ប្រទេស​ថៃ ផ្ដល់ជំនួយ​ជិត 1.3 ពាន់​លាន​ដុល្លារ ដល់​ពលរដ្ឋ និង​អាជីវករ ដែល​រងគ្រោះ​ដោយសារ​បម្រាម​គោចរ

នាយករដ្ឋមន្ត្រី​ថៃ​ លោក Prayut Chan-o-cha

គណៈរដ្ឋមន្ត្រី​ថៃ ទើបតែ​បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ 42 ពាន់​លាន​បាត (ជិត 1.3 ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​ប្រជាជន និង​ក្រុមហ៊ុន ដែល​រងគ្រោះ​ដោយសារ​ការដាក់​បម្រាម​គោចរ​តាម​ដំណាក់កាល ដែល​ត្រូវបាន​ធ្វើឡើង​កាលពីដើម​សប្ដាហ៍​នេះ នៅ​ទី​រាជធានី​បាងកក និង​ខេត្ត​ចំនួន 9 ផ្សេងទៀត។

យោងតាម​សារព័ត៌មាន​នានា​នៅ​ទីក្រុង​បាងកក កញ្ចប់​ជំនួយ​ខាងលើនេះ ត្រូវបាន​អនុម័ត បន្ទាប់​រាជរដ្ឋាភិបាល​ថៃ អនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង COVID-19 ក្នុងនោះ​មាន​ទាំង​បម្រាម​គោចរ​នៅពេល​យប់ ចាប់ពី​ម៉ោង 21 ថ្ងៃមុន រហូតដល់​ម៉ោង 4 ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់ នៅ​រាជធានី​បាងកក និង​ខេត្ត​ក្បែរ​ខាង​មួយចំនួន រួមមាន ខេត្ត Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan, Samut Sakhon និង 4 ខេត្ត​ផ្សេងទៀត​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ រួមមាន ខេត្ត Narathiwat, Pattani, Yala និង ខេត្ត Songkhla។

នាយករដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha បាន​បង្ហោះ​សារ​នៅលើ​ទំព័រ Facebook ផ្ទាល់ខ្លួន​ថា គណៈរដ្ឋមន្ត្រី​ប្រទេស​នេះ បានអនុម័ត​លើ​វិធានការ​សង្គ្រោះ​ថ្មី ដែល​លើកឡើង​ដោយ​ក្រុម​អ្នកសេដ្ឋកិច្ច​របស់​រដ្ឋា​ភិ​បាល ក្នុង​បំណង​ប៉ះប៉ូវ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន សម្រាប់​ពលរដ្ឋ​ទាំងឡាយណា​ដែល​រង​ផលប៉ះពាល់​ដោយសារ​បម្រាម​គោចរ។

ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​ផ្ដល់ឱ្យ​ទាំង​អ្នកគ្រប់គ្រង​អាជីវកម្ម ទាំង​បុគ្គលិក​ស៊ីឈ្នួល នៅក្នុង​រដ្ឋធានី និង​ខេត្ត​ដែល​រង​ផលប៉ះពាល់។ វិស័យ​ជំនួញ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ត្រូវ​ទទួលបាន​របប​ខាងលើ រួមមាន វិស័យ​សំណង់ សណ្ឋាគារ សេវាកម្ម​ហូបចុក សិល្បៈ និង​កម្សាន្ត។

ពលរដ្ឋ ថៃ ក៏​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ប្រើប្រាស់​សម្រាប់​ខែកក្កដា និង​សីហា។ ជាង​នេះ រដ្ឋាភិបាល​ថៃ ក៏​សម្រេច​បញ្ចុះតម្លៃ​សិក្សា និង​ខ្ទង់ចំណាយផ្សេងៗសម្រាប់​ឆមាស​ដំបូង​នៃ​ឆ្នាំ​សិក្សា​នេះ ព្រមទាំង​បានស្នើ​ឱ្យ​ធនាគារជាតិ ធនាគារពាណិជ្ជ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា បន្ធូរបន្ថយ​ការកំណត់​នៅក្នុង​ការទូទាត់​បំណុល​ផងដែរ។

ប្រទេស​ថៃ នា​ថ្ងៃទី 14 កក្កដា ឆ្នាំ 2021 នេះ ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 9,317 នាក់ និង​ស្លាប់​ចំនួន 87 នាក់​ដោយសារ COVID-19។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​សរុប 363,029 នាក់ ក្នុងនោះ​មាន 3,934 នាក់​បាន​ស្លាប់៕

ប្រភព៖ bangkokpost
ប្រែ​សម្រួល៖ បុត្រា

Advertisement