ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយ នៅ អាស៊ីអាគ្នេយ៍ ទើបតែ​បាន​ក្លាយជា Startup ថ្មី តម្លៃពាន់លានដុល្លារ

ក្រុមហ៊ុន Fintech Nium របស់​ប្រទេស សិង្ហ​បុរី ទើបតែ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការប្រមូល​ទុន​លើកចុងក្រោយ​បំផុត។

ក្រុមហ៊ុន​ថ្មី Nium ដែល​ឯកទេស​ផ្នែក​ទូទាត់​ប្រាក់ បម្រើ​សេវាកម្ម​សម្រាប់​ប​ណ្ដា​ក្រុមហ៊ុន​នៅ សិង្ហ​បុរី ទើបតែ​បាន​ក្លាយជា​ក្រុមហ៊ុន startup តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ បន្ទាប់ពី​ប្រមូល​ទុន​បាន​ជាង 200 លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​ឱ្យដឹងថា តម្លៃ​មូលធន​របស់ Nium បាន​កើន​ដល់ 1 ពាន់​លាន​ដុល្លារ ក្រោយ​ការប្រមូល​ទុន Series D ដែល​នាំមុខគេ​ដោយ​ក្រុមហ៊ុន Riverwood Capital LLC មាន​មូលដ្ឋាន​នៅ Menlo Park ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ ក្រៅពី Riverwood Capital LLC ក៏​នៅមាន​ក្រុមហ៊ុន Temasek Holdings Pte, Visa Inc., Vertex Ventures, Beacon Venture Capital និង Rocket Capital ផងដែរ ដែល​បាន​ចូលរួម​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន Nium។ មូល​និ​ធី​ទ្រព្យសម្បត្តិ GIC Pte របស់ សិង្ហ​បុរី ក៏បាន​ចូលរួម​ក្នុងការ​ប្រមូល​ទុន​របស់ Nium នេះដែរ។

ការិយាល័យ​របស់​ក្រុម​ហ៊ុន​ Nium

CEO វ័យ 39 ឆ្នាំ លោក Prajit Nanu បានឱ្យដឹងថា Nium មាន​ផែនការ​ប្រើប្រាស់​ប្រាក់​វិនិយោគ​នេះ​ដើម្បី​ពង្រីក​សកម្មភាព​ជំនួញ នៅ សហរដ្ឋអាមេរិក និង អាមេរិក​ឡាទីន មុននឹង​ធ្វើ IPO (Initial Public Offering / បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង) នៅ សហរដ្ឋអាមេរិក ក្នុងអំឡុង 1.5 ឆ្នាំ ទៅ 2 ឆ្នាំ​ខាងមុខ។

សិង្ហ​បុរី កំពុងតែ​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជាម​ជ្ឈ​ម​ណ្ឌុ​ល​ហិរញ្ញវត្ថុ​ឌីជីថល ដ៏​មមាញឹក។ Nium ដែលជា​ក្រុមហ៊ុន startup មួយ ក្នុងចំណោម​ក្រុមហ៊ុន fintech ជាង 1,000 ក្នុងប្រទេស​នេះ កំពុង​ផ្ដោតទៅលើ​ផ្នែក​ទូទាត់ ឥណទាន វិនិយោគ និង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ Pine Labs Pvt ដែលជា​ថ្នាល​ទូទាត់​ប្រាក់​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​តម្រូវការ នៅ ឥណ្ឌា និង អាស៊ីអាគ្នេយ៍ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន startup វិស័យ fintech ដែលមាន​តម្លៃ​មូលធន​ខ្ពស់បំផុត​នៅ សិង្ហ​បុរី ដោយ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាមេរិក។

គំនិត​ចេញ​រកស៊ី របស់​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Nium កើតឡើង​ពី «បញ្ហា» ផ្ទាល់ខ្លួន

ក្រុមហ៊ុន Nium ត្រូវបាន​សហ​ស្ថាបនិក Nanu បង្កើតឡើង​ក្នុងនាម​ជា​សេវាកម្ម​ផ្ទេរប្រាក់​ឆ្លង​ប្រទេស នៅ​ឆ្នាំ 2014។ Nanu ពុំមែន​ជា​វិស្វករ ហើយក៏​ពុំមែន​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ ក្រោយពី​បាន​ធំ​ឡើង​នៅ​ទីក្រុង ម៉ុម​បៃ នៃ​ប្រទេស ឥណ្ឌា Nanu ក៏បាន​យល់ច្បាស់​អំពី​វិធី​ដឹកនាំ​ក្រុមហ៊ុន​ឱ្យបាន​រីកចម្រើន​លឿន បន្ទាប់ពី​បានធ្វើការ​រយៈពេល 12 ឆ្នាំ នៅក្នុង​ក្រុមហ៊ុន​មួយចំនួន រួមទាំង Adventity Inc. និង WNS Global Services ផងដែរ។

លោក Prajit Nanu

Nanu មានគំនិត​ចេញ​រកស៊ី ក្រោយពី​មាន​បញ្ហា​ផ្ទេរប្រាក់​ពី ឥណ្ឌា ទៅ​ប្រទេស ថៃ ដើម្បី​ធ្វើ​ពិធីជប់លៀង​ភាព​នៅ​លីវ​ឱ្យ​មិត្ត​ម្នាក់​កាលពី​ឆ្នាំ 2013។ Nanu ជួប​បញ្ហា​នៅពេល​ទីតាំង​លំហែកាយ​មួយកន្លែង​នៅ​ប្រទេស ថៃ បដិសេធ​ប័ណ្ណឥណទាន​របស់លោក និង​ស្នើឱ្យ​ផ្ទេរប្រាក់​ពី​ធនាគារ ខណៈ​ធនាគារ​ដែល Nanu ប្រើប្រាស់​នៅ ឥណ្ឌា ទាមទារ​លិខិតស្នាម​ជាច្រើន គ្រាន់តែ​ដើម្បី​អាច​ផ្ទេរប្រាក់ 640 ដុល្លារ។

បច្ចុប្បន្ន Kasikornbank របស់ ថៃ និង​ក្រុមហ៊ុន​ទូរគមនាគមន៍ សិង្ហ​បុរី គឺជា​អតិថិជន​សំខាន់ ក្នុងចំណោម​អតិថិជន​ជាង 200 របស់ Nium។ ដូច​ទៅនឹង Stripe កម្មវិធី​របស់ Nium ក៏​ជួយ​ឱ្យ​ក្រុមហ៊ុន​នានា ទទួលយក​ការទូទាត់​ប្រាក់​តាម​អន​ឡាញ និង​ផ្ញើ​ប្រាក់ ក៏ដូចជា​ចេញ​ប័ណ្ណឥណទាន​ធម្មតា និង​ប័ណ្ណ​និម្មិត៕

ប្រភព៖ Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement