សង​សំណង​ជិត ១,០០០ លាន​ដុល្លារ នឹងត្រូវ​សង់​ដល់​ជនរងគ្រោះ​ក្នុងករណី​បាក់ស្រុត​អគារ​ស្នាក់​កម្ពស់ ១២ ជាន់ នៅ Florida

(សហរដ្ឋ​អាម៉េរិក)-ជនរងគ្រោះ​ដែល​នៅមាន​ជីវិត និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់ស្រុត​អគារ​កម្ពស់ ១២ ជាន់ នៅ Florida សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ​កន្លង សម្រេច​ដល់​ការព្រមព្រៀង​សង​សំណង​យ៉ាងតិច ៩៩៧ លាន​ដុល្លារ​អាម៉េរិក។

«ខ្ទង់​ប្រាក់​ដែល​ត្រូវ​ទូទាត់​សង​នៅពេលនេះ​គឺ ៩៩៧ លាន​ដុល្លារ​អាម៉េរិក។ យើង​នឹង​ទាមទារ​ឱ្យបាន​រាប់រយ​លាន​ដុល្លារ​ទៀត​សម្រាប់​ជូន​ដល់​ជនរងគ្រោះ» មេធាវី Carlos Silva តំណាង​របស់​ក្រុម​អ្នករងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ Miami រដ្ឋ Florida កាលពី​ថ្ងៃទី ១១ ឧសភា បានឱ្យដឹង​ដូច្នេះ។

ទឹកប្រាក់​ខាងលើ​នឹង​ត្រូវបាន​ចែកជូន​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រងរបួស ឬ​បាត់បង់​ផ្ទះ​នៅក្នុង​ហេតុការណ៍​នេះ។ យន្តការ​នៃ​ការបែងចែក​ប្រាក់​សំណង​នេះ​នឹងត្រូវ​បានកំណត់​នៅ​សប្ដាហ៍​ក្រោយ។ ខ្ទង់​ប្រាក់​សំណង​នេះ​នឹង​បានមកពី​បណ្ដា​ក្រុមហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ និង​ភាគី​ពាក់ព័ន្ធ​ដែលជា​ចុងចោទ។

ផ្នែក​មួយ​នៃ​អគារ South Champlain កម្ពស់ ១២ ជាន់ សាងសង់​កាលពី​ឆ្នាំ ១៩៨១ នៅ Surfside ដែលជា​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​នៃ​ឆ្នេរ Miami បាន​បាក់ស្រុត​កាលពី​ថ្ងៃទី ២៤ មិថុនា ២០២១ នៅក្នុងពេល​ប្រជាជន​ជាច្រើន​សិប​នាក់​កំពុង​ទទួលទានដំណេក​នៅ​ខាងក្នុង។

បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ណាមួយ​បង្ហាញ​អំពី​មូលហេតុ​នៃ​ការបាក់​ស្រុត​នេះ បើទោះជា​ការរកឃើញដំបូងៗបង្ហាញថា រចនាសម្ព័ន្ធ​របស់​អគារ​នេះ​បាន​ទ្រុឌទ្រោម​ទៅហើយ​ក្ដី៕

 

Advertisement