ខាតបង់​ប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ ព្រោះតែ​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Luna មហាសេដ្ឋី​នេះ រអ៊ូ​ថា «ក្រ​ទៀតហើយ»

មហាសេដ្ឋី Changpeng Zhao ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ផ្សារជួញដូរប្រាក់ឌីជីថលគ្រីបតូ Binance

ខ្ទង់​វិនិយោគ​ទៅលើ Luna របស់​ក្រុមហ៊ុន Binance បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​ដោយ​មិនអាច «ចាប់​ឃាត់» បាន ធ្វើឱ្យ​ពួកគេ​ខាតបង់​អស់ ១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ខែ​កន្លង។

កាលពី​ថ្ងៃទី ១៧ ឧសភា មហាសេដ្ឋី Changpeng Zhao ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ Binance បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fortune នៅលើ Twitter ផ្ទាល់ខ្លួន អម​ជាមួយនឹង​មតិ​ថា «Poor again» (ក្រ​ទៀតហើយ)។

ខ្ទង់​វិនិយោគ​ទៅលើ Luna របស់​ក្រុមហ៊ុន Binance បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​ដោយ​មិនអាច «ចាប់​ឃាត់» បាន ពី ១.៦ ពាន់​លាន​ដុល្លារ​កាលពី​ខែ​កន្លង មក​នៅត្រឹម ២,២០០ ដុល្លារ នៅក្នុង​សប្ដាហ៍​នេះ។ កាលពី​ថ្ងៃទី ១៩ ឧសភា រូបិយប័ណ្ណ​ឌីជីថល Luna ត្រូវបាន​គេ​ជួញដូរ​ក្នុងតម្លៃ ០.០០០១៤៦៨ ដុល្លារ/កាក់។

ក្នុងអំឡុង ២ សប្ដាហ៍​កន្លង Luna បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​មិនអាច​ទប់​បាន បន្ទាប់ពី token (មុខងារ​បង្កើត​កូដ​សម្ងាត់​ប្រើ​ម្ដង) TerraUSD (UST) បាត់បង់​តុល្យភាព​ជាមួយនឹង​ប្រាក់​ដុល្លារ​អាម៉េរិក។ យោងតាម Business Insider តម្លៃ​របស់ token ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ម៉ត់ចត់​នឹង​គ្នា។ ក្រុម​អ្នកវិនិយោគ​ប្រញាប់​លក់​ចោល​នៅពេល​តម្លៃ​របស់ TerraUSD ថយចុះ នាំឱ្យ​កើតមាន​ការដួលរលំរ​បស់ Luna។ ការដែល TerraUSD និង Luna ធ្លាក់​ថ្លៃ​ដោយ​សេរី បានធ្វើឱ្យ​ពួកវា​បាត់បង់​តម្លៃ​អស់​ជាង ៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

កាលពីមុន​នោះ Zhao ឱ្យដឹងថា Binance កាន់កាប់ ១៥ លាន token Luna បន្ទាប់ពី​បាន​វិនិយោគ​ទៅលើ​បណ្ដាញ Terra កាលពី​ឆ្នាំ ២០១៨។

ក៏ប៉ុន្តែ ការបញ្ចេញមតិ​ថា «ក្រ​ទៀតហើយ» របស់លោក Zhao ប្រហែល​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ព្រោះថា បច្ចុប្បន្ន បុរស​នេះ​នៅតែ​ជា​មហាសេដ្ឋី ដោយមាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ស្ថិត​ក្នុងចំណោម​កំពូល​អ្នកមាន​ទាំង ១០០ របស់​ពិភពលោក។

យ៉ាងណាក៏ដោយ កាលពី​ខែ​កន្លង Forbes ឱ្យដឹងថា Zhao ឈរ​លំដាប់​ទី ១៩ ក្នុងចំណោម​មហាសេដ្ឋី​ពិភពលោក ដោយមាន​ទ្រព្យ ៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ដូច្នេះ អាច​និយាយបានថា បច្ចុប្បន្ន Zhao កំពុង​ធ្លាក់ខ្លួន «ក្រ» ជាង បើ​ធៀប​នឹង​ខែ​មុន។

Advertisement