អាវុធ​ដែល​ជួយ​ឱ្យ Bill Gates «មិន​ធ្វើ​អ្វីសោះ» ក៏​នៅតែមាន​ប្រាក់ចំណូល​ខ្ពស់

មហា​សេដ្ឋី​អាម៉េរិក លោក Bill Gates

ក្នុង​រយៈពេល​ជិត 30 ឆ្នាំ​កន្លង មហាសេដ្ឋី​អាម៉េរិក Bill Gates មិន​ធ្លាប់មាន​ការបារម្ភ​អំពី​ការគ្រប់គ្រង​ប្រាក់​យ៉ាងច្រើន​របស់គាត់ ហើយ​ថែមទាំង «អង្គុយ​កេះ​ក្រចកដៃ» ក៏​នៅតែមានឡើងៗ។

លោក Bill Gates គឺជា​មហាសេដ្ឋី​ដែល​ទំនងជា​ល្បីឈ្មោះ​ខ្លាំង​បំផុត​នៅ​ជ្រលង Silicon មិន​ត្រឹមតែ​ក្នុងនាម​ជា​សហ​ស្ថាបនិក និង​ជា​អតីត CEO របស់ Microsoft នោះទេ ប៉ុន្តែ ក៏​ព្រោះតែ​ការរួមចំណែក​របស់គាត់​នៅក្នុង​សកម្មភាព​មនុស្សធម៌។

បច្ចុប្បន្ន មហាសេដ្ឋី Bill Gates មានទ្រព្យ​ប្រមាណ 111 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក។ បើ​ទោះ​បាន​បរិច្ចាគ​ប្រាក់​រាប់សិប​ពាន់​​លាន​ដុល្លារ ប៉ុន្តែ សប្បុរសជន​វ័យ 67 ឆ្នាំ​រូបនេះ នៅតែ​អាច​រក្សាបាន​នូវ​ភាពមានបាន​ដដែល។ ជាក់ស្ដែង ក្នុង​រយៈពេល​ជិត 30 ឆ្នាំ​កន្លង មហាសេដ្ឋី​អាម៉េរិក Bill Gates មិន​ធ្លាប់មាន​ការបារម្ភ​អំពី​ការគ្រប់គ្រង​ប្រាក់​ដ៏​សម្បើម​​របស់គាត់ ហើយ​ថែមទាំង «អង្គុយ​កេះ​ក្រចកដៃ» ក៏​នៅតែមានឡើងៗ។

Cascade គឺជា «អាវុធ» រកប្រាក់​ដ៏​សម្ងាត់​របស់ Bill Gates

ទាំងអស់​ស្ថិតនៅលើ «អាវុធ» សម្ងា​ត់មាន​ឈ្មោះថា Cascade Investment ជា​មូលនិធិ​ឯកជន​ដែល​លោក Gates បាន​បង្កើតឡើង​កាលពី​ឆ្នាំ 1995 និង​ប្រគល់ឱ្យ Michael Larson ជា​អ្នកគ្រប់គ្រង។

Larson ត្រូវបាន​ចាត់ទុកថា​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​បុរស​មានអំណាច និង​ស្ងាត់ស្ងៀម​បំផុត​ក្នុង​ស្រទាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​នៅ សហរដ្ឋ​អាម៉េរិក។ ដោយសារ Larson និង​មួយផ្នែក​ដោយសារ​តម្លៃ​ភាគហ៊ុន​របស់ Microsoft កើនឡើង​ខ្ពស់ ទ្រព្យសម្បត្តិ​របស់លោក Gates ក៏បាន​កើន​ពី 5 ពាន់​លាន​ដុល្លារ ឡើងដល់​ជាង 100 ពាន់​លាន​ដុល្លារ​អាម៉េរិក។

លោក Bill Gates និងលោក Michael Larson

ដោយសារតែ Cascade មិនមែនជា​ក្រុមហ៊ុន​មហាជន និង​ស្ងាត់ស្ងៀម ដូច្នេះ​ពិបាក​ក្នុងការ​ដឹងបាន​អំពី​ខ្ទង់​វិនិយោគសំខាន់ៗរបស់​ពួកគេ។ ប៉ុន្តែ យោងតាម Wall Street Journal លោក Larson បាន​វិនិយោគ​ប្រាក់​របស់លោក Gates ទៅ​លើដី​កសិកម្ម សណ្ឋាគារ មូល​ប​ត្រ និង​ទីតាំង​កីឡា​ជាដើម។

Cascade វិនិយោគ​ទៅលើ​សណ្ឋាគារ Four Seasons កាលពី​ឆ្នាំ 1997 ហើយ​បច្ចុប្បន្ន Gates មាន​ភាគហ៊ុន​ជាង 71% នៅក្នុង​ក្រុមហ៊ុន​ដែលមាន​តម្លៃ 10 ពាន់​លាន​ដុល្លារ​នេះ។ នៅក្នុង​ក្រុមហ៊ុន​គ្រប់គ្រង​វត្ថុ​ធាតុ​សំណល់ Republic Services តម្លៃ 40 ពាន់​លាន​ដុល្លារ លោក Gates កាន់កាប់​ភាគហ៊ុន​ជាង 34%។ ក្រៅពីនេះ លោក Gates ក៏​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស Ecolab ផងដែរ។

អំពី​លោក Michael Larson

លោក Michael Larson កើត​ឆ្នាំ 1959 នៅ California សហរដ្ឋ​អាម៉េរិក។ ឆ្នាំ​អាយុ 16 ក្រោយពី​បញ្ចប់​ការសិក្សា​កម្រិត​ទី 3 លោក Michael Larson ក៏​បន្ត​រៀន​នៅ​សាកលវិទ្យាល័យ Claremont McKenna ផ្នែក​ហិរញ្ញវត្ថុ។ អាយុ 21 ឆ្នាំ គាត់​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ពាណិជ្ជក​ម្ម​នៅ សាកលវិទ្យាល័យ Chicago។

លោក Michael Larson

ក្រោយមក Larson ធ្វើការ​ក្នុង​ផ្នែក​ទិញដូរ​ក្រុមហ៊ុន​របស់ ARCO មុនពេល​ងាក​ទៅធ្វើ​ការឱ្យ​មូលនិធិ​វិនិយោគ Putman និង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់ខ្លួន។ ឆ្នាំ 1994 Larson ក៏បាន​ទទួលយក​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​ឱ្យ​លោក Bill Gates ដែល​កាលណោះ​គឺជា​អ្នកមាន​ជាងគេ​បង្អស់​លើ​ពិភពលោក។ លោក Larson ទទួលបាន​ការជឿជាក់​ពី​លោក Gates និង​ទទួល​បាន​​សិទ្ធិ​មួយ​ភាគ​ធំ​ក្នុងការ​សម្រេចចិត្ត​លើ​គម្រោង​វិនិយោគ​នានា​របស់ Cascade។

បច្ចុប្បន្ន លោក Michael Larson នៅ​បន្ត​ធ្វើជា​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាម៉េរិក Bill Gates៕

Advertisement