ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជាង ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ចូលទៅ​ទទួល​ប្រាក់

អ្នក​ត្រូវ​ឆ្នោត Mega Millions មុន​ៗ

(សហរដ្ឋ​អាម៉េរិក)-រយៈពេល​ជិត ៨ សប្ដាហ៍ បន្ទាប់ពី​ប្រកាស​រង្វាន់​ពិសេស Mega Millions ដែលមាន​តម្លៃ ១.៣៤ ពាន់​លាន​ដុល្លារ អតិថិជន​មហា​សំណាង​ដែល​ត្រូវ​ឆ្នោត​នេះ បាន​ទៅ​ទទួល​ប្រាក់​នៅឯ Illinois សហរដ្ឋ​អាម៉េរិក។

ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois កាលពី​ថ្ងៃទី ២១ កញ្ញា បានឱ្យដឹងថា ម្ចាស់​សន្លឹកឆ្នោត​រង្វាន់​ពិសេស Mega Millions តម្លៃ ១.៣៤ ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៩ កក្កដា គឺជា​មនុស្ស ២ នាក់ ដែល​មុន​នោះ ពួកគេ​បាន​សន្យា​នឹង​គ្នា​ថា នឹង​ចែក​ប្រាក់រង្វាន់​នេះ​ម្នាក់​ពាក់កណ្ដាល បើសិនជា​ត្រូវ។

ស្ថាប័ន​ខាងលើ​ប្រាប់ថា ម្ចាស់​រង្វាន់​ខាងលើ​ក៏បាន​ចំណាយពេល​ច្រើន​សប្ដាហ៍​ដើម្បី​ពិភាក្សា​ជាមួយ​អ្នកច្បាប់ និង​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ។ ពួកគេ​សុទ្ធតែ​មិន​ចង់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ និង​ជ្រើសរើស​វិធី​ទទួល​ប្រាក់​មួយ​លើក។

«ខ្ញុំ​បានធ្វើការ​ក្នុង​ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois អស់​រយៈពេល ៥ ឆ្នាំ ហើយ​នេះ​គឺជា​រង្វាន់​ធំ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ចាត់ចែង» Luis Rodriguez ដែលជា​មន្ត្រី​ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois ថ្លែង​ដូច្នេះ។

ម្ចាស់​សន្លឹកឆ្នោត​ដែល​ឈ្នះ​រង្វាន់​ពិសេស​នេះ​បាន​ទិញ​ឆ្នោត​នៅឯ​ស្ថានីយ​ប្រេងសាំង Speedway ក្នុង​ទីក្រុង Des Plaines កាលពី​ខែកក្កដា ២០២២ នេះ​បើតាម Harold Mays ប្រធាន​ស្ថាប័ន​ឆ្នោត​រដ្ឋ Illinois។

ជំនួស​ឱ្យ​ការស្នើ​ឱ្យ​អ្នក​ត្រូវ​ឆ្នោត​បង្ហាញ​អត្តសញ្ញាណ​ដូច​ទៅនឹង​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក អ្នក​ត្រូវ​ឆ្នោត​ដែលមាន​តម្លៃ​ចាប់ពី ២៥០,០០០ ដុល្លារ នៅ Illinois មាន​សិទ្ធិ​មិន​ប្រកាស​អំពី​អត្តសញ្ញាណ។

រង្វាន់ ១.៣៤ ពាន់​លាន​ដុល្លារ គឺជា​រង្វាន់​ធំជាងគេ​ទី ៣ នៅក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក។ អ្នក​ត្រូវ​ឆ្នោត​មាន​សិទ្ធិ​ទទួល​ប្រាក់រង្វាន់​ក្នុង​រង្វង់ ១២ ខែ រាប់​ចាប់​ពីថ្ងៃ​ប្រកាស​លេខឆ្នោត និង​មាន​ពេល ៦០ ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ទទួល​ប្រា​ក់មួយ​លើក ឬ​ទទួល​ជា​ចំណែកតូចៗក្នុង​រយៈពេល ២៩ ឆ្នាំ៕

Advertisement