Bloomberg ៖ «អាមេរិក បង្កក​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន»

មន្ត្រី​មួយរូប​របស់​រដ្ឋាភិបាល​លោក Joe Biden បាន​ទទួលស្គាល់ថា សហរដ្ឋអាមេរិក កំពុង​បង្កក​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ ដែលជា​កម្មសិទ្ធិ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន។

ទន្ទឹមនឹង​ការបង្ក​ក​ប្រាក់​ខាងលើ មន្ត្រី អាមេរិក រូបនេះ​ក៏បាន​ឱ្យដឹងថា សហរដ្ឋអាមេរិក ក៏បាន​ផ្អាក​ការផ្ទេរ​សាច់ប្រាក់​សុទ្ធ​ទៅឱ្យ អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ។ សកម្មភាព​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​រារាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម តា​លី​បង់ អាច​គ្រប់គ្រង​ប្រភព​នៃ​ខ្ទង់​ប្រាក់​នេះ​បាន។

ប្រភពព័ត៌មាន​របស់ Bloomberg អះអាងថា រាល់​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​ជាតិ​ណាមួយ​ដែល​ត្រូវបាន​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ដាក់​នៅឯ សហរដ្ឋអាមេរិក នឹងមិន​ត្រូវបាន​អនុញ្ញាត​ផ្ដល់ឱ្យ តា​លី​បង់ ព្រោះថា ក្រុម​នេះ​នៅតែ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​នៃ​បណ្ដា​ក្រុម​ដែល​ត្រូវ​រង​ការដាក់ទណ្ឌកម្ម របស់​ក្រសួង​ហិរញ្ញវត្ថុ សហរដ្ឋអាមេរិក។

ការដាក់ទណ្ឌកម្ម​រប​ស់ សហរដ្ឋអាមេរិក ចំពោះ តា​លី​បង់ គឺ​មានន័យថា ក្រុម​ប្រដាប់អាវុធ​នេះ មិនអាច​ចូលទៅ​គ្រប់គ្រង​ខ្ទង់​ថវិកា​ណា​ទាំងអស់។ ប្រភពព័ត៌មាន​បញ្ជាក់​ថា ភាគច្រើន​នៃ​ខ្ទង់​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន មិន​ត្រូវបាន​គ្រប់គ្រង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នោះទេ។ មកដល់ពេលនេះ ក្រសួង​ហិរញ្ញវត្ថុ អាមេរិក មិនទាន់បាន​អធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ៕

Advertisement