មហា​សេដ្ឋី Elon Musk ចង់យក​ថ្លៃ​ពី​អ្នកប្រើប្រាស់ Twitter មួយចំនួន ក្នុងនោះ​មាន​រដ្ឋាភិបាល​ផងដែរ

លោក Elon Musk

មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ឱ្យដឹងថា ចង់​កំណត់​គោលការណ៍​យក​ថ្លៃ​ប្រើប្រាស់​ចំពោះ​គណនី​មួយចំនួន ក្រោយពី​ចូល​ក្ដោប​ក្ដាប់ Twitter ជា​ផ្លូវការ។

ក្នុង​សារ​ដែល​បាន​បង្ហោះ​ថ្មី លោក Elon Musk អះអាងថា បណ្ដាញ​សង្គម​នេះ​នឹង «នៅតែ​មិន​គិតថ្លៃ​ចំពោះ​អ្នកប្រើប្រាស់​ធម្មតា» ប៉ុន្តែ អាច​នឹង «យក​ថ្លៃ​តិចតួច​ចំពោះ​អ្នកប្រើប្រាស់​ស​ក្នុង​បំណង​ពាណិជ្ជកម្ម ឬ​រដ្ឋាភិបាល»។ ម្ចាស់​ក្រុមហ៊ុន Tesla និង SpaceX មិនបាន​និយាយ​ច្បាស់​ថា ចង់យក​ថ្លៃ​ទៅ​តាមបែប​ចុះឈ្មោះ​ប្រើប្រាស់ ឬ​តាមរយៈ​គណនី​ដែល​ត្រូវ​បង់ប្រាក់​ទៅតាម​អត្ថបទ​ដើម្បី​បង្ហាញខ្លួន​ទូលំទូលាយ​ដូច​អ្វីដែល Facebook កំពុង​ធ្វើ ឬ​យ៉ាងណា​នៅឡើយ។

នេះ​គឺជា​បំណង​ផ្លាស់ប្ដូរ​ដំបូង​ដែល Musk ចង់​អនុវត្ត បន្ទាប់ពី​សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ កាលពី​សប្ដាហ៍​កន្លង។ មិន​ត្រឹមតែ​អ្នកលេង​រាប់លាន​នាក់​នោះទេ សូម្បីតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នៅ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ក៏​កំពុង​រង់ចាំ​មើល​សកម្ម​ភាព​ផ្លាស់ប្ដូរ​របស់ Elon Musk ចំពោះ​Twitter នេះ​បើតាម CNN។

យោងតាម​សារព័ត៌មាន​ Reuters មហាសេដ្ឋី​រូបនេះ ថែមទាំង​មាន​គម្រោង​កាត់បន្ថយ​ប្រាក់បៀវត្សរ៍​របស់​នាយ​ក​ប្រតិបត្តិ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ផងដែរ ដើម្បី​បន្ថយ​ការចំណាយ ក៏ដូចជា​អភិវឌ្ឍ​វិធី​រកប្រាក់​ថ្មី​ពី​ការ​បង្ហោះ​សារ​នៅលើ Twitter។ តាម​ការ​គណនា ខ្ទង់​ប្រាក់​ដែល​សំច័យ​បាន​ពី​ការផ្លាស់ប្ដូរ​ខាងលើ គឺ​ប្រហែល ៣ លាន​ដុល្លារ ខណៈដែល​ខ្ទង់​ប្រាក់រង្វាន់​យោងទៅតាម​ចំនួន​ភាគហ៊ុន​របស់​ក្រុមហ៊ុន ក្នុង​ឆ្នាំ ២០២១ គឺ ៦៣០ លាន​ដុល្លារ កើន ៣៣% ធៀប​នឹង​ឆ្នាំ ២០២០។

Advertisement