កំលោះ​វ័យ 26 ឆ្នាំ មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ តែ​រកប្រាក់​ទិញ​បាន​ផ្ទះ​ជាង 1 ពាន់​ខ្នង​ទុក​ជួល៖ ការងារ​ជា​អ្នកលក់​ធានារ៉ាបរង ត្រូវ​សន្សំ​ប្រាក់​ពីមួយ​កាក់-មួយ​សេន និង​វិនិយោគ​មិនចេះ​ស្ទាក់ស្ទើរ

ក្នុង​វ័យ 21 ឆ្នាំ កំលោះ​រូបនេះ ទិញ​បាន​អគារ​ស្នាក់នៅ (apartment) មួយ​ខ្នង ដែលមាន​រហូតដល់ 20 បន្ទប់ ទុក​សម្រាប់​ជួល។

នៅពេល Abraham Anderson ទិញ​បាន​អគារ​មួយ​ខ្នង​ដែលមាន 20 បន្ទប់ គឺជា​ឆ្នាំ​ដែល​គាត់​មាន​អាយុ​ទើបតែ 21 ប៉ុណ្ណោះ ហើយ​ពេលនេះ (2021) ស្ថិតក្នុង​វ័យ 26 ឆ្នាំ កំលោះ​នេះ​មានផ្ទះ​រហូតដល់ 1,300 ខ្នង ទុក​សម្រាប់​ជួល។

Anderson មិនមែនជា​អ្នកជំនាញ​ខាង​អចលនទ្រព្យ ហើយ​គាត់​ក៏​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ​នោះដែរ។ វ័យ 18 ឆ្នាំ Anderson ចាប់ផ្ដើម​ធ្វើជា​អ្នកលក់​ធានារ៉ាប់រង ដូច្នេះ ប្រាក់ចំណូល​សំខាន់​របស់គាត់​បានមក​ពី​កម្រៃជើងសារ។ សម្រាប់​គាត់ ប្រការនេះ​មានន័យថា គាត់​អាច​រកប្រាក់​បាន​យ៉ាងច្រើន ធៀប​នឹង​វ័យ​របស់ខ្លួន ឱ្យតែ​គាត់​ឧស្សាហ៍​ព្យាយាម​គ្រប់គ្រាន់។

ក្នុង​ឆ្នាំ​ដំបូង គាត់​រកបាន 143,000 ដុល្លារ​អាម៉េរិក រស់នៅ​ជាមួយ​ឪពុកម្ដាយ និង​សន្សំសំច័យ​ប្រាក់​យ៉ាងខ្លាំង។ នៅពេល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ចុះកិច្ចសន្យា គាត់​តែងតែ​គេង​នៅក្នុង​រថយន្ត​ដើម្បី​ចៀសវាង​ការជួល​បន្ទប់​សណ្ឋាគារ។ អាហារ​ពេលព្រឹក​របស់គាត់​គឺ​នំប៉័ង​តម្លៃ​ទាប​មួយ​ដើម​ដែល​ទិញ​ពី Walmart។

ការប្រឹងប្រែង​របស់ Anderson ក៏​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត។ ខ្ទង់​ចំណូល​ដែល​គាត់​សន្សំ​បាន ក៏បាន​ជួយ​ប្ដូរផ្លាស់​ជីវិត​របស់គាត់ និង​ជួយ​ឱ្យ​គាត់​សម្រេចបាន «សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ» ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ការជួញដូរ​ដំបូង

ក្នុង​វ័យ 19 ឆ្នាំ Anderson ចំណាយ​ប្រាក់ 56.000 ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ដុំ​នៅ Cleveland ក្នុង​រដ្ឋ Tennessee។ ឪពុក​របស់​មិត្ត Anderson គឺជា​អ្នកម៉ៅការ​សំណង់ ទើប​ក្លាយជា​អ្នកទទួលយក​ការងារ​សាងសង់​ផ្ទះមួយ​ខ្នង​នៅលើ​ដី​នេះ។

ដើម្បី​មាន​ប្រាក់ Anderson បាន​ចុះឈ្មោះ​ខ្ចីប្រាក់​ឥណទាន​ពី​ធនាគារ​មួយ​នៅក្នុង​តំបន់។ ជាធម្មតា វា​ពិបាក​ទៅរួច សម្រាប់​ការខ្ចីប្រាក់​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់ចំណូល​ពេញ​មួយឆ្នាំ ចំពោះ​មនុស្ស​ម្នាក់​ដែលមាន​អាយុ​ប៉ុន​នេះ។ ប៉ុន្តែ ឪពុក​របស់​មិត្ត​ម្នាក់​នោះ បាន​ណែនាំ Anderson ជាមួយនឹង​ធនាគារ​មួយ ដែល​នេះ​បាន​ជួយ​ឱ្យ​ទំនុកចិត្ត​កើនឡើង។ គាត់​ខ្ចី 300,000 ដុល្លារ ជាមួយនឹង​ការប្រាក់ 5%។ មួយរយៈ​ពេល បន្ទាប់ពី​បានបញ្ចប់​ការសាងសង់ Anderson ក៏បាន​លក់​អគារ​នេះ និង​សងបំណុល ហើយ​ចំណេញ​បាន 74,000 ដុល្លារ។

«នេះ​មិនមែនជា​វិធី​ដែល​ខ្ញុំ​ណែនាំ​ដល់​អ្នកវិនិយោគ​ដំបូង​នោះទេ។ បើសិនជា​ទិញ​បាន​ផ្ទះមួយ​ខ្នង ហើយ​ជួសជុល កែលម្អ រួចហើយ​លក់​ទៅវិញ ខ្ញុំ​អាច​រកប្រាក់​បាន​ច្រើនជាង​នេះ ឬ​យ៉ាងហោច​ក៏​ស្មើ​នេះ។ ចំណែក​ការស្វែងរក​ទិញ​ដី ខ្ចីប្រាក់ សាងសង់​ផ្ទះ សុទ្ធតែ​ត្រូវការ​ពេលវេលា និង​កម្លាំង​ច្រើន។ សំណាងល្អ​ដែល​ខ្ញុំ​អាច​ខ្ចី​បាន​ប្រាក់ ព្រោះតែ​បញ្ជាក់បាន​អំពី​លទ្ធភាព​សងបំណុល»។

ពង្រីក​វិស័យ​សម្រាប់​វិនិយោគ

នៅពេល​សាងសង់ និង​លក់​ផ្ទះ​ដំបូង Anderson នៅតែ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង និង​រស់នៅ​យ៉ាង​សន្សំសំច័យ។ ក្នុង​ឆ្នាំ​នោះ គាត់​សន្សំ​បាន 150,000 ដុល្លារ។ គាត់​សម្រេចចិត្ត​វិនិយោគ​ទៅលើ​អចលនទ្រព្យ​ពហុមុខ​ងារ នៅ Sevierville ក្នុង​រដ្ឋ Tennessee ដែល​អនុញ្ញាត​ឱ្យធ្វើជា​កា​រិ​យា​ល័យ​ផង និង​ស្នាក់នៅ​ផង។ Anderson បាន​ប្រើប្រាស់​វា ធ្វើជា​ទ្រព្យ​បញ្ចាំ​នៅក្នុង​ការទិញ​ដូរ​បន្ទា​ប់។

លើក​នេះ គាត់​សម្រេចចិត្ត «លេង​ធំ» ដោយ​ទិញ​អគារ​ស្នាក់នៅ​ដែលមាន​បន្ទប់​ចំនួន 20 ក្នុងតម្លៃ 1.3 លាន​ដុល្លារ។ ដោយសារតែ​ម្ចាស់​អគារ​នេះ​ត្រូវការ​ប្រាក់​បន្ទាន់ ទើប Anderson អាច​ទិញ​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ។ គាត់​ទូទាត់​មុន 10% ស្មើនឹង 130,000 ដុល្លារ។

បន្ទាប់ពី​បាន​ទិញ Anderson ក៏បាន​ជួសជុល កែលម្អ ហើយក៏​ដាក់ឱ្យ​ជួល។ ក្នុង​រយៈពេល 7 ឆ្នាំ​កន្លងមកនេះ គាត់​បាន​ទិញ និង​លក់​អចលនទ្រព្យ​ជាច្រើន ដើម្បី​រក​ចំណេញ និង​ទុក​ជួល។

នាពេល​បច្ចុប្បន្ន ក្រៅពី​ការបន្ត​វិនិយោគ​លើ​អចលនទ្រព្យ លោក Anderson ក៏​ថែមទាំង​ចែករំលែក​បទពិសោធន៍​ដោយ​មិន​គិតថ្លៃ​នៅលើ​គេហទំព័រ និង​ឆា​នែ​ល Youtube របស់ខ្លួន​ផងដែរ ដើម្បី​ជួយ​ដល់​គ្រប់គ្នា ទទួលបាន​ចំណេះដឹង​ច្រើន​នៅក្នុង​ដំណើរ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ៕

Advertisement