ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ទាំង 5 របស់​ពិភពលោក នា​ឆ្នាំ 2021

បងប្អូន​ត្រកូល​ Walton

យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 ដុល្លារ​អាម៉េរិក កើត 312,000,000,000 ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

ក្រុម​ត្រកូល​អ្នកមាន​នៅលើ​ពិភពលោក រកបាន​ប្រាក់​យ៉ាងច្រើន​ក្នុងអំឡុង 1 ឆ្នាំ​កន្លងទៅនេះ។ ភាពសម្បូរ​ទ្រព្យ​ដែល​ងាយស្រួល​លក់ដូរ និង​ទីផ្សារ​មូល​ប​ត្រ​ឡើងដល់​កំពូល​ជា​បន្តបន្ទាប់ បូករួម​នឹង​គោលនយោបាយ​ពន្ធដារ​ប្រកបដោយ​អត្ថប្រយោជន៍​គឺជា​កត្តា​ដែល​ជួយ​ឱ្យ​ទ្រព្យ​ដែល​ពួកគេ​រកបាន កាន់តែ​រីក​មាឌ។ យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 (1.7 សែន​កោដិ ឬ 1.7 ទ្រី​លាន) ដុល្លារ​អាម៉េរិក កើត 312,000,000,000 (3.12 សែន​កោដិ ឬ 312 ពាន់​លាន​ដុល្លារ) ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

ឈរ​លំដាប់​ទីមួយ​ដែលជា​ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​សកលលោក​រយៈពេល 4 ឆ្នាំ​បន្តបន្ទាប់​គឺ Waltons មកពី Arkansas សហរដ្ឋ​អាម៉េរិក។ ត្រកូល​នេះ​កំពុង​កាន់កាប់​ទ្រព្យ​ចំនួន​ពាក់កណ្ដាល​នៅក្នុង​បណ្ដាញ​ផ្សារ​លក់រាយ Walmart។ ធៀប​នឹង​ឆ្នាំ 2020 ទ្រព្យ​របស់​ត្រកូល​នេះ​បាន​កើន​ថែម 23 ពាន់​លាន​ដុល្លារ មានន័យថា ត្រកូល Waltons រកបាន 63 លាន​ដុល្លារ/ ថ្ងៃ ឬ 2.6 លាន​ដុល្លារ/ម៉ោង ឬក៏ 44,000 ដុល្លារ/វិនាទី។

ថ្ងៃ​ណា​ក៏​គេ​ឃើញ​ធនាគារ Goldman Sachs តំណាងឱ្យ​ត្រកូល Waltons លក់​ភាគហ៊ុន។ ក្នុង​សប្ដាហ៍​កន្លងទៅ ត្រកូល​នេះ​បាន​លក់​ភាគហ៊ុន​តម្លៃ 294 លាន​ដុល្លារ។ ជា​សរុប ក្នុង​រយៈពេល 7 ខែ​ចុង​ក្រោយនេះ ត្រកូល Waltons លក់​ភាគហ៊ុន Walmart បាន​រហូតដល់​ជាង 6 ពាន់​លាន​ដុល្លារ។

ប៉ុន្តែ បណ្ដា​កូនចៅ​ជំនាន់​ក្រោយ​របស់ Sam Walton បច្ចុប្បន្ន​នៅតែ​កាន់កាប់​មូល​ប​ត្រ​ចំនួន 1,334,480,250 ហ៊ុន នៅក្នុង​ក្រុមហ៊ុន Walmart។ ដោយសារ​តម្លៃ​ភាគហ៊ុន Walmart កើនឡើង​ខ្ពស់​ក្នុង 1 ឆ្នាំ​កន្លង ទ្រព្យ​របស់​គ្រួសារ Walton ក៏​កើនឡើង​គួរឱ្យកត់សម្គាល់។

ជោគជ័យ​របស់ Walmart ជួយ​ឱ្យ​ត្រកូល Waltons ដែល​មកពី Arkansas (បច្ចុប្បន្ន​បាន​ឈានចូល​ដល់​ជំនា​ន់ទី​បី រាប់​ចាប់តាំងពី Walmart បានបង្ហាញ​ខ្លួន) មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី Jeff Bezos និង Elon Musk ទៅទៀត។ ត្រកូល Waltons ក៏មាន​ប្រាក់​ច្រើនជាង​ជិត 100 ពាន់​លាន​ដុល្លារ ធៀប​នឹង​ត្រកូល​អ្នកមាន​លំដាប់​ទី​ពីរ​គឺ Mars។

ត្រកូល Mars

Mars និង Waltons គឺជា​ត្រកូល​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំ​កន្លង ដោយសារតែ​ផលិតផល​របស់​ពួកគេ​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​អំឡុង COVID-19 កំពុង​រាតត្បាត ក្នុងនោះ​ក៏មាន​ផលិតផល​ដែល​ទាក់ទង​នឹង​ផ្សារ​អន​ឡាញ​ផងដែរ។

នៅមាន​ត្រកូល​ជាច្រើន​ផ្សេងទៀត​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​និន្នាការ​ប្ដូរផ្លាស់​ថ្មី​នៅក្នុង​វិស័យផ្សេង។ ត្រកូល Johnsons ដែល​នៅ​ពីក្រោយ​មូលនិធិ​វិនិយោគ Fidelity Investments រកបាន​ប្រាក់​ច្រើន​ពី​ការពេញនិយម​នៃ​ការជួញដូរ​មូល​ប​ត្រ​អន​ឡាញ។ ចំណែក​ត្រកូល​អ្នកមាន​បំផុត​នៅ​ទ្វីបអាស៊ី គឺ Ambanis ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ទិន្ន​ការ​ថាមពលបៃតង និង​និន្នាការ​នៃ​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation)។

នៅពេល COVID-19 រាតត្បាត​ខ្លាំង​បំផុត បណ្ដា​យីហោ​ប្រណិត​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ត្រូវគេ​ព្យាករ​ថា​នឹង​ជួប​វិបត្តិ​ធំ។ ប៉ុន្តែ ត្រកូល​នានា​ដែល​នៅ​ពីក្រោយ​យីហោ​លំដាប់​ខ្ពស់​ទាំងនោះ បែរជា​រកបាន​ប្រាក់​ច្រើន​ទៅវិញ។ ត្រកូល Lauders ដែល​នៅ​ពីក្រោយ​យីហោ​ផលិតផល​គ្រឿងសម្អាង Estee Lauder ជា​លើកដំបូង​មានឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់ ខណៈដែល​ទ្រព្យ​របស់​ត្រកូល Hermes កើន 75% ពោលគឺ​ឡើងដល់ 112 ពាន់​លាន​ដុល្លារ។

ត្រកូល​មួយចំនួន​រង​ផលប៉ះពាល់​ដោយសារ​ជាប់ពន្ធ​ស្នង​មរតក ក្នុងនោះ ត្រកូល Lee ដែល​គ្រប់គ្រង Samsung គឺជា​ឧទាហរណ៍​មួយ។ ត្រកូល​នៅ កូរ៉េខាងត្បូង​មួយ​នេះ​បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់ ដោយសារតែ​ត្រូវ​បង់ពន្ធ​ចំនួន 11 ពាន់​លាន​ដុល្លារ លើ​ការ​ស្នង​មរតក​ក្រោយពី​លោក Lee Kun-hee បាន​ស្លាប់។

ត្រកូល Kochs

ខាងក្រោម​នេះ​គឺជា​ត្រកូល​អ្នកមាន​ជាងគេ​ទាំង 5 របស់​ពិភពលោក ដែល​យោងតាម​តារាង​ចំណាត់ថ្នាក់​របស់ Bloomberg ៖

1-ត្រកូល Walton

ក្រុមហ៊ុន៖ Walmart

ទ្រព្យ​សរុប៖ 238.2 ពាន់​លាន​ដុល្លារ

អាសយដ្ឋាន៖ Bentonville, Arkansas, សហរដ្ឋ​អាម៉េរិក

2-ត្រកូល Mars

ក្រុមហ៊ុន៖ Mars

ទ្រព្យ​សរុប៖ 141.9 ពាន់​លាន​ដុល្លារ

អាសយដ្ឋាន៖ McLean, Virginia, សហរដ្ឋ​អាម៉េរិក

3-ត្រកូល Kochs

ក្រុមហ៊ុន៖ Koch Industries

ទ្រព្យ​សរុប៖ 124.4 ពាន់​លាន​ដុល្លារ

អាសយដ្ឋាន៖ Wichita, Kansas, សហរដ្ឋ​អាម៉េរិក

4- ត្រកូល Hermes

ក្រុមហ៊ុន៖ Hermes

ទ្រព្យ​សរុប៖ 111.6 ពាន់​លាន​ដុល្លារ

អាសយដ្ឋាន៖ Paris, ប្រទេស​បារាំង

5-រាជវង្ស Al Saud

ទ្រព្យ​សរុប៖ 100 ពាន់​លាន​ដុល្លារ

អាសយដ្ឋាន៖ Riyadh, រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត

Advertisement