ក្រុមហ៊ុន​ប្រេង Saudi Aramco យកឈ្នះ​លើ Apple ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

កាលពី​ថ្ងៃទី ១១ ឧសភា ២០២២ ក្រុមហ៊ុននាំចេញ​ប្រេង​ធំ​ផុត​ក្នុង​ពិភពលោក Saudi Aramco របស់ អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​លើ Apple របស់ អាម៉េរិក ហើយ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

ជាមួយនឹង​តម្លៃ​ភាគហ៊ុន​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១១ ឧសភា ថយចុះ​ជិត ១% មក​នៅត្រឹម ៤៥.៥ រី​យ៉ា​ល (១២.១៣ ដុល្លារ)/ហ៊ុន ក្រុមហ៊ុន​ថាមពល Saudi Aramco នៅតែមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់ ៩.១ ទ្រី​លាន (៩.១ លាន​លាន) រី​យ៉ា​ល (២.៤៣០ ទ្រី​លាន​ដុល្លារ​អាម៉េរិក)។ ចំណែក​តម្លៃ​ភាគហ៊ុន​របស់ Apple វិញ ថយចុះ ៤.៥% មក​នៅត្រឹម ១៤៧.៦៣ ដុល្លារ/ហ៊ុន ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ ធ្លាក់​មក​នៅត្រឹម ២,៣៩០ ពាន់​លាន (ឬ ២.៣៩០ ទ្រី​លាន) ដុល្លារ​អាម៉េរិក។

តម្លៃ​ភាគហ៊ុន​របស់ Saudi Aramco កើន​ជិត ៣០% ចាប់ពី​ថ្ងៃទី ២ មករា រហូតដល់​បច្ចុប្បន្ន គ្រា​ដែល​ភាគហ៊ុន​របស់ Apple ថយចុះ​ជិត ១៦% ចាប់ពី​ដើមឆ្នាំ ២០២២។

ការដែល​តម្លៃ​ប្រេង​បាន​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ​មូលធន​ទីផ្សារ​របស់ Saudi Aramco ទទួលបាន​ប្រយោជន៍​ច្រើន។ ប្រេង​ឆៅ​បាន​ឡើងថ្លៃ​ប្រហែល ៦០% រាប់​ចាប់ពី​ឆ្នាំ ២០២១ ដោយសារតែ​តម្រូវការ​ខ្ពស់ និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ ធនាគារ​មួយចំនួន​បាន​ព្យាករ​ថា តម្លៃ​ប្រេង​ជាធ​ម្យ​ម​អាច​ឡើងដល់ ១២០ ទៅ ១៣៥ ដុល្លារ/ធុង​បារ៉ែល ក្នុងឆ្នាំនេះ៕

 

Advertisement