មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក

មហាសេដ្ឋី Gautam Adani

មហាសេដ្ឋី Gautam Adani បាន​ «យកឈ្នះ» លើ​លោក Bernard Arnault (ជនជាតិ​បារាំង) ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក។

យោង​តាម​ស្ថិតិរបស់ Forbes លោក Adani មាន​ទ្រព្យ​សុទ្ធ​ដែល​មាន​តម្លៃ​ ១៥៤.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើន​ជាង​លោក Arnault ដែល​មាន​ ១៥៣.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​ឥណ្ឌា​រូប​នេះ​រកស៊ី​ក្នុង​វិស័យ​ជា​ច្រើន​ តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ ស៊ីម៉ង់​ រហូត​ដល់​ព្រលាន​យន្តហោះ​។

ចំណាត់​ថ្នាក់​លេខ​ ២ របស់​លោក Adani ក៏​ជួយ​ឱ្យ​លោក​ក្លាយ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ top 3 ស្ដីពី​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើលោក​។ ក្នុង​រយៈ​ពេល ២ ឆ្នាំ​មកនេះ ទ្រព្យ​របស់​លោក Adani បាន​កើន​ឡើង​ ១៣​ លើក​។

ឆ្នាំ​ ១៩៨៨ លោក Adani បាន​បើក​ក្រុម​ហ៊ុន​ Adani Exports ដើម្បី​ដោះដូរ​ទំនិញ។ ក្រោយ​មក លោក​ក៏​បាន​បង្កើត​កំពង់ផែ​ Mundra សម្រាប់​បម្រើ​ដល់​ការ​នាំចេញ-នាំចុល​។ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ ក្រុម​ហ៊ុន​នេះ​បាន​ក្លាយជា​ក្រុម​ហ៊ុន​ធំជាង​គេ​នៅ​ក្នុង​ស្រុក​ដែល​រកស៊ី​ក្នុង​វិស័យ​ធ្យូង​ថ្ម និង​ជា​ស្ថាប័ន​ដែល​មាន​ប្រភព​ចំណូល​ពីបរទេស​ធំជាង​គេ​របស់ ឥណ្ឌា​។

ស្ថិតិ​របស់ Forbes បង្ហាញ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ លោក Adani បាន​យក​ឈ្នះ​លើ​មហា​សេដ្ឋី Jeff Bezos ម្ចាស់​ក្រុមហ៊ុន Amazon និង​កាន់កាប់​តំណែង​លេខ​ ២។ ក្រោយ​មក មហា​សេដ្ឋី​បារាំង​ លោក Bernard Arnault ក៏​ដណ្ដើម​បាន​តំណែង​នេះ ប៉ុន្តែ លោក Adani យក​មក​វិញ​បាន​ដោយ​ប្រើ​ពេល​យ៉ាង​ខ្លី​។ បច្ចុប្បន្ន មហា​សេដ្ឋី​ឥណ្ឌា លោក Adani មាន​ទ្រព្យ​ច្រើន​ជាង​គេ​​​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ ដោយ​ឈរ​ពីក្រោយ​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក​ Elon Musk៕

Advertisement