ប្រាក់ខែ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ ៖ ធ្វើ​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ នឹង​ក្លាយជា​សេដ្ឋី

សារព័ត៌មាន Business Insider បាន​វិភាគ​ទៅលើ​ទិន្នន័យ​ពី ការិយាល័យ​ទទួលស្គាល់​និយោជិត​បរទេស របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ស្វែងយល់​អំពី​ខ្ទង់​ប្រាក់បៀវត្សរ៍​របស់​បុគ្គ​លិ​ក​ដែល​ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ក្នុង​មុខតំណែង​វិស្វករ រចនា​ផលិតផល និង​ពាណិជ្ជកម្ម។

យោងតាម​របាយការណ៍​កាលពី​ខែកក្កដា ២០២១ របស់ សមាគម​ឧស្សាហកម្ម​បច្ចេកវិទ្យា​កុំព្យូទ័រ (CompTIA) បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បានជ្រើសរើស​បុគ្គលិក​ជាង ៨០,០០០ នាក់ នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ ២០២១។ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google បានជ្រើសរើស​ជាង ៤,០០០ នាក់ ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២១។

ប្រធាន​ផ្នែក​គ្រប់គ្រង​គម្រោង, វិស្វករ​ប្រព័ន្ធ និង​អ្នកវិភាគ​ទិន្នន័យ គឺជា​មុខតំណែង​ដែល​ត្រូវបាន​គេ​ផ្សាយ​ជ្រើសរើស​ច្រើនជាងគេ។ ចំណែក​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី ដូចជា បញ្ញា​សិប្បនិម្មិត (AI) ជាដើម មាន​រហូតដល់​ជាង ១/៤ ក្នុងចំណោម​មុខតំណែង​សរុប​ដែល​បាន​ផ្សាយ​ជ្រើសរើស។

ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្ដល់ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងគេ៖

TikTok

ByteDance និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ TikTok បានផ្ដល់​ប្រាក់បៀវត្សរ៍​ចាប់ពី ៥៩,៧០០ ដុល្លារ ដល់ ៤៨០,០០០ ដុល្លារ ក្នុង​ឆ្នាំ ២០២០ និង ២០២១។ ប្រាក់បៀវត្សរ៍​គោល​មធ្យ​ម​ប្រចាំឆ្នាំ​នៅ TikTok និង ByteDance គឺ ១៨៨,៥០០ ដុល្លារ​អាម៉េរិក។

ប្រធាន​ផ្នែក​បច្ចេកទេស​ជាន់ខ្ពស់ ទទួលបាន​ប្រាក់បៀវត្សរ៍​ពី ៤៤០,០០០ ដល់ ៤៨០,០០០ ដុល្លារ/ឆ្នាំ ខណៈដែល​បុគ្គលិក​ផ្នែក​គណនី គឺ​ប្រហែល ៥៩,៧០០ ដុល្លារ/ឆ្នាំ និង HR ប្រហែល ៦៨,៤០៨ ដុល្លារ។

Google

Google វិស្វករ​ផ្នែក​ទន់ ទទួលបាន​បៀវត្សរ៍ ៣៥៣,០០០ ដុល្លារ/ឆ្នាំ, អនុប្រធាន​ផ្នែក​បច្ចេកទេស​ទទួលបាន ៤៧៥,០០០ ដុល្លារ/ឆ្នាំ និង​អនុប្រធាន​ជាន់ខ្ពស់ ទទួលបាន ៦៥០,០០០ ដុល្លារ/ឆ្នាំ។

Apple

ក្រុមហ៊ុន​នេះ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ផ្នែក​ទីផ្សារ។ តំណែង​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​នៅ Apple ទទួលបាន​ប្រាក់បៀវត្សរ៍​ឡើងដល់ ៣២៥,០០០ ដុល្លារ/ឆ្នាំ។

Facebook

ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​អាច​ទទួលបាន​ជាង ៣៣០,០០០ ដុល្លារ/ឆ្នាំ ចំណែក​តំណែង​ប្រធាន​បច្ចេកទេស ទទួលបាន​ប្រហែល ៣៦០,០០០ ដុល្លារ/ឆ្នាំ។ មុខតំណែង​ជា​អ្នកវិភាគ​ទិន្នន័យ ទទួលបាន​ពី ១១១,០០០ ដល់ ១៥០,០០០ ដុល្លារ/ឆ្នាំ, វិស្វករ​ផ្នែក​ទន់ ទទួលបាន​ពី ១១៨,០០០ ដល់ ១៦០,០០០ ដុល្លារ/ឆ្នាំ។

Microsoft

នៅក្នុង​ក្រុមហ៊ុន Microsoft បណ្ដា​មុខតំណែង​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​រួមមាន វិស្វករ​ផ្នែក​ទន់, ប្រធាន​ផ្នែក​លក់ និង​អ្នកស្រាវជ្រាវ។ នៅទីនេះ ប្រធាន​ផ្នែក​លក់ ទទួលបាន ២៥០,០០០ ដុល្លារ/ឆ្នាំ។

Amazon

ចាប់ពី​ខែមករា ដល់​មិថុនា ២០២១ ក្រុមហ៊ុន​នេះ​បាន​ផ្សាយ​ជ្រើសរើស​បុគ្គលិក​ជាង ២០០ នាក់ សម្រាប់​មុខតំណែង​អភិវឌ្ឍ​ផ្នែក​ទន់, វិទ្យាសាស្ត្រ​ទិន្នន័យ, បុគ្គលិក​ផ្នែក​ជំនួញ​ជាដើម ដែល​ទាំងនេះ​ទទួលបាន​ប្រាក់បៀវត្សរ៍​ពី ៩០,៨០០ ដល់ ១៨៥,០០០ ដុល្លារ/ឆ្នាំ។

Intel

នៅទីនេះ មុខតំណែង​ប្រធាន​ផ្នែក​បច្ចេកទេស អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​ជាង ៣០០,០០០ ដុល្លារ/ឆ្នាំ។

Snap

Snap ដែលជា​ក្រុមហ៊ុនមេ​របស់ SnapChat ឱ្យដឹងថា នៅ​ចុងឆ្នាំ ២០២០ និង ២០២១ ប្រាក់បៀវត្សរ៍​គោល​ប្រចាំឆ្នាំ​សម្រាប់​បុគ្គលិក គឺ​ចាប់ពី ៥៩,០០០ ដល់ ៥០០,០០០ ដុល្លារ/ឆ្នាំ។

Advertisement