អ្នក​រើស​អេតចាយ​នៅ New York រកប្រាក់​បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ

តាម​ការ​គណនា មនុស្ស​ប្រហែល​ពី ៨,០០០ ទៅ ១០,០០០ នាក់​នៅ​ទីក្រុង New York សហរដ្ឋ​អាម៉េរិក កំពុង​រកប្រាក់​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ និង​បង់ថ្លៃ​សាលា​ឱ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ ដោយ​ការ​រើស​សម្បក​កំប៉ុង។

នៅ​ជ្រុង​មួយ​នៃ​ផ្លូវ Riverside Drive និង West 89th Street អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​អាច​មើលឃើញ​ថង់​ប្លាស្ទិ​ក​ផ្ទុក​ពេញ​ទៅដោយ​សម្បក​កំប៉ុង សម្បក​ដប​ជ័រ​ដែល​គេ​ប្រើប្រាស់​រួច។

សារព័ត៌មាន New York Times បានឱ្យដឹងថា ថ្វីបើ​ថង់​ដាក់​សម្បក​កំប៉ុង​ទាំងនេះ​មើលទៅ​ដូច​សំរាម ប៉ុន្តែ​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់ Queens នេះ​គឺជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ។

ថង់​ប្លា​ស្ទិ​ក​ធំ​មួយ​អាច​ផ្ទុក​សម្បក​កំប៉ុង​បាន​ប្រហែល ២០០ ក្នុង​នោះ សម្បក​កំប៉ុង​ ១ មាន​តម្លៃ​ខ្ទង់ ៥ សេន​អាម៉េរិក (ប្រហែល ២០០ រៀល) នៅពេល​ទៅ​លក់​ឱ្យ​មជ្ឈមណ្ឌល​កែច្នៃ Elmsford (New York)។ ការងារ​នេះ​ត្រូវមាន​ការអត់ធ្មត់ រើស​សន្សំ​ម្ដង ១ កំប៉ុងៗ ប៉ុន្តែ វា​នាំមក​នូវ​ប្រាក់ចំណូល​សំខាន់​សម្រាប់​គ្រួសារ​ក្រីក្រ​នៅក្នុង​ទីក្រុង​នេះ។

នៅក្នុង​ថ្ងៃ​ណា​ដែល​សំណាង​បំផុត អ្នក​រើស​សម្បក​កំប៉ុង​អាច​ប្រមូលបាន​ខ្ទង់ ១០០ ថង់ ដែល​នេះ​ស្មើនឹង​ទឹកប្រាក់ ១,០០០ ដុល្លារ។

លោក Ryan Castalia នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​ប្ដូរ​អំណោយ Sure We Can ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ បាន​គណនា​ឃើញថា មនុស្ស​ប្រហែល​ពី ៨,០០០ ទៅ ១០,០០០ នាក់​នៅ New York កំពុង​រកប្រាក់​តាមរ​យៈ​ការ​រើស​សម្បក​កំប៉ុង សម្បក​ដប​ជ័រ។

លោក Ray del Carmen រស់នៅក្នុង​តំបន់ Brooklyn និង​ធ្លាប់​ដើរ​រើស​សម្បក​កំប៉ុង ហើយ​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​មួយរូប​នៅ Sure We Can បានឱ្យដឹងថា ក្រុម​អ្នក​រើស​សម្បក​កំប៉ុង​ដឹង​យ៉ាងច្បាស់​ថា តែងតែមាន​ថ្ងៃ​សំណាង ថ្ងៃ​ដែល​រកបាន​សម្បក​កំប៉ុង​ច្រើន​បំផុត ពិសេស​គឺ​នៅក្នុង​រដូវ​បុណ្យធំៗ។

ថ្ងៃបុណ្យ «គ្រប់គ្នា​ឆាប់​ចាប់ផ្ដើម​ផឹកស្រា​បៀ​។ ពី​ម៉ោង ១៤ រហូតដល់​ម៉ោង ៤ ទៀបភ្លឺថ្ងៃ​ស្អែក ខ្ញុំ​គ្រាន់តែ​ដើរ​ពីរ​ង្គ​សាល​មួយ​ទៅរ​ង្គសាល​មួយ​នៅ​កណ្ដាល​ក្រុង 45 ក៏​អាច​រក​ប្រាក់បាន​ ៨០០ ដុល្លារ​​ដោយ​ងាយ» Ray del Carmen បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ដូច្នេះ៕

Advertisement