អតីត​ភរិយា​របស់ Bill Gates ស្ថិតក្នុង Top 30 នៃ​ស្ត្រី​មានទ្រព្យ​ច្រើន​បំផុត​នៅ សហរដ្ឋអាមេរិក ក្រោយ​លែងលះ

Melinda French Gates កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី 28 នៅ សហរដ្ឋអាមេរិក។

យោងតាម​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន Real Time របស់ Forbes អ្នកស្រី Melinda French Gates ដែលជា​អតីត​ភរិយា​របស់​មហាសេដ្ឋី អាមេរិក Bill Gates បច្ចុប្បន្ន មានទ្រព្យ​សរុប 5.7 ពាន់​លាន​ដុល្លារ និង​ជា​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី 28 នៅ សហរដ្ឋអាមេរិក។ ចំណែក MacKenzie Scott ដែលជា​អតីត​ភរិយា​របស់​ម្ចាស់ Amazon លោក Jeff Bezos កំពុង​ជាម​ហា​សេដ្ឋិនី​លំដាប់​ទី​ពីរ​នៅ សហរដ្ឋអាមេរិក ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប 53.8 ពាន់​លាន​ដុល្លារ។ នៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នេះ គឺ Alice Walton ដែលជា​អ្នក​ស្នង​មរតក​នៃ​ក្រុមហ៊ុន Walmart ដោយមាន​ទ្រព្យ 67.8 ពាន់​លាន​ដុល្លារ។

យោងតាម​ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាមេរិក កាលពី​ថ្ងៃទី 5 សីហា មូលនិធិ​វិនិយោគ Cascade Investment របស់លោក Gates បាន​ផ្ទេរ​មូល​ប​ត្រ​ចំនួន 3.3 លាន​ហ៊ុន​របស់ AutoNation តម្លៃ​ប្រហែល 387 លាន​ដុល្លារ ទៅឱ្យ Melinda។ អតីត​ភរិយា​របស់លោក Gates ក៏​ទទួលបាន​មូល​ប​ត្រ 2.8 លាន​ហ៊ុន​របស់ Deere & Co. តម្លៃ​ប្រហែល 1 ពាន់​លាន​ដុល្លារ និង​មូល​ប​ត្រ 9.5 លាន​ហ៊ុន​របស់ Canadian National Railway Co. តម្លៃ​ជាង 1 ពាន់​លាន​ដុល្លារ។

អ្នកស្រី Melinda French Gates

មុន​នោះ បន្ទាប់ពី​បានប្រកាស​លែងលះ​កាលពីដើម​ខែឧសភា អ្នកស្រី Melinda ក៏​ទទួលបាន​មូល​ប​ត្រ​ពី​បណ្ដា​ក្រុមហ៊ុន​ខាងលើ ក្នុងតម្លៃ​ជាង 3 ពាន់​លាន​ដុល្លារ​ផងដែរ។

ចំណែក​លោក Bill Gates វិញ Forbes បាន​គណនា​ឃើញថា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft កំពុង​កាន់កាប់​ទ្រព្យ​ដែលមាន​តម្លៃ 129.9 ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក បន្ទាប់ពី Jeff Bezos, Elon Musk និង Bernard Arnault។

គួររំលឹកថា Bill និង Melinda បាន​ជួបគ្នា​នៅឯ​ក្រុមហ៊ុន Microsoft ដែល​ពេលនោះ លោក Gates គឺជា CEO។ Melinda ចាប់ផ្ដើម​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​កម្មវិធី​ឯកសារ​របស់ Microsoft នៅ​ឆ្នាំ 1987។ កាល​ណោះ អ្នកស្រី​គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ក្នុងចំណោម​អ្នក​ដែលមាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ Microsoft។ កាលពី​ខែឧសភា ឆ្នាំនេះ លោក Gates និង​អ្នកស្រី Melinda បានប្រកាស​លែងលះគ្នា បន្ទាប់​ពី​រស់នៅ​ជា​ប្ដី​ប្រពន្ធ​បាន 27 ឆ្នាំ៕

Advertisement