UnionPay របស់ ចិន រារែក​ក្នុង​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី

ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ UnionPay របស់ ចិន គេច​ចេញពី​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី ព្រោះតែ​មិន​ចង់​រង​ទណ្ឌកម្ម​ពី បស្ចិម​លោក ទាក់ទង​នឹង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

នៅពេលដែល ចិន បន្ត​បដិសេធ​ការចូលរួម​ធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ រុស្ស៊ី ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច បណ្ដា​ក្រុមហ៊ុន​របស់ ចិន ដូចជា China UnionPay ជាដើម នៅតែ​បារម្ភ​ចំពោះ​បញ្ហា​ដែលថា ពួកគេ​នឹង​អាច​ជាប់​ទណ្ឌកម្ម។

ក្រុមហ៊ុន​ផ្ដល់​សេវា​ប័ណ្ណ​ធនាគារ UnionPay បាន​បដិសេធ​ការរកស៊ី​ជាមួយ Sberbank (ធនាគារ​ធំ​របស់ រុស្ស៊ី) និង​ផ្អាក​ការចរចា​ជាមួយ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ប្រទេស​នេះ។ ដូច្នេះ គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​កាត UnionPay ថ្មី​នៅ រុស្ស៊ី ក៏ត្រូវ​បង្ខំ​ឱ្យ​លុបចោល។

គិត​ត្រឹម​ឆ្នាំ ២០២០ UnionPay កាន់កាប់​ចំណ​ក​ទីផ្សារ​ប្រហែល ១% ប៉ុណ្ណោះ នៅ រុស្ស៊ី ប៉ុន្តែ ប័ណ្ណទូទាត់ប្រាក់​របស់​ពួកគេ​នៅ​ទីផ្សារ​នេះ​បាន​កើនឡើង បន្ទាប់ពី Visa និង Mastercard បាន​ផ្អាក​សេវាកម្ម ដោយសារតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ UnionPay មិន​ចង់​ឆក់យក​ឱកាស​ដែល​ប្រកបដោយ​ហានិភ័យ​នេះ ដើម្បី​ពង្រីក​ទីផ្សារ​ឡើយ។

ក្រុមហ៊ុន​ចិន ជាង ៨០% នៅ រុស្ស៊ី នៅតែ​បន្តធ្វើ​សកម្មភាព​ជំនួញ​ដូច​ធម្មតា នេះ​បើតាម​ស្ថិតិ​បានមកពី សាកល​វិទ្យា Yale របស់ អាម៉េរិក។ ប្រការនេះ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅនឹង ជប៉ុន អាម៉េរិក និង អាល្លឺម៉ង់ ដែលមាន​ក្រុមហ៊ុន​ប្រហែល ៩០% បាន​ចាកចេញ កាត់បន្ថយ​ទំហំ ឬ​ផ្អាក​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី។

ក៏ប៉ុន្តែ ក្រុមហ៊ុន​ចិន មួយចំនួន ក៏មាន​ការប្រុងប្រយ័ត្ន។ ធនាគារ​ចិន និង​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន បាន​កាត់បន្ថយ​សកម្ម​ភាព​ទាក់ទិន​នឹង​បណ្ដា​ទំនិញ​របស់ រុស្ស៊ី។

«សហរដ្ឋ​អាម៉េរិក កំពុង​បង្កើន​ការតាមដាន​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់ ចិន ដែល​ចង់​ជំរុញ​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី» ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ប្រទេស​នេះ​បាន​ប្រាប់ Nikkei ដូច្នេះ។ ការដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន តឿន​ឱ្យ ទីក្រុង​ប៉េកាំង ផ្អាក​ផ្ដល់​គាំទ្រ​ដល់ ទីក្រុង​មូ​ស្គូ គឺ​មានន័យថា ពួកគេ​បាន​បញ្ជូន​សញ្ញា​ព្រមាន​ថា បណ្ដា​ក្រុមហ៊ុន​ចិន ដែល​នៅតែ​រកស៊ី នៅ ប្រទេស​រុស្ស៊ី នឹងមាន​ហានិភ័យ​ទទួលផល​វិបាក​ផ្នែក​សេដ្ឋកិច្ច។

Advertisement