ប្រាក់​ឈ្នួល​របស់កម្មករ​ កម្មការិនី​រោង​ចក្រ​ ​ក្នុង​ឆ្នាំ​ ២០២៣ នឹង​មាន​ចំនួន ២០០ ដុល្លារ​អាម៉េរិក

ក្រសួងការងារ ទើប​តែ​ចេញសេចក្តីថ្លែង​ការណ៍​មួយ​នាព្រឹក​ថ្ងៃទី ២១ កញ្ញា ស្ដីពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ​កម្មការិនី​រោង​ចក្រ​ សម្រាប់​ឆ្នាំ​ ២០២៣​។

ក្នុង​កិច្ច​ប្រជុំ​នាពេល​កន្លង ភាគី​តំណាង​កម្មករ កម្មការិនី បាន​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា ៣ តួលេខ​ផ្សេង​គ្នា​ គឺ ២០៦ ដុល្លារ​, ២១០ ដុល្លារ និង ២១៣ ដុល្លារ​ ខណៈ​ដែល​តំណាង​រោង​ចក្រ​បាន​ដំឡើង​ដល់​ ១៩៨ ដុល្លារ​។ ចំណែក​តំណាង​រដ្ឋាភិបាល​វិញ បាន​ជ្រើស​យក​តួលេខ​ ១៩៨ ដុល្លារ​។

ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួលេខ​ខាងលើ និង​ដោយ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ស្នើតួលេខ​ ១៩៨ ដុល្លារ​ ជូន​រដ្ឋមន្ត្រី​​ក្រសួង​ការ​ងារ​ ពិនិត្យ​ សម្រេច។

ក្រោយ​ការ​ពិនិត្យ​ ពិភាក្សា​ រាជរដ្ឋាភិបាល​ក៏សម្រេច​បន្ថែម​ថវិកា​រដ្ឋ ០២ ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​ ១៩៨ ដុល្លារ​។ ដូច្នេះ​ ប្រាក់​ឈ្នួល​សរុប​សម្រាប់​កម្មករ កម្មការិនី​នៅ​ឆ្នាំ ២០២៣ នឹង​មាន​ចំនួន ២០០ ដុល្លារ​អាម៉េរិក​។

 

 

Advertisement