ប៉ុន្មាន​ខែ​មុន​គឺជា​អ្នកមាន​លំដាប់​ទីមួយ​ប្រចាំ​ប្រទេស ប៉ុន្តែ​ពេលនេះ​បាត់បង់​ទ្រព្យ​អស់ ៨០% ដោយសារ​ភាគហ៊ុន​ធ្លាក់​ថ្លៃ

លោក Forrest Li ស្ថាបនិក​របស់​ក្រុមហ៊ុន​ Sea

កាលពី​ប៉ុន្មាន​ខែ​មុននេះ Forrest Li ដែលជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Sea មានទ្រព្យ​ប្រមាណ ២២ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​អ្នកមាន​ជាងគេ​បង្អស់​ប្រចាំ​ប្រទេស​សិង្ហ​បុរី ក៏ប៉ុន្តែ​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​រប​ស់បុរ​ស​នេះ​នៅសល់តែ ៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

Forrest Li គឺជា​អ្នកមាន​មួយរូប​ក្នុងចំណោម​អ្នក​ដែល​បាន​បាត់បង់​ទ្រព្យ​ច្រើនជាងគេ​នៅក្នុង «រលក​នៃ​ការលក់​ភាគហ៊ុន​ចោល» នាពេលថ្មីៗនេះ បណ្ដាលឱ្យ​អ្នកមាន​ជាងគេ​ទាំង ៥០០ នាក់​របស់​ពិភពលោក បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជាង ១ ទ្រី​លាន (១ លាន​លាន/១,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំនេះ។

លោក Forrest Li ឆ្នាំនេះ​បាន​ជួប​រឿង​មិនល្អ​ជាច្រើន ក្នុងនោះ​មានដូចជា ភាគហ៊ុន​ត្រូវគេ​លក់​ជា​បន្តបន្ទាប់ ផ្នែក​ពាណិជ្ជកម្ម​អេ​ឡិ​ត្រូ​និក​នៅ ឥណ្ឌា ត្រូវ​បិទទ្វារ និង​របាយការណ៍​ស្ដីពី​ប្រាក់ចំណេញ​ទាប ធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​នៅ សហរដ្ឋ​អាម៉េរិក របស់​ក្រុមហ៊ុន​លោក ធ្លាក់ចុះ​ជាង ៨០% ធៀប​នឹង​កម្រិត​កំពូល​កាលពី​ខែតុលា ២០២១។

បញ្ហា​ទាំងឡាយ​ខាងលើនេះ បានធ្វើឱ្យ​ទ្រព្យសម្បត្តិ​របស់ Forrest Li ថយចុះ​យ៉ាងគំហុក។ បច្ចុប្បន្ន លោក Forrest Li នៅតែ​ជា​មហាសេដ្ឋី ដោយមាន​ទ្រព្យ ៤.៧ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។ ប៉ុន្តែ តួលេខ​នេះ​មិនអាច​ជួយ​ឱ្យ​លោក​រក្សា​វត្តមាន​របស់​ខ្លួន​នៅក្នុង​ក្រុម​អ្នកមាន​ជាងគេ​ទាំង ៥០០ នាក់ របស់​ពិភពលោក​ទៀត​បានឡើយ។

អគារ​នៃ​ក្រុម​ហ៊ុន​ Shopee ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Sea Ltd

ថ្ងៃនេះ ក្រុមហ៊ុន Sea នឹង​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាស​ទី។ ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ខាត​ជាង ៧៥០ លាន​ដុល្លារ​អាម៉េរិក។ ខ្ទង់​ប្រាក់​ខាតបង់​របស់ Sea បាន​កើនឡើង​ចាប់តាំងពី​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​កន្លង ​ដោយ​សារ​​ពួក​គេ​​បង្កើនល្បឿន​នៃ​ការពង្រីក​ពាណិជ្ជកម្ម។

ភាគហ៊ុន​របស់ Sea ពេលនេះ​កំពុងមាន​ការប្រែប្រួល​ខ្លាំង។ ក្រោយពី​កើន ៣២% ក្នុងការ​ជួញដូរ​រយៈ​ពេល ២  ថ្ងៃ​នៅ​ចុង​សប្ដាហ៍​កន្លង តម្លៃ​របស់​វា​បែរជា​ធ្លាក់ចុះ ៦.៧% នៅក្នុង​ថ្ងៃ​ដើម​សប្ដាហ៍​នេះ។ Gang Ye ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់ Sea ក៏បាន​បាត់បង់​ទ្រព្យ​អស់ ៤.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុងឆ្នាំនេះ។ ចំណែក សហ​ស្ថាបនិក David Chen ក៏បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​មហាសេដ្ឋី ចុះមក​នៅ​ជា​សេដ្ឋី​វិញ​ម្ដង៕

Advertisement