កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ សម្រាប់​ពលរដ្ឋ​ទិញ​រថយន្ត​អគ្គិសនី​របស់ អាម៉េរិក ត្រូវ អឺរ៉ុប រិះគន់

សភាព​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​អាកាសធាតុ និង​ថាមពល​ស្អាត ក្នុងនោះ​ក៏មាន​កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ​អាម៉េរិក សម្រាប់​ពលរដ្ឋ​អាម៉េរិក​ម្នាក់ ទិញ​រថយន្ត​អគ្គិសនី ពី​រោងចក្រ​មួយ​នៅ អាម៉េរិក​ខាងជើង ដែលមាន​បំពាក់​ថ្ម​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី ១១ សីហា បាន​សម្ដែង​ការបារម្ភ​នៅ​ចំពោះមុខ​កម្មវិធី​អនុគ្រោះ​ពន្ធ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់​រថយន្ត​អគ្គិសនី ដោយ​យល់ថា កម្មវិធី​នេះ​មាន​លក្ខណៈ «រើ​ង​អើ​ង» ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ អឺរ៉ុប។

«យើង​គិតថា កម្មវិធី​នេះ មាន​ចរិត​រើសអើង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស…។ ហើយ​ពិតណាស់ កម្មវិធី​នេះ​មិន​សមស្រប​ជាមួយ​ការកំណត់​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)» អ្នកនាំពាក្យ​របស់ គណ​កម្ម​ធិ​ការ​អឺរ៉ុប (EC) Carcia Ferrer លើកឡើង​ដូច្នេះ។

EU បាន​សម្ដែង​ការព្រួយបារម្ភ​ខាងលើ បន្ទាប់ពី សភា​ជាន់ខ្ពស់​អាម៉េរិក កាលពី​ថ្ងៃទី ០៧ សីហា បានអនុម័ត​សេចក្ដីព្រាងច្បាប់​អាកាសធាតុ និង​ថាមពល​ស្អាត ដែល​ក្នុងនោះ​មាន​ទាំង​កម្មវិធី​អនុគ្រោះ​ពន្ធ ៧,៥០០ ដុល្លារ/ម្នាក់ សម្រាប់​ទិញ​រថយន្ត​អគ្គិសនី​របស់​រោងចក្រ​មួយ​នៅ អាម៉េរិក​ខាងជើង ដែល​បំពាក់​ថ្ម​ផលិត​ដោយ ក្រុមហ៊ុន​អាម៉េរិក។

យោងតាម EU កម្មវិធី​ខាងលើ​នឹង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មិនមែនជា​របស់ សហរដ្ឋ​អាម៉េរិក ខណៈដែល ទ្វីបអឺរ៉ុប កំពុង​ជំរុញ​សកម្មភាព​ផលិត​ថ្ម​រថយន្ត​អគ្គិសនី ក្នុង​បំណង​បន្សាប​កាបូន​ក្នុងពេល​អនាគត។

លោក John Bozzella ដែលជា​ប្រធាន និង​ជា នាយក​ប្រតិបត្តិ​នៃ សម្ព័ន្ធ​សម្រាប់​ការច្នៃប្រឌិត​រថយន្ត (Alliance for Automotive Innovation) ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក បាន​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​ប្រទេស​នេះ បន្ធូរបន្ថយ​ការកំណត់​ស្ដីពី​ថ្ម​សម្រាប់​រថយន្ត​អគ្គិ​ស​និ ក្នុងនោះ​ក៏​គួរតែ​ទិញ​រថយន្ត​ដែល​បំពាក់​ថ្ម​ផលិត​នៅក្នុង​ប្រទេស​​ទាំង​ឡាយ​​ដែលមាន​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ សហរដ្ឋ​អាម៉េរិក ដូចជា​បណ្ដា​ប្រទេស​នៅក្នុង អង្គការ​ណា​តូ និង ប្រទេស​ជប៉ុន ជាដើម។ល។

Advertisement