ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាង​គេ​នៅ សហរដ្ឋ​អាម៉េរិក ឆ្នាំ ២០២២ ៖ Elon Musk គ្មាន​គូប្រជែង ខណៈ​ Mark Zuckerberg ចាក​ចេញពី​ «top 10» ជា​លើក​ដំបូង​

ក្រុម​មហា​សេដ្ឋី ២០ រូប​ដែល​មានទ្រព្យ​ច្រើនជាង​គេ​បង្អស់​នៅ​ សហរដ្ឋ​អាម៉េរិក ឆ្នាំ​ ២០២២ បាន​បាត់​បង់​​ប្រាក់​អស់ ២៣៥ ពាន់​លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំ​កន្លង​ ដោយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​សម្ពាធ​របស់​អតិផរណា​ និង​ទីផ្សារ​មូលបត្រ​ដាំក្បាល​ចុះ​។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ និង​ការ​ប្រមូលទិន្នន័យ​របស់​ទស្សនាវដ្ដី Forbes ក្រុម​អ្នកមាន​ជាង​គេ​ ២០ រូប​នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ​ ២០២២ មាន​ទ្រព្យ​សុទ្ធ​សរុប​ ១.៦ ទ្រីលាន (១,៦០០,០០០,០០០,០០០) ​ដុល្លារ​អាម៉េរិក ថយ​ចុះ​ ២៣៥ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​កន្លង​។

អាច​និយាយ​បាន​ថា មហា​សេដ្ឋី​ដែល​បាត់​បង់​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​​មហា​សេដ្ឋី​កំពូល​ៗ​នៅ សហរដ្ឋ​អាម៉េរិក នា​ឆ្នាំ​នេះ គឺ Mark Zuckerberg ម្ចាស់​ Meta Platforms (ក្រុម​ហ៊ុន​មេ​របស់ Facebook)។

Zuckerberg បាន​បាត់​បង់​ទ្រព្យ​ប្រហែល ៥៧% ស្មើ​នឹង ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់ Facebook ត្រូវ​ខ្ទាត​ចេញ​ពី​បញ្ជី​ឈ្មោះកំពូល​​មហាសេដ្ឋី​​ទាំង​ ១០ របស់ សហរដ្ឋ​អាម៉េរិក ជា​លើក​ដំបូង គិត​ចាប់​ពី​ឆ្នាំ​ ២០១៤​។ មហា​សេដ្ឋី​បច្ចេកវិទ្យា​ ៨ រូប​ផ្សេង​ទៀត រួម​មាន​ទាំង​ Bill Gates, Larry Page និង Sergey Brin ជា​ដើម បាន​បាត់​បង់ទ្រព្យ​សរុប​ ១៨៨ ពាន់​លានដុល្លារ​អាម៉េរិក​។

មហា​សេដ្ឋី​ ៤ រូប​ ក្នុង​ចំណោមអ្នក​មានជាង​គេ​ ២០ រូប​នៅ​ សហរដ្ឋ​អាម៉េរិក នា​ឆ្នាំ​នេះ មាន​ទ្រព្យ​សុទ្ធ​​តម្លៃ​ចាប់​ពី ១០០ ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ​ថយចុះ​ពាក់​កណ្ដាល​ធៀប​នឹង​ ៨ រូប​ក្នុង​ឆ្នាំ​កន្លង​ ប៉ុន្តែ កើន​ឡើង​ធៀប​នឹង​ ២ រូប​កាលពី​ឆ្នាំ​ ២០២០ និង​គ្មាន​ម្នាក់សោះ​​ក្នុង​ឆ្នាំ​ ២០១៧​។

ពុំមាន​អ្នក​ណា​ម្នាក់​អាច​លោត​រំលង​ Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិតរថយន្ត​អគ្គិសនី Tesla និង​ SpaceX ដែល​ឡើង​មក​នាំ​មុខ​គេ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី ៤០០ រូប​ដែល​មានទ្រព្យច្រើន​ជាង​គេ​នៅ សហរដ្ឋ​អាម៉េរិក​។

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ Elon Musk មាន​ទ្រព្យ​សរុប​ ២៥១ ពាន់​លាន​ដុល្លារ​ កើន​ ៦០.៥ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​កន្លង​ ដោយ​សារ​ភាគ​ហ៊ុន Tesla ឡើង​ថ្លៃ​ ១១% ខណៈ​ដែល​ SpaceX ត្រូវបាន​កំណត់​តម្លៃ​រហូត​ដល់ ១២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​។

បច្ចុប្បន្ន កំពូល​មហា​សេដ្ឋី​ Elon Musk មាន​ទ្រព្យច្រើន​ជាង Jeff Bezos ម្ចាស់​ Amazon រហូត​ដល់​ជាង ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

Advertisement