ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី

ការផ្ដល់​ជំនួយ​សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នេះ គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំពុងមាន​ផែនការ​ផ្ដល់ជំនួយ​ដល់​អ្នក​ទាំងឡាយណា​ដែល​ទិញ​ម៉ូតូ​អគ្គិសនី​ថ្មី និង​រថយន្ត​អគ្គិសនី​ថ្មី។

ឥណ្ឌូណេស៊ី នឹង​ផ្ដល់ជំនួយ 80 លាន​រូពៀ ប្រហែល​នឹង 5,000 ដុល្លារ​អាម៉េរិក សម្រាប់​ពលរដ្ឋ​ដែល​ទិញ​រថយន្ត​អគ្គិសនី, 40 លាន​រូពៀ ប្រហែល​នឹង 2,500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​រថយន្ត​កូនកាត់ (អគ្គិសនី + សាំង) និង 8 លាន​រូពៀ ប្រហែល​នឹង 500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​ម៉ូតូ​អគ្គិសនី។

ក្រៅបីនេះ ឥណ្ឌូណេស៊ី ក៏​នឹង​ផ្ដល់ជំនួយ 5 លាន​រូពៀ ប្រហែល 320 ដុល្លារ​អាម៉េរិក សម្រាប់​អ្នក​ដែល​ព្រម​ប្ដូរ​ម៉ូតូ​ម៉ាស៊ីន​ចំហេះ​ក្នុង ទៅជា​ម៉ូតូ​អគ្គិសនី​ផងដែរ។

កម្មវិធី​ខាងលើនេះ​អាច​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ 2023។ ឥណ្ឌូណេស៊ី បានកំណត់​គោលដៅ​មាន​ម៉ូតូ​អគ្គិសនី​យ៉ាងតិច 1.2 លាន​គ្រឿង និង​រថយន្ត​អគ្គិសនី 35 ពាន់​គ្រឿង​នៅ​ឆ្នាំ 2024៕

Advertisement