មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

Bank of America បាន​ឱ្យ​ដឹង​ថា គោលនយោបាយ​ជំរុញ​សេដ្ឋ​កិច្ច​​យ៉ាង​ខ្លាំង​ក្លា​របស់​បណ្ដា​ប្រទេស​ក្នុង​វិបត្តិ​សុខ​ភាព​លើក​នេះ នឹង​រុញ​តម្លៃ​មាស​ឱ្យ​ឡើង​ដល់​ 3,000​ដុល្លារ​ក្នុង​1​អោន (ounce) នា​ចុងឆ្នាំ​ក្រោយ​។

ធនាគារ​ Bank of America កាល​ពី​ថ្ងៃទី​20​មេសា​កន្លង​ទៅ បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា “Fed មិន​អាច​បោះ​ពុម្ភ​មាស​” ក្នុង​នោះ​បាន​ព្យាករ​ថា រយៈ​ពេល​18​ខែ​ទៀត តម្លៃ​មាស​នឹង​កើន​ពី​2,000​ដុល្លារ​ទៅ​3,000​ដុល្លារ​ក្នុង​1​អោន​។ តួលេខ​នេះ​ ខ្ពស់ជាង​50​% បើ​ធៀប​នឹង​ឯត​ទគ្គ​កម្ម​បច្ចុប្បន្ន​របស់​លោហ​ធាតុ​​ដែល​មាន​តម្លៃ​មួយ​នេះ​។

ការ​ព្យាករ​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ក្នុង​ទំហំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សុខ​ភាព​ COVID-19។ “នៅ​ពេល​ GDP ថយ​ចុះខ្លាំង​ ការ​ចំណាយ​ក្នុង​គោល​នយោបាយ​សារ​ពើ​ពន្ធ​​ និង​តារាង​តុល្យ​ការ​របស់​បណ្ដា​ធនាគារ​កណ្ដាល​ធំឡើង​ទ្វេ​ដង​ ហើយ​រូបិយប័ណ្ណ​​របស់​បណ្ដា​ប្រទេស​ក៏​នឹង​រង​សម្ពាធ​ខ្លាំង​ ដែល​មូលហេតុ​នេះ​ហើយ​ ធ្វើ​ឱ្យ​អ្នក​វិនិយោគនឹង​ងាក​ទៅ​រក​មាស​”។

ពួក​គេ​យល់​ថា មាស​គឺជា “ឧបករណ៍​រក្សា​តម្លៃ​សំខាន់​បំផុត​” នៅ​ក្នុង​អំឡុង​សេដ្ឋ​កិច្ច​កំពុង​ជួប​ឱន​ភាព​​ដ៏​ធ្ងន់​ធ្ងរ​។​ បន្ទាប់​ពី​ការ​លក់​ចេញ​កាល​ពី​​ឆ្នាំ​មុន មាស​បាន​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ។

ធនាគារ​ Bank of America ព្យាករ​ថា តម្លៃ​មាស​ជាមធ្យម​ក្នុង​ឆ្នាំ​នេះ​គឺ 1,695​ដុល្លារ​ក្នុង​1​អោន​ ហើយ​ឆ្នាំ​ក្រោយ​គឺ​ 2,063​ដុល្លារ​ក្នុង​1អោន។ តម្លៃ​ខ្ពស់​បំផុត​របស់​មាស​នៅ​ក្នុង​ទសវត្សរ៍​នេះ​​គឺ​ 1,921​​ដុល្លារ​ គឺ​នៅក្នុង​ខែ​កញ្ញា​ ឆ្នាំ​2011។ តម្លៃ​មាស​បច្ចុប្បន្ន គឺ​ប្រមាណ​ជា​ 1,688​ដុល្លារ​អាមេរិក​ក្នុង​1អោន ពោល​គឺ​​កើន​12% បើ​គិត​តាំង​ពី​​ដើម​ឆ្នាំ​។

Bank of America យល់​ថា បច្ចុប្បន្ន​នៅ​មាន​កន្លែង​ច្រើន​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​វិនិយោគ​ទៅ​លើ​មាស។ បើ​ទោះ​ជា​តម្លៃ​របស់​មាស​​បាន​ងើប​ឡើង​តាំង​ពី​ចុង​ខែ​ឧសភា​​ឆ្នាំ​មុន​ ប៉ុន្តែ​​បើ​តាម​ធនាគារ​នេះ បង្ហាញ​ថា ទុន​ភាគ​ច្រើន​​នៅ​តែ​មិន​ទាន់​សម្រុក​ចូល​ទៅ​ទី​ផ្សារ​​មាស​​នៅ​ឡើយ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ធនាគារ​នេះ​ក៏បាន​សង្កត់​ធ្ងន់​ថា តម្លៃ​មាស​នៅ​ពេល​ខាង​មុខ​ នៅ​តែ​មាន​ឧបសគ្គ​ច្រើន​ នោះ​គឺ​ប្រាក់​ដុល្លារ​អាមេរិក​​មាន​កម្លាំង​ខ្លាំង​ ការ​ប្រែ​ប្រួល​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​បាន​ធូរ​ស្រាល​ និង​តម្រូវ​ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការណ៍​នៅ​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន​ បាន​ដាំក្បាល​ចុះ សូម្បី​តែ​នៅ​ក្រោយ​សម័យ​ COVID-19៕

ប្រភព៖ Bloomberg

Advertisement