អាយុ 39 ឆ្នាំ ត្រូវបាត់​បង់​ការងារ ដល់​វ័យ 42 ឆ្នាំ ក្លាយជា​សេដ្ឋិនី៖ ការងារ​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​គឺជា​ស្នូល​នៃ​ជីវិតជោគជ័យ

ជីវភាព​របស់ Roshida Dowe ក្រោយពេល​ត្រូវគេ​បណ្ដេញ​ពី​ការងារ បាន​ក្លាយជា​ឱកាស​ដើម្បីឱ្យ​នាង​មាន​សេរីភាព សុភមង្គល និង​ធ្វើ​អ្វីដែល​នាង​ប្រាថ្នា។

Roshida Dowe គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ក្នុងការ​បំពេញការងារ ចាប់តាំងពី​ថ្ងៃ​ធ្វើការ​ដំបូង​ក្នុងតួនាទី​ជា​អ្នក​ទទួលភ្ញៀវ រហូត​ដល់ពេល​សម្រេច​ចិត្ត​ទៅ​រៀន​ច្បាប់ និង​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងតួនាទី​ជា​មេធាវី​ផ្នែក​ហិរញ្ញវត្ថុ​រថយន្ត​នៅ​ជ្រលង​ភ្នំ Silicon។

ក៏ប៉ុន្តែ នៅ​ឆ្នាំ 2018 ក្នុង​វ័យ 39 ឆ្នាំ គ្រប់យ៉ាង​បាន​ប្ដូរផ្លាស់​នៅពេល​នាង​ត្រូវគេ​បណ្ដេញ​ពី​ការងារ ហើយ​នាង​ក៏​សម្រេចចិត្ត​ចំណាយ​វេលា​មួយឆ្នាំ​នៅពេល​អត់​ការងារ​ធ្វើ ដើម្បី​ដើរទេស​ចរណ៍​ជុំវិញ​ពិភពលោក។ ក្នុង​ដំណើរ​ទេសចរណ៍ នាង​បានដឹង​ច្បាស់​ថា ខ្លួន​ចូលចិត្ត​សេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត ដូច្នេះ​នាង​ក៏​ប្ដេជ្ញា​ប្រែក្លាយ​ដំណើរ​ទេសចរណ៍​នេះ ឱ្យទៅជា​ជីវភាព​ប្រចាំថ្ងៃ។

Dowe បាន​បោះបង់​ការរស់នៅ​ឯ សហរដ្ឋ​អាម៉េរិក។ បច្ចុប្បន្ន នាង​រស់នៅក្នុង​ទីក្រុង Mexico City នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ជាទី​ដែល​នាង​ទទួលយក​បទពិសោធន៍​មួយ​ដែល​នាង​ហៅថា «ចូលនិវត្តន៍​ចៃដន្យ» ដោយ​ធ្វើជា​គ្រូបង្វឹក​ផ្នែក​ជីវិត និង​គ្រប់គ្រង​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន។

បច្ចុប្បន្ន នៅក្នុង​វ័យ 42 ឆ្នាំ Dowe កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ជាច្រើន​ដែលមាន​តម្លៃ​ជាង 1 លាន​ដុល្លារ និង​មានបំណង​ឆាប់​ចូលនិវត្តន៍។

លើកកម្ពស់​ខ្ទង់​ចំណូល កាត់បន្ថយ​ខ្ទង់ចំណាយ និង​សន្សំសំច័យ​ដើម្បី​ដោះបំណុល

បើទោះជា​ធំ​ឡើង​នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​មធ្យម ប៉ុន្តែ ឪពុក ម្ដាយ​របស់ Dowe កម្រ​ចែករំលែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គ្រួសារ​ដល់​នាង។

ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​ធ្វើជា​អ្នកទទួល​ភ្ញៀវ Dowe ក៏​មិនបាន​ស្ទាត់ជំនាញ​អ្វី​ដែរ អំពី​បញ្ហា​ហិរញ្ញវត្ថុ។ ការសម្រេចចិត្ត​ត្រលប់​ទៅ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Virginia ក៏​ព្រោះតែ​នាង​យល់ឃើញថា ប្រាក់ខែ​របស់​អ្នកទទួល​ភ្ញៀវ មិន​គ្រប់គ្រង​សម្រាប់​ទូទាត់​លើ​ខ្ទង់ចំណាយ​ប្រចាំថ្ងៃ​របស់​នាង។
ការសិក្សា​ផ្នែក​ច្បាប់​នឹង​ជួយ​ឱ្យ Dowe ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ឆ្ងាយ បើ​ទោះ​នាង​ត្រូវ​ទៅ​ខ្ចីប្រាក់​ពី​គេ 200,000 ដុល្លារ​សម្រាប់​បង់ថ្លៃ​សាលា។ ដើម្បី​អាច​សងបំណុល​អស់ នាង​ត្រូវ​កាត់បន្ថយ​ការចំណាយ​ជា​អតិបរមា និង​ប្រមូលប្រាក់​យកទៅ​សងបំណុល មុននឹង​ទូទាត់​ខ្ទង់ចំណាយ​ដទៃ។ ទោះជា​បាន​សងបំណុល​រួចរាល់​ហើយ​ក្ដី ក៏​នាង​នៅតែ​រក្សា​ទម្លាប់​សំច័យ​ប្រាក់ ហើយ​សន្សំទុក​ខ្លះ​សម្រាប់​ការវិនិយោគ។

បាត់បង់​ការងារ ប៉ុន្តែ រកឃើញអ្វីៗដែល​ខ្លួន​ចូលចិត្ត

ឆ្នាំ 2018 ក្រុមហ៊ុន​របស់​នាង បាន​បិទទ្វារ ហើយ Dowe ក៏ត្រូវ​បាត់បង់​ការងារ និង​បាត់បង់​ប្រាក់បៀវត្ស 200,000 ដុល្លារ។ ជំនួស​ឱ្យ​ការស្វែងរក​ការងារ​ថ្មីភ្លាមៗ Dowe សម្រេចចិត្ត​ដើរទេស​ចរណ៍​ពេញ​មួយឆ្នាំ។

Dowe បាន​ទៅដល់​ទីក្រុង ចំនួន 44 របស់​ប្រទេស​ចំនួន 23 ក្នុង​ពិភពលោក ប៉ុន្តែ Mexico City គឺជា​ទីក្រុង​តែមួយគត់​ដែល​នាង​ត្រលប់​ទៅលេង​ច្រើនលើក​ជាងគេ។

«ខ្ញុំ​ពិតជា​ចូលចិត្ត​អារម្មណ៍​នៅពេល​នៅទីនេះ។ ខ្ញុំ​ចូលចិត្ត​ថាមពល​នៅទីនេះ» Dowe រៀបរាប់។

នេះ​គឺជា​មូលហេតុ​ដែលនាំឱ្យ Dowe បោះបង់​គម្រោង​ដំបូង​ដែលថា​នឹង​ត្រលប់​ទៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ស្វែងរក​ការងារ​ថ្មី។ នាង​សម្រេចចិត្ត​រស់នៅក្នុង ប្រទេស​ម៉ិចស៊ិក។

ជាមួយនឹង​ប្រាក់​ជាង 500,000 ដុល្លារ នៅក្នុង​ខ្ទង់​វិនិយោគ​នានា និង​ប្រហែល 150,000 ដុល្លារ ជា​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ចាស់ Dowe គិតថា នាង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​រស់នៅក្នុង ប្រទេស​ម៉ិ​ក​ស៊ិ​ក យ៉ាងហោច​ក៏បាន​មួយរយៈ​ពេល។

«ខ្ញុំ​បាន​សងបំណុល​រួចស្រេច និង​សន្សំ​ប្រាក់​បាន​មួយចំនួន។ នៅពេល​ដឹងថា ខ្លួន​មិន​ចង់​ធ្វើការ​ទៀត ខ្ញុំ​ក៏​ចាប់ផ្ដើម​រៀប​ផែនការ» Dowe និយាយ​ដូច្នេះ។

ទោះជា​ថ្លៃ​ជួល​ផ្ទះ​នៅក្នុង​ទីក្រុង Mexico City មិន​ទាប​ជាង​បណ្ដា​ទីក្រុងធំៗផ្សេងទៀត ប៉ុន្តែ នាង​នៅតែ​ត្រូវ​ចំណាយ​តិចជាង បើ​ធៀប​នឹង​ការវិល​ត្រលប់​ទៅ​រស់នៅ សហរដ្ឋ​អាម៉េរិក។ ជារួម ខ្ទង់ចំណាយ​ប្រចាំខែ​របស់ Dowe ប្រហាក់ប្រហែល​នឹង 2,300 ដុល្លារ។

ស្ថានភាព​ដូច​ក្នុង​សុបិន

ក្នុង​ដំណើរ​ទេសចរណ៍​របស់​ខ្លួន Dowe បាន​បង្ហោះ​អត្ថបទ​និយាយ​អំពី​ការដើរ​ត្រាច់ចរ​របស់ខ្លួន​ដើម្បី​ជា​ដំណឹង​ជូន​ដល់​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្ដិ។ យូរៗទៅ នាង​ទទួលបាន​ការចូល​ចិត្តច្រើនឡើងៗ ហើយ​មាន​អ្នកខ្លះ​ថែមទាំង​សុំ​យោបល់​ពី​នាង​ទៀតផង។

«អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់ ភាគច្រើន​ជា​ស្ត្រី បាន​ទាក់ទង​មក​ខ្ញុំ និង​សួរថា «អ្នក​បាន​ឈប់​ពី​ការងារ? ខ្ញុំ​ក៏​ចង់​ធ្វើ​ដូច្នេះ។ អ្នក​អាច​ចែករំលែក​បន្ថែម​អំពី​ប្រកា​រទាំង​នោះទេ?» Dowe រៀបរាប់​ដូច្នេះ និង​បន្ថែមថា៖ «ខ្ញុំ​បាន​ជួយ​ដល់​ពួកគេ​រហូត​ចប់​ចុង ចប់​ដើម ហើយ​ចុងក្រោយ​ខ្ញុំ​គិតថា នេះ​អាចជា​កិច្ចការជំនួញ​មួយ»។

ពេលនេះ Dowe ធ្វើ​កិច្ចការងារ​ដូច​ទៅនឹង​គ្រូបង្វឹក​ផ្នែក​ជីវិត​មួយរូប ដោយ​ជួយ​ដល់​ស្ត្រី​ទាំងឡាយ​ដែល​ចង់​ឈប់​ធ្វើការ និង​ចង់​បោះបង់​ការងារ​បច្ចុប្បន្ន​ដែល​មិន​ស័ក្ដិសម​នឹង​ពួកគេ។ អតិថិជន​របស់ Dowe ភាគច្រើន​គឺជា​ស្ត្រី​ដែល​ចង់ទៅ​រស់​នៅឯ​បរទេស ប៉ុន្តែ​មិនដឹងថា ខ្លួន​ធ្វើបាន​ឬ​អត់។

Dowe ក៏មាន​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន​មួយ ដើម្បី​ចែករំលែក​អំពី​ដំណើរ​ទេសចរណ៍​នានា​របស់ខ្លួន។

ការងារ​ដែល Dowe កំពុង​ធ្វើ បាន និង​កំពុង​នាំយក​ប្រាក់ចំណូល​ដល់​នាង​ប្រហែល​ពី 3,000 ដុល្លារ ដល់ 5,000 ដុល្លារ/ខែ។ «ប្រាក់ចំណូល​នេះ ជួយ​ឱ្យ​ខ្ញុំ​រក្សាបាន​នូវ​ខ្ទង់​វិនិយោគ​ទាំងឡាយ​ដែល​ខ្ញុំ​កំពុងមាន» Dowe បន្ថែម។

បើទោះបីជា​បច្ចុប្បន្ន Dowe មានមុខ​ជំនួញ​ជោគជ័យ​មួយ ប៉ុន្តែ​នាង​នៅតែ​ចាត់ទុកថា បាន​ចូលនិវត្តន៍​ពេញលេញ។ នាង​មិនដែល​ធ្វើការ​លើសពី 4 ថ្ងៃ​នោះទេ នៅក្នុង​មួយ​សប្ដាហ៍ ហើយ​ពេលខ្លះ នាង​ឈប់​ធ្វើការ​រាប់​អាទិត្យ ឬ​រាប់​ខែ​ដើម្បី​ធ្វើ​អ្វីដែល​នាង​ចង់​ធ្វើ។

«មនុស្ស​ជាច្រើន​គិតថា ការចូលនិវត្តន៍​មានន័យថា អ្នក​មិន​ធ្វើការ​អ្វី​ទាំងអស់ ហើយ​បើសិនជា​អ្នក​កំពុងធ្វើការ នោះ​មិនមែនជា​ការចូលនិវត្តន៍​ពិតប្រាកដ។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ធ្វើ​កិច្ចការ​ណា​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​ខ្ញុំ​ធ្វើ​នៅពេលណា​ដែល​ខ្ញុំ​ចង់​ធ្វើ​តែប៉ុណ្ណោះ» Dowe បញ្ជាក់។

ចុងក្រោយ ជីវភាព​របស់ Dowe ពេលនេះ ហាក់​ត្រូវបាន «រចនា​ឡើង» ដើម្បីឱ្យ​នាង​ទទួលបាន​ការសប្បាយរីករាយ​ជានិច្ច និង​អាច​គ្រប់គ្រង​ខ្លួនឯងបាន ហើយ​អាចធ្វើ​អ្វីដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត ដែល​នេះ​ទើប​ជា​ប្រការ​សំខាន់បំផុត​ចំពោះ Dowe៕

Advertisement