តំណែង «មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក» បាន​ទៅលើ​ជនជាតិ​កូរ៉េខាងត្បូង

យោងតាម​របាយការណ៍​ថ្មី នារី​ដែលជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក​រូបនេះ កើន​ឆ្នាំ ២០០៤ ពោលគឺ​ឆ្នាំនេះ​នាង​មាន​អាយុ​ទើបតែ ១៨ ឆ្នាំ​ប៉ុណ្ណោះ។

Kim Jung-youn កូនស្រី​របស់​អតីត​មហាសេដ្ឋី Kim Jung-ju ស្ថាបនិក​របស់ Nexon (ក្រុមហ៊ុន​ហ្គេម​អេ​ឡិច​ត្រូ​និ​ចអន​ឡាញ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទ) ដែល​បានទទួល​មរណភាព​កាលពី​ខែកុម្ភៈ ២០២២ បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​បាន​ស្នង​មរតក​ជា​ភាគហ៊ុន​នៅ Nexon នេះ​បើតាម Forbes។

Jung-youn និង​បងស្រី​របស់​នាង គឺ Jung-min បានទទួល​មរតក​ជា​ភាគហ៊ុន​ក្នុង​ម្នាក់ ៣០.៧៨% នៅក្នុង​ក្រុមហ៊ុន NXC ដែលជា​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​សព​លោក Kim Jung-ju ដែលជា​ឪពុក​របស់​ពួកនាង។

NXC គឺជា​ភាគ​ហ៊ុ​និក​ធំជាងគេ​នៅ Nexon ដោយ​កាន់កាប់​ភាគហ៊ុន​ជិត ៤៨% នៅក្នុង​ក្រុមហ៊ុន​នេះ។ បន្ទាប់ពី​បូករួម​ទាំង​ភាគហ៊ុន​ដែល Jung-youn និង Jung-min មាននៅ​ក្នុង NXC ទ្រព្យ​សុទ្ធ​សរុប​ដែល​ពួកនាង​កំពុង​មានបាន​កើន​ដល់ ២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

អតីតមហាសេដ្ឋី Kim Jung-ju

យោងតាម​ទស្សនាវដ្ដី Forbes ក្រោយពី​បាន​ដក​ការចំណាយ​ទៅលើ​ពន្ធ​លើ​សិទ្ធិ​ស្នង​មរតក​ដែល​ត្រូវបាន​គណនា​ដោយ​ក្រុម​អ្នកជំនាញ នាង Kim Jung-youn នៅសល់​ទ្រព្យ​សុទ្ធ​តម្លៃ​ជាង ១.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​នាង Kim Jung-min នៅសល់ ១ ពាន់​លាន​ដុល្លារ។ ចំណែក​ភរិយា​របស់​សព​លោក Kim Jung-ju គឺ​មហា​សេដ្ឋិនី Yoo Jung-hyun អាយុ ៥៣ ឆ្នាំ ទទួលបាន​ភាគហ៊ុន​ជា​មរតក​ពី​ស្វាមី​នៅ NXC ចំនួន ៤.៥%។

កូរ៉េខាងត្បូង គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​យកពន្ធ​លើ​ទ្រព្យ​ជាម​រតក​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក៕

Advertisement