ពីប្រុស​​ម្នាក់​​មិនហ៊ាន​ទាំង​ប៉ាវ​​​មិត្ត​ស្រី​ញ៉ាំ​អាហារ​ ឬ​​កាហ្វេ​ Starbucks តែ​កំលោះ​ដែល​បោះ​បង់​ការ​ងារ​​អចលន​ទ្រព្យ​រូប​នេះ​ បច្ចុប្បន្ន​​រក​​បាន​​ប្រាក់​​​ខ្ទង់​​លាន​​ដុល្លារ​/ឆ្នាំ​​ ពី​​ឆានែល​​ Yuotube

ធ្លាប់ជា​មនុស្ស​ម្នាក់​ដែល​មិន​ទាំង​ហ៊ាន​ទិញ​កាហ្វេ​ប្រេន Starbucks ឬ​ត្រូវ​ទៅ​ក្រៅ​ញ៉ាំ​អី​ដោយ​ចេញ​ប្រាក់រៀងៗខ្លួន​ជាមួយ​មិត្តស្រី ពេលនេះ Graham Stephan សន្សំ​បាន​ប្រាក់​ច្រើន និង​ចំណាយ​អស់ 45,000 ដុល្លារ​អាមេរិក រួចហើយ សម្រាប់​អាង​ចិញ្ចឹម​ត្រី​ក្នុងផ្ទះ។

ឈាន​ជើង​ចូលដល់​ផ្ទះ​របស់ Graham Stephan នៅ Las Vegas អ្វីដែល​អ្នកមើល​ឃើញ​មុនគេ នោះ​គឺ​អាង​ចិញ្ចឹម​ត្រី​សម្រាប់​កំសាន្ត​ប​បែប​ទំនើប​ដ៏​ធំ​មួយ។ អាង​ចិញ្ចឹម​ត្រី​នេះ​គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ​ជីវភាព​របស់ Stephan ចាប់ពី​ឆ្នាំ 2019 ដែល​កាលណោះ​គាត់​នៅ​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​វិស័យ​អចលនទ្រព្យ ទន្ទឹមនឹង​ការធ្វើ​វីដេអូ​សម្រាប់​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន​នៅឯ​ផ្ទះ​ដែល​ស្ថិតក្នុង​ទីក្រុង Los Angeles។

បច្ចុប្បន្ន យីហោ​របស់ Stephan រួមមាន ឆា​នែ​ល Youtube ចំនួន 5 និង​ទំព័រ podcast ចំនួន 1។ Stephan ជួល​បុគ្គលិក 2 នាក់​ដើម្បី​ជួយ​ការងារ​ដ៏​ច្រើន​របស់ខ្លួន។ សេដ្ឋី​វ័យ 31 ឆ្នាំ​រូបនេះ បាន​រើ​ទៅកាន់​ផ្ទះមួយ​ខ្នង​ដែលមាន​តម្លៃ 1.4 លាន​ដុល្លារ និង​រស់នៅ​ជាមួយ​មិត្តស្រី Macy។

Graham Stephan និង​មិត្ត​ស្រី

ក្រោយពី​ឈានដល់​ពេល​រកបាន 1 លាន​ដុល្លារ/ឆ្នាំ កាលពី​ឆ្នាំ 2019 និង​រកបាន 5.1 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020 លោក Stephan ក៏​នឹង​រកបាន​ប្រហែល 6 លាន​ដុល្លារ (បាន​ទូទាត់​ការចំណាយ​រួចរាល់) នៅក្នុង​ឆ្នាំនេះ ដែល​ក្នុងនោះ 3 លាន​ដុល្លារ​បានមកពី​ការផ្សាយពាណិជ្ជកម្ម​នៅលើ Youtube ហើយ​ក្រៅពីនេះ​គឺ​បានមកពី​កិច្ចសន្យា​ឧបត្ថម្ភ និង​លក់​វគ្គ​សិក្សា​នៅលើ​ទំព័រ Teachable។

សេដ្ឋី Stephan ទទួលបាន​ជោគជ័យ​ដូច្នេះ ក្រោយពី​បាន​បោះបង់​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ ដើម្បី​ចំណាយពេល​ទាំងស្រុង​ទៅលើ Youtube។

ខាងក្រោម​នេះ​គឺជា​ដំណើរ​ក្លាយជា​អ្នកមាន​ដោយសារ ឆា​នែ​ល Youtube របស់ Stephan ៖

1-ផ្ដោតទៅលើ​ការធ្វើ​វីដេអូ នៅលើ Youtube

Stephan បោះបង់​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន Oppenheim ដោយសារ​មូលហេតុ​មួយចំនួន។ ប៉ុន្តែ ពិសេស​បំផុត​គឺ​គាត់​យល់ឃើញថា ខ្លួន​គួរ​ចំណាយពេល​ទាំងអស់​ទៅលើ Youtube ជាជាង​ការងារ​លក់​ផ្ទះ។ មុន​នោះ នៅពេល​ចាប់ផ្ដើម​ល្បីឈ្មោះ Stephan បាន​ចំណាយ​ពេលវេលា 20% សម្រាប់​អចលនទ្រព្យ និង 80% សម្រាប់ Youtube។ ជាធម្មតា Stephan ធ្វើ​វីដេអូ រហូតដល់​ម៉ោង 2 រំលងអធ្រាត្រ។

កាលពី​ពាក់កណ្ដាល​ឆ្នាំ 2020 Stephan បាន​ងាក​ទៅធ្វើ​វីដេអូ បង្ហោះ​លើ Youtube ដោយ​ប្រើ​ពេលវេលា​ជាង 8 ម៉ោង​ដែល​ខ្លួន​មាន។ ឆា​នែ​ល របស់គាត់​កាលណោះ​មាន​អ្នកតាមដាន​ប្រហែល 1.5 លាន​នាក់ ហើយ​វា​ក៏​ជា​ពេលដែល​គាត់​រកបាន 1 លាន​ដុល្លារ​ពី Youtube។

បច្ចុប្បន្ន ឆា​នែ​ល សំខាន់​ជាងគេ​របស់ Stephan មាន​អ្នក​ចុះឈ្មោះ​តាមដាន​ប្រហែល 3.5 លាន​នាក់។ ចាប់ពី​ដើមឆ្នាំ រហូតដល់​ខែកក្កដា​កន្លងទៅ គាត់​រកបាន​ជិត 1.5 លាន​ដុល្លារ ពី​ការផ្សាយពាណិជ្ជកម្ម​នៅលើ ឆា​នែ​ល Youtube របស់ខ្លួន។

Stephan ល្បីឈ្មោះ​ដោយសារតែ​វីដេអូ​របស់គាត់​និយាយ​អំពី​ខ្ទង់​វិនិយោគ និង​ចំណូល​ដែល​បានមកពី​វិស័យ​អចលនទ្រព្យ​របស់ខ្លួន។ ប៉ុន្តែ Stephan បាន​ពង្រីក​ទៅកាន់​ខ្លឹមសារ​វិភាគ​ព័ត៌មាន ក៏ដូចជា​ការបកស្រាយ​អំពី​ប្រធានបទ​ហិរញ្ញវត្ថុ និង​រូបិយ​បណ្ណ​ឌីជីថល ឬ​មូល​ប​ត្រ​ជាដើម។ រៀងរាល់ថ្ងៃ ការងារ​របស់ Stephan អូសបន្លាយ​ពេល​ពី​ម៉ោង 6 កន្លះ​ព្រឹក ដល់​ម៉ោង 6 ឬ 7 យប់។

2-Stephan រើ​ផ្ទះ​ពី Los Angeles ទៅ​រស់​នៅឯ Las Vegas

កាលពី​ខែធ្នូ ឆ្នាំ 2020 Stephan សម្រេចចិត្ត​រើ​ទៅ​រស់នៅក្នុង​ទីក្រុង Las Vegas ព្រោះតែ​ផ្ទះ​នៅឯ Los Angeles តូចចង្អៀត​ពេក។ ជំនួស​ឱ្យ​ការលក់​ផ្ទះ​ចាស់ Stephan បានសម្រេច​ចិត្ត​ដាក់ឱ្យ​ជួល។

3-Stephan បាន​ប្ដូរផ្លាស់​ទម្លាប់​សន្សំសំច័យ​មួយចំនួន

មុន​នោះ Stephan ល្បីឈ្មោះ ហើយ​ទ្រព្យ​ក៏បាន​កើនឡើង​ដល់ 1 លាន​ដុល្លារ ដោយ​គាត់​មាន​ទម្លាប់​សន្សំសំច័យ​កម្រិត​ខ្ពស់ ដែល​ហៅថា «រិះ ឬ កំណាញ់»។ គាត់​បាន​ក្លាយជា​សេដ្ឋី​ក្នុង​វ័យ 26 ឆ្នាំ ដោយសារ​សន្សំសំច័យ 99% នៃ​ប្រាក់ចំណូល​សរុប និង​តែង​ចេញ​លុយ​រៀងខ្លួន​ពេល​ទៅ​ញ៉ាំ​អី​នៅ​ខាងក្រៅ​ជាមួយ​មិត្តស្រី ព្រមទាំង​មិន​ចូលចិត្ត​ទិញ​កាហ្វេ ឬ​របស់របរ​ប្រែន។

បច្ចុប្បន្ន Stephan ល្បីឈ្មោះ​ជាង​មុន និង​មានទ្រព្យ​សរុប 15.5 លាន​ដុល្លារ។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Stephan ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ទាក់ទង​នឹង​ការចំណាយ។ គាត់​បានដឹងថា ការចាយវាយ ពេលខ្លះ​មាន​ប្រយោជន៍​ជាង​ការ​សន្សំ​តាំងពី 1 កាក់ 1 សេន។ បើទោះជា​នៅតែ​មិន​ព្រម​ចូល​ហាង​កាហ្វេ​ប្រែនៗ ប៉ុន្តែ ពេលនេះ Stephan ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចាយលុយ​នៅ​កន្លែង​មួយចំនួន។

«មេរៀន​ធំ​បំផុត​ដែល​ខ្ញុំ​រៀនសូត្រ​បាន​នៅពេល​ចាប់ផ្ដើម​ចាយវាយ​ដោយ​ធូរចិត្ត នោះ​គឺថា ប្រាក់​អាចជួយ​ឱ្យ​ខ្ញុំ​ទិញ​ពេលវេលា» Stephan ឱ្យដឹង​ដូច្នេះ។

Stephan ប្រាប់ថា រាល់​ខែ គាត់​ចំណាយ 130 ដុល្លារ​សម្រាប់​សេវាកម្ម​សម្អាត​អាង​ចិញ្ចឹម​ត្រី និង 205 ដុល្លារ​សម្រាប់​ការរៀបចំ​ផ្ទះសំបែង។ Stephan និយាយថា ខ្ទង់​ប្រាក់​ទាំងនេះ​គួរតែ​ត្រូវ​ចំណាយ ព្រោះថា គាត់​អាច​ប្រើប្រាស់​ពេលវេលា​នោះ​ដើម្បី​ធ្វើការ ឬ​សម្រាក​យក​កម្លាំង។

ទោះជា​នៅតែ​តាមដាន​ការចំណាយ ប៉ុន្តែ Stephan បាន​បន្ធូរបន្ថយ​ខ្លះ​ហើយ​លើ​ការ​រឹតត្បិត​ការចំណាយ នៅពេល​រកបាន​ប្រាក់​ច្រើនជាង​មុន។ CNBC បានឱ្យដឹងថា សេដ្ឋី Stephan សន្សំ​បានជា​មធ្យម 400,000 ដុល្លារ រៀងរាល់ខែ ហើយ 60% ក្នុង​ខ្ទង់​នេះ​ត្រូវបាន​យកទៅ​វិនិយោគ​បន្ថែម សល់​ពីនេះ​នឹងត្រូវ​ដាក់​ទៅក្នុង​គណនី​បញ្ញើ​សន្សំ​ដែលមាន​ការប្រាក់​ខ្ពស់៕

Advertisement