ម្ចាស់ Facebook បាត់បង់​ទ្រព្យ​ជាង ៧០ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ

Mark Zuckerberg ជា CEO របស់ Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook)

ទ្រព្យសម្បត្តិ​របស់​ម្ចាស់ Facebook បាន​ថយចុះ​អស់​ជាង​ពាក់កណ្ដាល​ចាប់ពី​ដើមឆ្នាំ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​របស់ Bloomberg។

បើទោះជា​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​លំបាក​ចំពោះ​មហាសេដ្ឋី​គ្រប់រូប​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ការធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​របស់ Mark Zuckerberg ដែលជា CEO របស់ Meta Platforms (ក្រុមហ៊ុនមេ​របស់ Facebook) នៅតែ​គួរឱ្យ​យកចិត្តទុកដាក់​ជាងគេ។ ជា​សរុប តាំងពី​ដើមឆ្នាំ​រហូតដល់​បច្ចុប្បន្ន ម្ចាស់ Facebook បាត់​​បង់ទ្រព្យ​អស់ ៧១ ពាន់​លាន​ដុល្លារ។

បច្ចុប្បន្ន Zuckerberg នៅសល់​ទ្រព្យ ៥៥.៩ ពាន់​លាន​ដុល្លារ ឈរ​លំដាប់​ទី ២០ ក្នុង​ពិភពលោក។ នេះ​គឺជា​ចំណាត់​ថ្នាក់ទាប​បំផុត​របស់​ម្ចាស់ Facebook គិត​ចាប់ពី​ឆ្នាំ ២០១៤។

ភាគហ៊ុន Facebook បាន​ថយចុះ​ជិត ៥៧% ក្នុងឆ្នាំនេះ។ ការថយចុះ​នេះ​ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង Apple (ថយចុះ ១៤%), Amazon (-២៦%) និង Alphabet (-29%)។

ទ្រព្យសម្បត្តិ​ភាគច្រើន​របស់ Zuckerberg គឺ​ផ្សារភ្ជាប់​ជាមួយនឹង​ភាគហ៊ុន Meta។ បច្ចុប្បន្ន​គាត់​កាន់កាប់​ជាង ៣៥០ លាន​ហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នេះ។

កាលពី​ជិត ២ ឆ្នាំមុន Zuckerberg មានទ្រព្យ ១០៦ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី ៣ ក្នុង​ពិភពលោក។ ទ្រព្យ​របស់គាត់​បាន​ឡើងដល់ ១៤២ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ខែកញ្ញា​ឆ្នាំ​កន្លង នៅពេល​តម្លៃ​ភាគហ៊ុន​របស់ Meta ឡើងដល់ ៣៨២ ដុល្លារ/ហ៊ុន។ តម្លៃ​នេះ​កាលពី​ម្សិលមិញ នៅសល់តែ ១៤៨ ដុល្លារ។

Laura Martin ដែលជា​អ្នកវិភាគ Internet ប្រចាំ​ក្រុមហ៊ុន Needham & Co យល់ថា ការវិនិយោគ​ទៅលើ metaverse (ចក្រវាល​និម្មិត) បាន​ទាញ​ក្រុមហ៊ុន Meta ឱ្យ​ធ្លាក់ចុះ។ Zuckerberg ធ្លាប់បាន​និយាយថា គម្រោង​នេះ​អាច​ត្រូវ​ការប្រាក់​ច្រើន​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ឆ្នាំ​ទៀត។ Martin និយាយថា Meta កំពុង​ខំប្រឹង​ដើម្បី​អូសទាញ​អ្នកប្រើប្រាស់​ពី TikTok ត្រលប់​មកវិញ។ ជាង​នេះ Meta ក៏ត្រូវ​រង​សម្ពាធ​ខ្លាំង​ពី​ការដែល​ប្រទេស​ជាច្រើន​រឹតបន្តឹង​លើ Facebook៕

Advertisement