Microsoft ផ្ដល់ប្រាក់ឧបត្ថម្ភ 1,500 ដុល្លារ ដល់បុគ្គលិកគ្រប់រូប

ខ្ទង់​ប្រាក់ឧបត្ថម្ភ​នេះ អនុវត្ត​សម្រាប់​គ្រប់​បុគ្គលិក​របស់​ក្រុមហ៊ុន Microsoft ទាំង​នៅ សហរដ្ឋអាមេរិក ទាំង​នៅ​ទូទាំង​សកលលោក។

នៅក្នុង​សេចក្ដី​កំណត់ចំណាំ​អំពី​កិច្ចការ​ផ្ទៃក្នុង​មួយ​របស់ Microsoft ដែល The Verge ទទួលបាន បង្ហាញថា ប្រាក់ឧបត្ថម្ភ​មួយ​លើក​នេះ​គឺជា «ការកត់សម្គាល់​សម្រាប់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​មួយ ប្រកបដោយ​ភាព​ចម្លែក និង​ពោរពេញ​ដោយ​ឧបសគ្គ ដែល Microsoft ទើបតែ​សម្រេចបាន»។

នាយិកា​រង​ផ្នែក​ធនធានមនុស្ស​របស់ Microsoft អ្នកស្រី Kathleen Hogan ឱ្យដឹងថា បុគ្គលិក​របស់ Microsoft នៅ​ទូទាំង​ពិភពលោក រាប់​ចាប់ពី​ថ្នាក់ក្រោម​នៃ​តំណែង​អនុប្រធាន​ក្រុមហ៊ុន ដែល​ធ្វើ​ការមកដល់​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ក្នុងនោះ រួមទាំង​បុគ្គលិក​ក្រៅ​ម៉ោង​ធ្វើការ និង​បុគ្គលិក​ធ្វើការ​ស៊ីម៉ោង ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ។

បច្ចុប្បន្ន Microsoft មាន​បុគ្គលិក​សរុប​ចំនួន 175,508 នាក់ នៅ​ទូទាំង​សកលលោក ប៉ុន្តែ បុគ្គលិក​របស់ LinkedIn, GitHub និង ZeniMax មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​ទេ បើ​ទោះ Microsoft ជា​អ្នកគ្រប់គ្រង​ក៏ដោយ។ ដូច្នេះ ជា​សរុប Microsoft នឹង​ចំណាយ​ប្រហែល 200 លាន​ដុល្លារ សម្រាប់​ការឧបត្ថម្ភ​នេះ។ 200 លាន​ដុល្លារ​អាមេរិក​នេះ មិនទាន់​ស្មើនឹង​ប្រាក់ចំណេញ​ដែល Microsoft រកបាន​ក្នុង​រយៈពេល 2 ថ្ងៃ​នៅឡើយ។

កន្លែង​សម្រាប់​បុគ្គលិក​ មួយ​កន្លែង​របស់​ Microsoft នៅ​ទីក្រុង​វ៉ាស៊ីងតោន

បច្ចុប្បន្ន នៅលើ​ផ្សារ​ហ៊ុន​នៅ សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​តែ 2 ប៉ុណ្ណោះ ដែលមាន​តម្លៃ​មូលធន (capitalization value) លើសពី 2 ម៉ឺន​កោដិ ឬ 2 លាន​លាន (2,000,000,000,000) ដុល្លារ​អាមេរិក។

កន្លងទៅថ្មីៗនេះ ក្រៅពី Microsoft ក៏មាន​ក្រុមហ៊ុន​ជាច្រើន បានផ្ដល់​ប្រាក់ឧបត្ថម្ភ​បែបនេះ​ដល់​បុគ្គលិក ក្នុងនោះ​មានដូចជា Facebook (1.000 ដុល្លារ/បុគ្គលិក​ម្នាក់), Amazon (បន្ថែម​ប្រាក់​សម្រាប់​ការឈប់​ថ្ងៃបុណ្យ 300 ដុល្លារ/ម្នាក់) និង​ក្រុមហ៊ុន BT (1.000 ផោន/ម្នាក់)។ល។

គិត​ចាប់ពី Covid-19 បានបង្ហាញ​វត្តមាន រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន Microsoft រកបាន​ប្រាក់ចំណូល​ប្រមាណ 160 ពាន់​លាន​ដុល្លារ ដោយសារ​ផលិតផល និង​សេវាកម្ម មាន​ទីផ្សារ​ជាង​មុន៕

ប្រភព៖ The Verge
ប្រែ​សម្រួល៖ បុត្រា

Advertisement