ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

សារ​ព័ត៌មាន​ Daily Mail បាន​រាយ​ការណ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជំពាក់​បំណុល​​ធនាគារ​ប្រទេស​ចិន​​រាប់​សិប​លាន​ដុល្លារ​​​​ ហើយ​ថា​ នឹង​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នៅ​ឆ្នាំ​2022 (ពាក់​កណ្ដាល​អាណត្តិ​ទី​2​របស់​លោក Trump បើ​សិន​លោក​ជាប់​ឆ្នោត​ម្ដង​ទៀត​)។

សិទ្ធិ​កាន់​កាប់​របស់​លោក Trump ចំពោះ​អគារ​ Manhattan ដែល​មាន​43ជាន់​ ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំមកហើយ​ ព្រម​ទាំង​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​លោក​Trump កាល​ពី​ឆ្នាំ​2015​ទៀត​ផង។

សារ​ព័ត៌មាន Daily Mail​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​30​% នៅក្នុង​អគារ​ 1290 Avenue of the Americas នៅ​ឯទីក្រុង​នីវ​យ៉ក សហរដ្ឋ​អាមេរិក​។ អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​សរុប​ឡើង​ដល់​ជាង​1​ពាន់​លាន​ដុល្លារ​។

អគារ​ Trump Tower ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ 1290 នេះ គឺជា​ផ្នែក​មួយ​នៃ​មោទកភាព​របស់​លោក Trump នៅ​ពេល​លោក​ធ្វើ​យុទ្ធ​នាយការ​រក​សំឡេង​ឆ្លោត​​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​2015។

លោក​ Trump បាន​ថ្លែង​កា​ល​ពី​ឆ្នាំ​2015​ នៅ​ក្នុង​អគារ​ Trump Tower ថា “ខ្ញុំ​បាន​យក​ឈ្នះ​លើ​ប្រទេស​ចិន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​។ ខ្ញុំ​បាន​កាន់​កាប់​មួយ​ផ្នែក​ធំ​នៃ​អគារ​ Bank of America នៅ​ San Francisco និង​អគារ​ 1290 Avenue ដែល​ខ្ញុំ​យក​បាន​ពី​ចិន​នៅក្នុង​ការ​ប្រកួត​ប្រជែង​មួយ​។ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​ចិន​”។

បើ​យោង​តាម​ទំព័រ​ Politico បាន​ឱ្យ​ដឹង​ថា ដៃគូ​របស់​លោក Trump គឺ​ក្រុម​ហ៊ុន​ Vornado Realty Trust កំពុង​កាន់​កាប់​70%​នៃ​អគារ​ខាងលើ​ ចាប់​តាំង​ពី​ឆ្នាំ​2012 នៅ​ពេល​ខ្ចី​ប្រាក់​950​លាន​ដុល្លារ​ដើម្បី​សង​បំណុល​លើ​ខ្ទង់​វិនិយោគ​ទៅ​លើ​អគារ​នេះ​។ ក្នុង​​នោះ ទឹក​ប្រាក់​ប្រមាណ​ជា​ 211​លាន​ដុល្លារ បាន​មក​ពី​កម្ចី​ពី​ធនាគារ​ចិន​ (BOC)។

លោក​ Trump ធ្លាប់​បាន​ប្រកាស​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​អ្នក​គ្រប់គ្រង​អាជីវ​កម្ម​​​​ក្នុងអំឡុង​រដូវ​បោះ​ឆ្នោត​ប្រធានាធិបតី​​ឆ្នាំ​2016 បើ​សិន​ជា​លោក​ជាប់​ឆ្នោត​។

ក៏ប៉ុន្តែ មនុស្ស​ជា​ច្រើន​យល់​ថា លោក​​ Trump នៅ​តែ​មិន​ព្រម​បោះ​បង់​អាណាចក្រ​ជំនួញ​របស់​ខ្លួន​ ដែល​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​500​ និង​អចលន​ទ្រព្យ​​នៅក្នុង​ប្រទេស​ជាង​20​ នៅក្នុង​ពិភពលោក ខណៈ​​បានក្លាយ​ជា​ម្ចាស់​សេត​វិមានទៅ​ហើយ​។ លោក​នៅ​តែ​គ្រប់​គ្រង​ Trump Organization បើ​ទោះ​ជា​បាន​ប្រគល់​សិទ្ធិ​ចាត់​ចែង​ទៅ​ឱ្យ​កូន​ប្រុស​2​រូប​របស់​ខ្លួន​រួច​ហើយ​ក្ដី​។

កាល​ពី​ខែ​មករា2019 លោក​ Trump ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden ដែល​​ជា​បេក្ខ​ភាព​លំដាប់​កំពូល​របស់​បក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​ឆ្នាំ​2020 ដែល​សំដៅ​ទៅ​លើ​ទំនាក់​ទំនង​របស់​កូន​ប្រុស​លោក Biden ជាមួយ​នឹង​មូលនិធិ​មួយ​ដែល​បាន​ស្វែង​រក​វិធី​ប្រមូល​ទុន​ពី​ប្រទេស​ចិន​។

លោក​ Trump យល់​ថា​ លោក​ Hunter Biden បាន​កេង​ចំណេញ​លើ​ឥទ្ធិពល​របស់​ឪពុក​ខ្លួន (លោក Joe Biden) ពេល​ដែល​កំពុង​កាន់​កាប់​តំណែង​អនុប្រធានាធិបតី​ ដើម្បី​ទទួលបាន​ប្រាក់​ 1.5ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​មូលនិធិ​ភាគ​ហ៊ុន​របស់​ខ្លួន ហើយ​រក​បានប្រាក់​ចំណេញ​​រាប់​លាន​ដុល្លារ​ពី​អំពើ​កេង​ខាង​លើ​នេះ។

ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​
អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden(ស្ដាំ) និង​លោក Hunter Biden ដែល​ជាកូនប្រុស​របស់​លោក​(ឆ្វេង)

កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​2020​ ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក Trump បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹម​សារ​ថា “ហេតុ​អ្វី​បាន​ជា​ធនាគារ​ជាតិ​ចិន បែរ​ជា​សហការ​ជាមួយ​ Hunter Biden​ ពេល​ដែល​ឪពុក​របស់​គាត់​កំពុង​កាន់​តំណែង​ជា​អនុប្រធានាធិបតី​?”។

ថ្មី​ៗ​នេះ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក Donald Trump យល់​ថា “ប្រទេស​ចិននឹង​គ្រប់​គ្រង​ Joe Biden” នេះ​មាន​ន័យ​ថា បើ​សិន​ជា​លោក Biden ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នា​ខែ​វិច្ឆិកា​ ឆ្នាំ​2020ខាង​មុខ នោះ​​ប្រទេស​ចិន​នឹង​អាច​គ្រប់គ្រប់​សហរដ្ឋ​អាមេរិក​។

ប្រធានាធិបតី​ Donald Trump នៅ​តែ​រិះ​គន់​ជា​ហូរ​ហែ​អំពី​ទំនាក់​ទំនង​រវាង​គូ​ប្រកួត​​របស់​គាត់​ គឺ​លោក Joe Biden ជាមួយ​នឹង​ប្រទេស​ចិន​ ក៏ប៉ុន្តែ លោក​ Trump បាន​ភ្លេច​ថា ខ្លួន​នៅ​ជំពាក់​លុយយ៉ាង​ច្រើន​នៅ​​ធនាគារ​​របស់​ប្រទេស​ចិន​​ ហើយ​ប្រការ​នេះអាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ធំធេង​សម្រាប់​លោក ក្នុងយុទ្ធ​នាការ​រក​សំឡេង​ឆ្នោត​នៅ​ចុង​ឆ្នាំ​2020​នេះ​។

អ្នកជំនាញ​ការ​ Robert Maguire មក​ពី​អង្គ​ការ​ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុសត្រូវ​និង​ក្រម​សីលធម៌​ ប្រចាំ​ទីក្រុង​វ៉ាស៊ីង​តោន បាន​អះអាង​ថា “លោក​ Trump រិះ​គន់​ទៅ​លើ​ការ​រកស៊ី​របស់ Hunter ប៉ុន្តែ​ លោក​ Trump កំពុង​តែ​កាន់​កាប់​ក្រុម​ហ៊ន​ដែល​រក​បាន​ប្រាក់​ចំណេញ​ពី​បណ្ដា​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដែល​លោក​កំពុងតែ​ជំនួស​មុខ​ឱ្យ​ប្រជា​ជន​អាមេរិាំង​ក្នុងការ​ចរចា​នានា​”។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្រោង​អចលន​ទ្រព្យ​ជាន់​ខ្ពស់​2​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ Trump នៅ​ឯ​ អារ៉ាប់​រួម​ (UAE)​ និង​ឥណ្ឌូនេស៊ី បែរ​ជា​កំពុង​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ជាតិ​របស់​ចិន​ទៅ​វិញ​។ លោក​ប្រធានាធិបតី​ Trump និង​កូនស្រី​របស់​គាត់​ គឺ​លោកស្រី​ Ivanka ទទួល​បាន​កម្ម​សិទ្ធិ​លើ​ពាណិជ្ជ​សញ្ញា​រាប់​​រយ​ពី​រដ្ឋាភិបាល​ចិន​ផងដែរ៕

ប្រភព៖ Daily Mail, Politico

Advertisement