក Steve Ballmer បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន Microsoft ចាប់ពី​ឆ្នាំ 1980 និង​ជា​បុគ្គលិក​ទី 30 របស់​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ត្រូវ​លោក Bill Gates បញ្ចុះបញ្ចូល​ឱ្យ​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Stanford។ លោក Steve Ballmer ក្រោយមក ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន ហើយ​បន្ទាប់មកទៀត​គឺជា CEO ជំនួស​លោក Gates កាលពី​ឆ្នាំ 2000។ ឆ្នាំ 2014 លោក Steve Ballmer បាន​ចាក​ចេញពី Microsoft បន្ទាប់ពី​បាន​នៅ​ជាមួយ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​ជាង 3 ទសវត្សរ៍។

មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Steve Ballmer

មហាសេដ្ឋី Steve Ballmer បច្ចុប្បន្ន​មាន​អាយុ 65 ឆ្នាំ និង​មាន​ក្លឹប​បាល់បោះ​មួយ​ដែលមាន​ឈ្មោះថា Los Angeles Clippers។ តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់លោក Ballmer បាន​កើន​ថែម 20.1ពាន់​លាន​ដុល្លារ។

នៅក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន 9 រូប ដែលមាន​ទ្រព្យ​ច្រើនជាង 100,000,000,000 ដុល្លារ គឺមាន​រហូតដល់ 7 រូប ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​បច្ចេកវិទ្យា។ ក្នុងនោះ ស្ថាបនិក Amazon លោក Jeff Bezos នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ចំនួន 212 ពាន់​លាន​ដុល្លារ។

ទន្ទឹមនឹង​អតីត CEO របស់ Microsoft មហាសេដ្ឋី​បច្ចេកវិទ្យា​មួយរូប​ទៀត ក៏​នឹងមាន​ឈ្មោះ​នៅក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ ឆាប់ៗនេះ នោះ​គឺ​លោក Larry Ellison។ សហ​ស្ថាបនិក​របស់ Oracle រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 98.6 ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 10 ក្នុង​ពិភពលោក៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement