អគ្គិសនី​កម្ពុជា កំពុង​ខាត​ដោយសារ​ប្រេងឥន្ធនៈ​ឡើងថ្លៃ! សម្ដេច​តេ​ជោ អំពាវនាវ​ដល់​ពលរ​ដ្ឋ​ឱ្យ «សន្សំសំចៃ​អគ្គិសនី»

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី០៦ ខែកក្កដា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យប្រើ​ប្រាស់​អគ្គិសនី​ប្រកបដោយ​ការ​សន្សំសំចៃ​ខ្ពស់ នៅពេលដែល អគ្គិសនី​កម្ពុជា កំពុង​ទប់ទល់​នឹង​ការខាតបង់​ប្រាក់​ព្រោះតែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។

ការអំពាវនាវ​របស់ សម្ដេច​តេ​ជោ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ព្រឹក​ថ្ងៃទី០៦ ខែកក្កដា។

តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល បើសិន​មិន​មានការ​ទប់ទល់​រប​ស់រ​ដ្ឋ ចំពោះ អគ្គិសនី​កម្ពុជា នាពេល​កន្លង ម្ល៉េះ​តម្លៃ​អគ្គិសនី​នៅ កម្ពុជា ឡើងថ្លៃ​គុណ​នឹង ២ បាត់ទៅហើយ។ «មិន​ត្រឹមតែ មិនអាច​បញ្ចុះ​ថ្លៃ​អគ្គិសនី​បានទេ រដ្ឋ​ត្រូវ​ត្រៀម​ទុន​ដើម្បី​ជួយ​ខាត អគ្គិសនី​កម្ពុជា ថែមទៀត» សម្តេច​តេ​ជោ បញ្ជាក់​ដូច្នេះ។

សម្ដេច ហ៊ុន សែន ក៏បាន​ថ្លែងថា កម្ពុជា មានសំណាង​ល្អ ពេល​មាន​បញ្ហា​វិបត្តិ​ថាមពល​សកល កម្ពុជា ទទួលបាន​ទឹកភ្លៀង​ច្រើន​ដែល​បំពេញ​អាង​ស្តុក​ទឹក​បម្រើ​ដល់​ដំណើរការ​នៃ​រោងចក្រ​វា​រី​អគ្គិសនី ជួយ​ផលិត​អគ្គិសនី​បំពេញ​តម្រូវ​កង្វះខាត​នាបច្ចុប្បន្ន៕

Advertisement