សហរដ្ឋ​អាមេរិក​​ “ទាមទារ” ឱ្យ​ចិន​​លុប​ចោល​បំណុល​ដើម្បី​ជា​សំណង​សម្រាប់​ការ​ខាត​បង់​ដោយសារ​ COVID-19

សហរដ្ឋ​អាមេរិក​​

ក្រុម​មន្ត្រី​សេត​វិមាន​បាន​ពិនិត្យ​ទៅ​លើ​គំនិត​មួយ​ដែល​ថា នឹង​ទាម​ទារ​ឱ្យ​មាន​ការ​លុប​ចោល​​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​​​នៃ​បំណុល​​ដែល​មាន​ទំហំ​1.1​លាន​លាន​ដុល្លារ​​ដែល​អាមេរិកាំង​បាន​ខ្ចី​ពី​ចិន​។

ក្រុម​អ្នកវិភាគ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​អាច​នឹង​កាត់​បន្ថយ​បរិមាណ​នៃ​ការ​ក្ដោប​ក្ដាប់​ភាគ​ហ៊ុន​នៅ​ក្នុង​​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដើម្បី​ទប់​ទល់​នឹង​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនកម្ដៅ​​ និង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រទេស​ទាំង​ពីរ​​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​COVID-19។

របាយ​ករណ៍​សារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៅ​សេត​វិមាន​ កំពុង​តែ​ពិភាក្សា​គ្នា​អំពី​​វិធាន​ការសំខាន់​មួយ​ចំនួន​ ដើម្បី​ប៉ះប៉ូវ​ទៅលើ​ប្រាក់​ចំណាយ​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​សុខ​ភាព​ ក្នុង​នោះ​មាន​វិធាន​ការ​លុប​ចោល​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​នៃ​បំណុល​​សរុប​ប្រមាណជា​ជិត​1.1​លាន​លាន​ដុល្លារ​​ ដែល​រដ្ឋា​ភិបាល​អាមេរិកាំង​កំពុង​ជំពាក់​ប្រទេស​ចិន​។

ក្រុម​អ្នក​វិភាគ​យល់​ថា សហរដ្ឋ​អាមេរិក​ពិបាក​ក្នុង​ការ​លើក​ឡើង​​ “ជម្រើស​ធ្ងន់​ធ្ងរ​” បែប​នេះ ព្រោះ​ថា ជាក់​ស្ដែង​គំនិត​នេះ​អាច​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ស្វែងរក​វិធី​ការ​ពារ​ខ្លួន​ពី​ហានិភ័យ​ ដោយ​ធ្វើ​ការ​កាត់​បន្ថយ​ប្រាក់​កម្ចី​សម្រាប់​រដ្ឋាភិបាល​អាមេរិកាំង​។

ប្រការ​ខាង​លើ​អាច​បង្ក​បញ្ហា​ធំ​ដល់​ទីផ្សារ​មូល​បត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​នៅក្នុង​អំឡុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​កំពុង​បង្កើន​ការ​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ថ្មី​ដើម្បី​​យក​ប្រាក់​មក​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាព​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ និង​ប៉ះប៉ូវ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ដែល​បង្កឡើង​ដោយ​មេរោគ​រាត​ត្បាត​នេះ​។

កិច្ច​ពិភាក្សា​ទាក់​ទិន​នឹងបញ្ហា​​ហិរញ្ញ​វត្ថុ​រវាង​ប្រទេសចិន​ និង​សហរដ្ឋ​អាមេរិក​ ត្រូវ​បានក្រុម​មន្ត្រី​អាមេរិកាំង​​​ធ្វើ​ឡើង​ស្រប​​ពេល​ដែល​ប្រធានា​ធិប​តី​ Donald Trump និង​ក្រុម​​មន្ត្រី​រដ្ឋាភិបាល​​ជា​ច្រើន​​រូប​ផ្សេង​ទៀត បាន​រិះ​គន់​ទីក្រុង​ប៉េកាំង​ដែល​បាន​បណ្ដោយ​ឱ្យ​វីរុស​​COVID-19​ ផ្ទុះ​ឆ្លង​រាល​ដាល​​ និង​ព្រមាន​ថា​នឹង​​យក​ពន្ធ​នាំ​ចូល​ថ្មី​ ដើម្បី​ដាក់​ទណ្ឌ​កម្ម​ប្រទេស​ចិន​។

ក្រុម​អ្នក​វិភាគ​បាន​ព្រមាន​ថា “រាល់​សកម្មភាព​ដែល​ធ្វើ​ឡើង​ដើម្បី​លុប​បំណុល​របស់​ចិន​ នឹង​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​​សហរដ្ឋអាមេរិក​។ ព្រោះ​ថា ប្រការ​នោះ​អាច​បំផ្លាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ទៅលើ​សមត្ថភាព​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ពួកគេ​នឹង​​យល់​ថា ប្រទេស​នេះ​មិន​អាច​ទូទាត់​ការ​ចំណាយ​របស់​ខ្លួន​បាន​ ដោយ​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​លុប​បំណុល​របស់​ចិន​”។

ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)
ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)

បញ្ហា​ខាងលើ​ក៏​នឹង​រុញ​ច្រាន​​អត្រា​ការ​ប្រាក់​ឱ្យ​ឡើង​ខ្ពស់​ បណ្ដាល​ឱ្យ​មាន​ការ​ខាត​បង់​ច្រើន​នៅ​ពេល​រដ្ឋាភិបាល​​ ក៏ដូច​ជា​ក្រុម​ហ៊ុន និង​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋ​អាមេរិក​​ត្រូវ​ការ​ប្រាក់​កម្ចី​​ ហើយ​ពេល​នោះ​ បញ្ហា​ទាក់ទិន​ទាំង​ឡាយ​ក៏​នឹង​​កើត​ឡើង​ ​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​​ទៅលើ​ខឿន​សេដ្ឋ​កិច្ច​​សហរដ្ឋ​អាមេរិក​ថែម​​មួយ​កម្រិត​ទៀត​ ខណៈ​ដែល​វា​កំពុង​តែ​ខ្សោយ​ស្រាប់​។

ដំណឹង​ខាង​លើ​នេះ​ ប្រហែល​ជា​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ មាន​ការ​ព្រួយ​បារម្ភ​​អំពី​ហានិភ័យ​​កាន់​តែ​មាន​ច្រើន​ឡើង​ទាក់​ទិន​នឹង​ការ​ដែល​ប្រទេស​ចិន​កំពុង​កាន់​កាប់​ខ្ទង់​បំណុល​ដ៏​ធំ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​ក្នុង​អំឡុង​​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ហាក់​កំពុង​ល្អក់​កករ​យ៉ាង​ឆាប់​រហ័ស​ នេះ​បើ​តាម​មតិ​របស់​​ក្រុម​អ្នក​វិភាគ​។

នៅក្នុង​ទសវត្សរ៍​កន្លង​ទៅ មាន​ការ​អំពាវ​នាវ​ជា​ច្រើន​ដែល​ស្នើ​ឱ្យ​ប្រទេស​ចិន​លុបខ្ទង់​​បំណុល​​ដ៏​ធំ​ដែល​ចិន​បាន​ និង​កំពុង​កាន់​កាប់​​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។

ប្រទេស​ចិន​អាច​សង​សឹក​ចំពោះ​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​​ ដោយ​ការ​បង្ក​ឱ្យ​មាន​វិបត្តិ​​ទាក់​ទិន​នឹង​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ និង​ទីផ្សារ​ហិរញ្ញ​វត្ថុ ដោយ​ការ​បញ្ចេញ​លក់​មូលបត្រ​របស់​ខ្លួន​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។ កត្តា​នេះ​នឹង​រុញ​ច្រាន​តម្លៃ​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ឱ្យ​ធ្លាក់​ចុះ​​ និង​បង្កើត​បាន​ជា​មហន្តរាយ​​ហិរញ្ញ​វត្ថុ​ជា​សកល​។

កន្លង​មក​ ធ្លាប់​មាន​ការ​អំពាវនាវ​ដល់​ប្រទេស​ចិន ឱ្យ​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​ទុន​បម្រុង​នៅ​បរទេស​របស់​ខ្លួន​ដើម្បី​ចៀស​វាង​ហានិភ័យ​​អាក្រក់​កើត​ឡើង​។ បច្ចុប្បន្ន​ ក្នុង​ចំណោម​ទុន​បម្រុង​​អន្តរ​ជាតិ​ចំនួន​3​លាន​លាន​ដុល្លារ​​របស់​ចិន នៅ​បរទេស​ គឺ​មាន​ដល់​ទៅ​1ភាគ3​ឯណោះ​ដែល​នៅក្នុង​រតនាគារ​ជាតិ​នៃ​​សហរដ្ឋ​អាមេរិក​​។

​របាយ​ការណ៍​ថ្មីបំផុត​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា ចំនួន​មូលបត្រ​នៃ​រដ្ឋាភិបាល​អាមេរិកាំង​ដែល​កំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​ចិន បាន​ថយ​ចុះ​មក​នៅ​ត្រឹម​1.09​លាន​លាន​ដុល្លារ​ក្នុង​ខែ​កុម្ភៈ​ គឺ​តិច​ជាង​បើ​ធៀប​នឹង​​1.32​លាន​លាន​ដុល្លារ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2013​។ ប្រទេស​ចិន​ ធ្លាប់​ត្រូវ​បាន​ប្រទេស​ជប៉ុន​នាំ​មុខ​កាល​ពី​ឆ្នាំ​មុន​ ក្នុង​នាម​ជា​ម្ចាស់​បរទេស​ធំបំផុត​របស់​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement