ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បង្ហើប​ឱ្យដឹងថា អង្គការ BRICS កំពុង​អភិវឌ្ឍ​រូបិយប័ណ្ណ​អន្តរជាតិ​ថ្មី

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ BRICS

កាលពី​ថ្ងៃទី ២២ មិថុនា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានឱ្យដឹងថា ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទើប​លេចធ្លោ (BRICS) ដែល​រួមមាន ប្រទេស​ប្រេ​ស៊ី​ល, រុស្ស៊ី, ឥណ្ឌា, ចិន និង អាហ្វ្រិក​ខាងត្បូង កំពុងតែធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត​រូបិយប័ណ្ណ​បម្រុង​អន្តរជាតិ​ថ្មី​មួយ។

«បញ្ហាបង្កើត​រូបិយប័ណ្ណ​បម្រុង​អន្តរជាតិ ដោយយោង​ទៅតាម​កញ្ចប់​ហិរញ្ញវត្ថុ​របស់​បណ្ដា​ប្រទេស BRICS គឺជា​ប្រធានបទ​ដែល​កំពុង​ត្រូវបាន​ពិភាក្សា» បណ្ដាញសារព័ត៌មាន RT (រុស្ស៊ី) ដកស្រង់​សម្ដី​របស់ ប្រធានាធិបតី ពូ​ទីន នៅឯ​វេទិកា​សហគ្រិន BRICS បានឱ្យដឹង​ដូច្នេះ។

មុន​នោះ BRICS បានឱ្យដឹងថា ពួកគេ​កំពុង​អភិវឌ្ឍ​បណ្ដាញ​ទូទាត់​ប្រាក់​រួមមួយ​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​បស្ចិម​លោក។ ក្នុង​ថ្ងៃ​ដដែល លោក ពូ​ទីន ក៏បាន​អះអាងថា បណ្ដា​ធនាគារ​នៃ​បណ្ដា​ប្រទេស​ដែល​ស្ថិតក្នុង​អង្គការ BRICS អាច​ភ្ជាប់​ខ្លួន​ជាមួយ​ប្រព័ន្ធ​បញ្ជូន​សារ​ផ្នែក​ហិរញ្ញវត្ថុ (SPFS) របស់ រុស្ស៊ី ជំនួស​ឱ្យ SWIFT។ ក្រុម​ប្រទេស BRICS ក៏​កំពុងតែ​ជំរុញ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ពាណិជ្ជកម្ម។

SPFS មានមុខ​ងារ​ដូច​ទៅនឹង​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT។ SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។ ធនាគារជាតិ​របស់ រុស្ស៊ី បាន​បង្កើត SPFS ដើម្បី​ប្រើប្រាស់​ជំនួស SWIFT គ្រា​ដែល​ប្រទេស​នេះ​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន៕

Advertisement