មន្ត្រី​ហិរញ្ញវត្ថុ ព្រមាន​អំពី​ហានិភ័យ​ដែល អាមេរិក ត្រូវ​ក្ស័យធន នៅ​ថ្ងៃទី 1 សីហា

រដ្ឋាភិបាល សហរដ្ឋអាមេរិក នឹង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន នៅ​ថ្ងៃទី 1 ខែសីហា ឆ្នាំ 2021 ហើយ​បង្ខំ​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ ដាក់ចេញ​នូវ «វិធានការ​ពិសេស​នានា» រហូតដល់​សភា​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ។

ខាងលើនេះ​គឺជា​ការព្រមាន​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ សហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែល​បានលើកឡើង​កាលពី​ថ្ងៃទី 23 កក្កដា នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ក្រុមតំណាងរាស្ត្រ សហរដ្ឋអាមេរិក។

ក្នុង​លិខិត​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បានលើកឡើង​ច្បាស់​ថា៖ «បើសិនជា​សភា មិន​ផ្អាក ឬ​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ ឱ្យបាន​មុន​ថ្ងៃទី 2 ខែសីហា នោះ​ក្រសួង​ហិរញ្ញវត្ថុ​នឹងត្រូវ​អនុវត្ត​វិធានការ​បន្ថែម​ពិសេស ដើម្បី​ទប់ស្កាត់​មិនឱ្យ សហរដ្ឋអាមេរិក ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន»។

លោកស្រី Yellen បញ្ជាក់ថា ការដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ មិន​ធ្វើឱ្យ​ការចំណាយ​របស់​រដ្ឋាភិបាល​ឡើង​ខ្ពស់​នោះទេ ប៉ុន្តែ នឹង​អនុញ្ញាតឱ្យ​ក្រសួង​ហិរញ្ញវត្ថុ ផ្ដល់​ការគាំទ្រ​ដល់​សកម្មភាព​នានា​ដែល​ត្រូវបាន​សភា​អនុម័ត។

យោងតាម​រដ្ឋមន្ត្រី​ខាងលើ បើសិនជា សហរដ្ឋអាមេរិក មិន​ធានាបាន​នូវ​កាតព្វកិច្ច​ក្នុងការ​ទូទាត់​បំណុល នោះ អាមេរិក នឹង​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ក្រសួង​នឹង​ផ្អាក​លក់​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល នៅ​ថ្ងៃទី 30 កក្កដា ហើយក៏​នឹងមិន​ភ្ជាប់​សកម្មភាព​នេះ​ឡើងវិញ​នោះដែរ រហូតដល់​សភា​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ។

បំណុល​សាធារណៈ​របស់ សហរដ្ឋអាមេរិក កើនឡើង​នៅក្នុង​សម័យ COVID-19 បន្ទាប់ពី​សេត​វិមាន បានអនុម័ត​លើ​គម្រោង​ចំណាយធំៗចំនួន 3 ដើម្បី​កាត់បន្ថយ​ការខូចខាត​នានា ដែល​កើតឡើង​ដោយសារ​វិបត្តិ​សុខភាព។

យោងតាម​ការិយាល័យ​ថវិកា​សភា របស់ សហរដ្ឋអាមេរិក (Congressional Budget Office) គិត​ត្រឹម​ចុងខែ​មិថុនា បំណុល​សាធារណៈ​របស់​ប្រទេស​នេះ បាន​ឡើងដល់ 28,500,000,000,000 ដុល្លារ (28.5 លាន​លាន ឬ 28.5 ទ្រី​លាន ដុល្លារ) និង ឱនភាព​ថវិកាជាតិ ឆ្នាំនេះ ត្រូវបាន​ព្យាករ​ថា នឹង​ឡើងដល់ 3,000,000,000,000 ដុល្លារ (3 លាន​លាន ឬ 3 ទ្រី​លាន ដុល្លារ) ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ បន្ទាប់ពី ឱនភាព​ថវិកា ឆ្នាំ 2020។

ការដំឡើង​ពិតាន​នៃ​សូចនាករ​បំណុល​សាធារណៈ ធ្លាប់ជា​បញ្ហា​ដែល​បង្កឱ្យមាន​ភាពចម្រូងចម្រាស​នៅ​សភា អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ភាពទាល់ច្រក​នៃ​បញ្ហា​នេះ​ក្នុង​ឆ្នាំ 2011 ក៏បាន​ធ្វើឱ្យ​រដ្ឋាភិបាល ត្រូវគេ​ទម្លាក់​ចំណាត់ថ្នាក់​ទំនុកចិត្ត​ផងដែរ៕

ប្រភព៖ CNBC
ប្រែសម្រួល​៖ បុត្រា

Advertisement