IDA ផ្ដល់​កម្ចីជាង 270 លាន​ដុល្លារ​ដល់កម្ពុជា គ្រា​ដែល​ភាពក្រីក្រ​កើនឡើង​ជិត 3%

សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែលជា​មូលនិធិ​របស់ ធនាគារពិភពលោក (WB) សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ ផ្តល់​ឥណទាន​ចំនួន 274 លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ដល់ កម្ពុជា ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ និង​វិបត្តិ​អតិផរណា។

សេចក្តីប្រកាស​ពត៌មាន​របស់​ធនាគារពិភពលោក​កាលពី​ថ្ងៃទី 20 ធ្នូ 2022 បានឱ្យដឹងថា ឥណទាន នេះ​គឺជា​ការបន្ថែម​ទៅលើ​ហិរញ្ញប្បទាន 200 លាន​ដុល្លារ​អាមេរិក ដែល WB ធ្លាប់បាន​ផ្តល់ឱ្យ កម្ពុជា កាលពី​ឆ្នាំ​កន្លង។

ការសម្រេចចិត្ត​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ទិន្នន័យ​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ កម្ពុជា បាន​ធ្លាក់ចុះ​ដល់ -3.1% ក្នុង​ឆ្នាំ 2020 ដែលជា​ការធ្លាក់ចុះ​ដ៏​ខ្លាំងជាងគេ​ក្នុង​រយៈពេល 30 ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​កូ​វីដ-19។ មិន​ត្រឹមតែ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​សកល​នោះទេ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា ក៏​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ផងដែរ នេះ​បើតាម WB។

ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​ខាងលើ បាន​នាំឱ្យ​អត្រា​នៃ​ភាពក្រីក្រ​នៅ កម្ពុជា កើនឡើង​ចំនួន 2.8% ដោយ​មនុស្ស​ប្រហែល 4.6 សែន​នាក់ ត្រូវ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​ជាថ្មី។

យោងតាម WB ឥណទាន​ថ្មី​នេះ នឹង​ជួយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ លទ្ធភាព​នៃ​ការប្រកួតប្រជែង សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ជួយ​ដល់​គ្រួសារ​រងគ្រោះ​បាន​ទាន់ពេលវេលា​ផងដែរ៕

Advertisement