តំណាងរាស្ត្រ អាមេរិក វាយប្រហារ Jeff Bezos ៖ មាន​ប្រាក់​ហោះ​ទៅកាន់​អវកាស ម៉េច​ក៏​មិន​បង់ពន្ធ​បន្ថែម!

ស្ថាបនិក​របស់ Amazon បន្ត​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ក្រុម​អ្នកនយោបាយ អាមេរិក បន្ទាប់ពី​ជើងហោះហើរ​ឡើងទៅ​កាន់​ទី​អវកាស​ដោយ​ជោគជ័យ។

យោងតាម​ទំព័រ Business Insider តំណាងរាស្ត្រ Elizabeth Warren ថ្មីៗនេះ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter អំពី​ជើងហោះហើរ​របស់​កំពូល​មហាសេដ្ឋី Jeff Bezos ដោយ​យល់ថា ស្ថាបនិក Amazon រូបនេះ បើសិន​នៅសល់​លុយ​ហោះ​ទៅកាន់​ទី​អវកាស នោះ​ក៏មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ពន្ធ​បន្ថែម។

«បុរស​ជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក អាច​បាញ់​បង្ហោះ​យាន​ដើម្បី​នាំ​ខ្លួនឯង​ឡើងទៅ​កាន់​អវកាស ខណៈដែល​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​អាមេរិក ត្រូវ​រស់នៅក្នុង​ស្ថានភាព​លំបាក​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បច្ចុប្បន្ន មនុស្ស​ជាង 43 លាន​នាក់ កំពុង​ជួប​ការលំបាក ដោយសារ​បំណុល​លើ​ការ​សិស្ស និង​ថ្លៃ​សម្រាប់​សុខាភិបាល​ជាដើម ហើយ​ថែមទាំង​មិនមាន​ការងារ​ធ្វើ​ទៀតផង។ ជាក់ស្ដែង គាត់​អាច​បង់ពន្ធ​បន្ថែម ដើម្បីឱ្យ​គ្រប់គ្នា​មានឱកាស​រស់ក្នុង​ជីវភាព​ល្អ​ជាង​នេះ» តំណាងរាស្ត្រ Warren សរសេរ​ដូច្នេះ។

របាយការណ៍​របស់ ProPublica បាន​បង្ហាញថា ស្ថាបនិក​របស់ Amazon មិនត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​អ្វី​ទាំងអស់ ក្នុងអំឡុងពេល​យ៉ាងតិច 2 ឆ្នាំ (2006 និង 2018)។ ពួកគេ​សង្ស័យថា Bezos ថែមទាំង​បានគេច​វេះ​មិន​បង់ពន្ធ​ជាច្រើន​ឆ្នាំ​ផ្សេងទៀត ប៉ុន្តែ មិនទាន់​ប្រមូលបាន​ទិន្នន័យ​គ្រប់គ្រាន់។

Jeff Bezos (ទីពីរ​ រាប់​ពី​ស្ដាំ) និង​អ្នក​ដែល​បាន​ឡើង​ទៅ​ទីអវកាស​ តាម​រយៈ​យាន​របស់​ Blue Origin កាល​ពីសប្ដាហ៍​មុន​

ទាក់ទង​នឹង​បញ្ហា​នេះ របាយការណ៍​របស់ Lynnley Browning មកពី​ក្រុមហ៊ុន Insider ក៏បាន​បង្ហាញថា Amazon មាន​សកម្មភាព​គេចពន្ធ​ក្នុង​ឆ្នាំ 2017 និង 2018។

បច្ចុប្បន្ន មហាសេដ្ឋី អាមេរិក លោក Jeff Bezos កំពុងស្ថិត​នៅលើ​កំពូល​នៃ​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ក​ក្រុម​អ្នកមាន​ជាងគេ​នៅលើ​ពិភពលោក របស់​ទស្សនាវដ្ដី Forbes ដោយមាន​ទ្រព្យ​រហូតដល់ 209.2 ពាន់​លាន​ដុល្លារ​អាមេរិក។ Blue Origin ដែលជា​ក្រុមហ៊ុន​អវកាស​របស់លោក បានទទួល​ជោគជ័យ​ក្នុងការ​នាំយក​ស្ថាបនិក​រូបនេះ ឡើងទៅ​កាន់​ជាយ​អវកាស។

បន្ទាប់ពី​ករណី​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​សប្ដាហ៍​មុន របស់​ក្រុមហ៊ុន Blue Origin តំណាងរាស្ត្រ Warren បាន​ចំអក​នៅលើ Twitter ថា មហាសេដ្ឋី Bezos ភ្លេច​អរគុណ​កម្មករ អាមេរិក ដែល​កំពុង​បង់ពន្ធ​ជូន​រដ្ឋ ខណៈដែល​ខ្លួន​លោក និង​ក្រុមហ៊ុន Amazon បែរជា​គេចពន្ធ​ទៅវិញ៕

ប្រភព៖ BI
ប្រែ​សម្រួល៖ បុត្រា

Advertisement