វិធីសំខាន់ចំនួន4 ដែលអ្នកត្រូវជ្រើសដើរ បើចង់ក្លាយជាអ្នកមាន…

សន្សំសំចៃ រួចធ្វើការវិនិយោគ មិនត្រឹមតែជាវិធីងាយស្រួលបំផុតដើម្បីក្លាយជាអ្នកមាននោះទេ តែបើសិនអ្នកឆាប់ចាប់ផ្ដើមធ្វើវា អ្នកនឹងទទួលជោគជ័យមិនខាន។

អ្នកធ្លាប់សួរខ្លួនឯងទេថា “តើអ្នកមានទាំងនោះ បានធ្វើអ្វីខ្លះទើបធ្វើឱ្យពួកគេក្លាយជាអ្នកមានបែបនោះ”?

ខាងលើនេះ ជាប្រការដែល Tom Corley (គណនេយ្យករ អ្នកធ្វើគម្រោងហិរញ្ញវត្ថុ និងជាម្ចាស់សៀវភៅដែលនិយាយអំពី វិថីដើម្បីក្លាយជាអ្នកមាន) លោកបានចំណាយពេល 5ឆ្នាំក្នុងការធ្វើសម្ភាស និងស្រាវជ្រាវទៅលើសកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានចំនួន 233នាក់។ អ្នកមានទាំងនេះ សុទ្ធតែមានប្រាក់ចំណូលយ៉ាងតិច160,000ដុល្លារ/ឆ្នាំ និងមានទ្រព្យសម្បត្តិយ៉ាងហោច 3.2លានដុល្លារអាមេរិក។

ក្នុងការស្រាវជ្រាវរបស់លោក Tom Corley បានបង្ហាញថា អ្នកមានទាំងនោះ ប្រើប្រាស់វិធីសាស្ដ្រសំខាន់ចំនួន4។ វិធីសន្សំ និងវិនិយោគ គឺងាយស្រួលជាងគេ ខណៈវិធីផ្សេងទៀតមានហានិភ័យច្រើន។

1.សន្សំ និងវិនិយោគ

Tom Corley បានឱ្យដឹងថា ក្នុងចំណោមអ្នកមានទាំងអស់ដែលលោកបានសម្ភាស គឺមានតែ 22% ប៉ុណ្ណោះដែលជ្រើសរើសវិធីសន្សំប្រាក់ និងវិនិយោគ។ នេះ មិនត្រឹមតែជាវិធីងាយស្រួលក្នុងការធ្វើដំណើរទៅរកភាពមានបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីមួយដែលធានាថា អ្នកនឹងក្លាយជាអ្នកមានពិតប្រាកដ បើសិនជាអ្នកឆាប់ចាប់ផ្ដើមធ្វើវា។ ក្រុមអ្នកមាននៅក្នុងការស្រាវជ្រាវរបស់ Tom Corley ភាគច្រើនសុទ្ធតែរកបាន 1លានដុល្លារជាលើកដំបូង នៅពេលពួកគេមានវ័យចាប់ពី 35 ទៅ 39ឆ្នាំ ហើយសន្សំបានជាមធ្យម 3.3លានដុល្លារពេលមានអាយុ 55ឆ្នាំ។

ក្រុមអ្នកមាននេះ មាន 4ចំណុចដូចគ្នា៖
-ពួកគេតែងមានប្រាក់ចំណូលមធ្យម។
-ការចំណាយប្រចាំថ្ងៃរបស់ពួកគេ មានកម្រិតទាប ហើយពួកគេចូលចិត្តសន្សំសំចៃជាជាងការចាយវាយខ្ជះខ្ជាយ។
-ពួកគេសន្សំប្រាក់ 20% ឬច្រើនជាងនេះ បើធៀបនឹងចំណូលរបស់ពួកគេ។
-ពួកគេយកប្រាក់ដែលសន្សំបានទៅវិនិយោគតាំងតែពីយូរ ហើយបន្តធ្វើកិច្ចការនេះដោយការប្រុងប្រយ័ត្នបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់។

មិនថាកិច្ចការដែលពួកគេធ្វើរាល់ថ្ងៃជាកិច្ចការអ្វីនោះទេ តែក្រុមនេះនៅតែធ្វើឱ្យការសន្សំ និងវិនិយោគរបស់ពួកគេក្លាយជាទម្លាប់ ហើយពួកគេក៏មិនភ្លេចរិះរកគំនិតល្អៗ ឆ្លាតវៃ ដើម្បីបង្កើនភាពមានបាន។ វិថីឆ្ពោះទៅរកការសន្សំប្រាក់ និងវិនិយោគ មិនមែនសម្រាប់អ្នករាល់គ្នានោះទេ។ វាទាមទារការយល់ដឹងពីរឿងហិរញ្ញវត្ថុ និងការប្ដេជ្ញាចិត្តយូរអង្វែង។

2.រត់តាមក្ដីស្រមៃរបស់ខ្លួន
នេះប្រហែលជាវិធីដ៏លំបាកមួយ ដើម្បីបង្កើតភាពមានបាន ព្រោះវាទាមទារឱ្យយើងរត់តាមក្ដីស្រមៃ ដូចជាការចាប់ផ្ដើមរកស៊ី ការក្លាយជាតារាចម្រៀង ឬអ្នកនិពន្ធដែលប្រកបដោយជោគជ័យ។

ប្រហែល 28% នៃអ្នកមានដែលស្ថិតក្នុងការស្រាវជ្រាវរបស់លោក Tom Corley បានជ្រើសរើសយកវិធីនេះ ហើយពួកគេរកបានប្រាក់ជាមធ្យម 7.4លានដុល្លារ(ច្រើនជាងក្រុមដទៃ) ក្នុងរយៈពេលប្រហែល 12ឆ្នាំ។

ពួកគេយល់ថា ការដេញតាមក្ដីស្រមៃរបស់ខ្លួន គឺជារឿងដែលមានប្រយោជន៍បំផុតដែលពួកគេបានធ្វើក្នុង 1ជីវិត។ ពួកគេបានធ្វើអ្វីដែលពួកគេចូលចិត្ត ហើយពួកគេបានចូលចិត្តនូវអ្វីដែលពួកគេបានធ្វើ ហើយចុងក្រោយ ប្រការដែលពួកគេចូលចិត្ត បានជួយឱ្យពួកគេមានប្រាក់កាន់តែច្រើននៅក្នុងធនាគារ។

អ្នកដែលចង់ជ្រើសរើសយកវិធីនេះ ពួកគេត្រូវតែត្រៀមចិត្តក្នុងការធ្វើការច្រើនម៉ោង និងអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ ភាគច្រើននៃពួកគេ បានធ្វើការលើស 61ម៉ោង/សប្ដាហ៍ មុននឹងសម្រេចបានតាមក្ដីស្រមៃ។ ក្នុងខួរក្បាលរបស់ក្រុមនេះ ហាក់ដូចជាពុំមានពាក្យថា ចុងសប្ដាហ៍ ឬរដូវលម្ហែកាយឡើយ។

ការទទួលបានប្រាក់ខែដែលមានស្ថិរភាពក្នុងដំណាក់កាលដំបូង វាហាក់ដូចជាមិនអាចទៅរួច។ អ្នកដែលមានភារកិច្ចត្រូវជួយពុកម្ដាយ បងប្អូន នឹងជួបការលំបាកច្រើន។ ដើម្បីមានប្រាក់រត់តាមក្ដីស្រមៃ មនុស្សមួយចំនួនត្រូវបង្ខំចិត្តលុបគម្រោងទិញផ្ទះ ឬក៏ពួកគេត្រូវយកលុយសម្រាប់ចូលនិវត្តន៍មកប្រើប្រាស់។ បើសិនអ្នកមិនចូលចិត្តការប្រឈមនឹងហានិភ័យ វិធីនេះនឹងមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។

3.ស្វែងរកវិធីរីកចម្រើនក្នុងក្រុមហ៊ុន
ពួកគេ គឺជាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗ ហើយបានចំណាយកម្លាំងកាយចិត្តដើម្បីធ្វើឱ្យមានការរីកចម្រើនក្នុងការងារ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងកំពូល។

នេះ គឺជាវិធីលំបាកទី2 ដើម្បីក្លាយជាសេដ្ឋី ហើយប្រហែល 31% នៃអ្នកដែលស្ថិតក្នុងបញ្ជីស្រាវជ្រាវរបស់ Tom Corley បានជ្រើសរើសយកវិធីនេះ។ ជាមធ្យម ពួកគេត្រូវចំណាយពេល 22ឆ្នាំ ដើម្បីរកបានប្រាក់ចាប់ពី 3.4លានដុល្លារទៅ។ ភាគច្រើន ការក្លាយជាអ្នកមានរបស់ពួកគេ គឺបានមកពីរង្វាន់ជាភាគហ៊ុនប្រចាំឆ្នាំ ឬការចែករំលែកប្រាក់ចំណេញពីក្រុមហ៊ុន។

ការជ្រើសរើសយកវិធីនេះ វាទាមទារឱ្យអ្នកត្រូវតែមានជំនាញក្នុងការបង្កើត និងរក្សាទំនាក់ទំនងល្អ និងយូរអង្វែងជាមួយបណ្ដាបុគ្គលមានអំណាចក្នុងវិស័យដែលអ្នកកំពុងធ្វើការ។

អ្នកដែលដើរតាមផ្លូវនេះ សុទ្ធតែជាមនុស្សដែលហ៊ានលះបង់ច្រើន ទាក់ទិននឹងពេលវេលា ដោយពួកគេត្រូវចេញទៅបំពេញបេសកកម្មជាញឹកញាប់ និងត្រូវខាតបង់ថ្ងៃសម្រាកជាហូរហែផងដែរ។

4. ក្លាយជាអ្នកជំនាញលំដាប់កំពូល
ក្នុងចំណោមអ្នកមានដែលបានចូលរួមក្នុងការស្រាវជ្រាវរបស់ Tom Corley គឺមាន 19% បានជ្រើសរើសយកវិធីនេះ។ ទាំងនេះ គឺជាមនុស្សដែលមានជំនាញលំដាប់កំពូលនៅក្នុងវិស័យដែលពួកគេកំពុងធ្វើ។ ពួកគេទទួលបានប្រាក់ខែខ្ពស់សម្រាប់ចំណេះដឹង និងជំនាញរបស់ពួកគេ ប្រការនេះធ្វើឱ្យពួកគេមានភាពខុសប្លែកពីគូប្រជែង។

ក្រុមអ្នកមានប្រភេទនេះ ត្រូវចំណាយពេល 20ឆ្នាំ ដើម្បីមានទ្រព្យជាមធ្យម 4លានដុល្លារ។ បុគ្គលទាំងនេះ មួយចំនួនធ្វើការឱ្យក្រុមហ៊ុនធំៗ មួយចំនួនធ្វើការក្នុងវិស័យសុខាភិបាល ឬជាម្ចាស់ក្រុមហ៊ុនខ្នាតតូច តែចំណូលខ្ពស់។

អ្នកជំនាញ ឬឯកទេសលំដាប់កំពូល មិនសម្រាប់តែអ្នកមានបញ្ញាពីកំណើតនោះទេ ប៉ុន្តែពួកគេត្រូវចំណាយពេលយូរឆ្នាំជាបន្តបន្ទាប់ក្នុងការសិក្សា និងសិក្សា។ ពួកគេតែងតែជាមនុស្សដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់ និងមានសញ្ញាបត្រខ្ពស់ៗ។

នេះមានន័យថា ពួកគេត្រូវវិនិយោគប្រាក់កាស់ច្រើន និងពេលវេលាដ៏យូរ មុនពេលបានទទួលប្រាក់ខែច្រើនដែលអាចធ្វើឱ្យពួកគេក្លាយជាអ្នកមាន៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

Advertisement