ចិន បង្កើត​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ ដែលមាន​ទុន​ជាង 1.7 ពាន់​លាន​ដុល្លារ

ប្រទេស​ចិន មាន​ផែនការ​បង្កើត​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ ដែលមាន​ទុន​ជិត 11.2 ពាន់​លាន​យុន (ជាង 1.7 ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​គ្រា​ដែល​ប្រជាជន​របស់​ប្រទេស​នេះ កំពុង​ចាស់​យ៉ាង​លឿន។

សមាគម​ធានារ៉ាប់រង​ចិន ឱ្យដឹងថា ស្ថាប័ន​ចំនួន 17 នឹង​បណ្ដាក់ទុន​ទៅក្នុង​ក្រុមហ៊ុន​នេះ។ ក្នុងនោះ ផ្នែក​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃ​ធនាគារ​ធំ​បំផុត​ចំនួន 5 នៅ​ប្រទេស​ចិន មួយស្ថាប័នៗ វិនិយោគ 1 ពាន់​លាន​យុន ស្មើនឹង 8.97% នៃ​មូល​ប​ត្រ​សរុប​របស់​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ។ ក្រៅពីនេះ ក្រុមហ៊ុន​ជើងសា​ធំជាងគេ​ប្រចាំ​ប្រទេស​ចិន គឺ Citic Securities, Taikang Life Insurance រួម​នឹង​ក្រុមហ៊ុន​វិនិយោគ​ដែល​ស្ថិតក្រោម​គណៈកម្មការ​គ្រប់គ្រង​ទ្រព្យ​សាធារណៈ ក៏​នឹងចូលរួម​ធ្វើ​សកម្មភាព​ផងដែរ។

ប្រទេស​ចិន ជិត​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ចូលនិវត្តន៍ នៅពេល​ល្បឿន​នៃ​ភាព​ចាស់ជរា​របស់​ប្រជាជន កំពុង​កើនឡើង ខណៈ​ក្រុម​ដែល​ស្ថិតក្នុង​វ័យ​ធ្វើការ និង​អត្រា​នៃ​ការ​បង្កើតកូន កំពុង​ធ្លាក់ចុះ។ នេះ​បើតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ប្រជាជន ដែល 10 ឆ្នាំ ប្រកាស​ម្ដង បានឱ្យដឹង​កាលពី​ខែឧសភា  ឆ្នាំ 2021។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន នឹង​ពង្រីក​វិសាលភាព​របស់​វិស័យ​ធានារ៉ាប់រង​ការចូលនិវត្តន៍​ជា​មូលដ្ឋាន ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ទន្ទឹមនឹងនេះ​ក៏​លើកទឹកចិត្ត​ឱ្យ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​លើ​ការចូលនិវត្តន៍​ឯកជន បង្កើន​អាយុ​ចូលនិវត្តន៍​ផងដែរ។ នេះ​បើតាម​គម្រោង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែកក្កដា។

ឯកសារ​របស់ Citic Securities កន្លងមក បានផ្ដល់​តម្រុយ​ខ្លះ​អំពី​ផែនការ​នេះ របស់​រដ្ឋាភិបាល ទៅឱ្យ​ក្រុមអ្នកវិភាគ។ ជាក់ស្ដែង ក្រុមហ៊ុន​ចំនួន 2 បាន​ត​ភ្ជាប់​ជាមួយនឹង​ស្ថាប័ន​ជើងសា Citic Securities ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​ចំនួន 15 ផ្សេងទៀត ក្នុង​បំណង​បង្កើត​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង។

ឯកសារ​​ខាង​លើ​បានឱ្យដឹងថា ក្រុមហ៊ុន​ដែល​កំពុង​រង់ចាំ​ការអនុម័ត​ពី​រដ្ឋាភិបាល​នេះ នឹង​គ្រប់គ្រង​បណ្ដា​មូលនិធិ​សោធន​និវត្តន៍​ពាណិជ្ជកម្ម, ធានារ៉ាប់រង​សុខភាព​រយៈពេល​ខ្លី និង​រយៈ​ពេល​​មធ្យម, ធានារ៉ាប់រង​អាយុជីវិត និង​មូលនិធិ​ទំនុកចិត្ត​នានា​សម្រាប់​គោលដៅ​ចូលនិវត្តន៍។

ក្រុមអ្នកវិភាគ​ព្យាករ​ថា ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ របស់​ចិន នឹង​ដើរតួនាទី​សំខាន់​នៅលើ​ទីផ្សារ​សោធន​និវត្តន៍​ដែល​​ប្រកប​ដោយ​​ការប្រកួតប្រជែង​ខ្ពស់។

ប្រទេស​ចិន កំពុងដំណើរការ​ប្រព័ន្ធ​សោធន​និវត្តន៍ ដោយ​ប្រើប្រាស់​មូលដ្ឋានធំៗចំនួន 3 ក្នុងនោះ មូលដ្ឋាន​ចម្បង​ជាងគេ​គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​កាន់កាប់ 82.9% នៃ​ទ្រព្យ​សរុប​របស់​មូលនិធិ​សោធន​និវត្តន៍​នៅ​ប្រទេស​នេះ។ មូលដ្ឋាន​ទី 2 គឺ​មូលនិធិ​នានា​ដែល​អ្នកប្រើប្រាស់​ពលករ បាន​ចូលរួម​ជាប្រចាំ​ឆ្នាំ ក្នុងនោះ​រួមមាន​ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន 13 ផងដែរ។ មូលដ្ឋាន​ទី 3 កំពុងស្ថិត​ក្នុងដំណាក់កាល​ក្មេងខ្ចី ប៉ុន្តែ មាន​សក្ដានុពល​ខ្លាំង នៅពេល​ប្រទេស​ចិន ជំរុញ និង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ដល់​វិស័យ​សោធន​និវត្តន៍​ឯកជន៕

Advertisement